Fresh Exclusive: សាមគ្គី-រឹងប៉ឹង នាំជាតិរស់, ញុះញង់-ជម្លោះ នាំជាតិរលាយ

31-01-2026 18:12

(ភ្នំពេញ)៖ ក្រុមជ្រុលនិយមរស់នៅក្រៅស្រុក កំពុងប្រើប្រាស់ព័ត៌មានមិនពិត ព័ត៌មានបញ្ឆេះកំហឹង និងសម្តីញុះញង់អំពាវនាវ ដើម្បីប៉ុនប៉ងផ្តួលរំលំអំណាចរាជរដ្ឋាភិបាល ដោយយកបញ្ហាទឹកដីធ្វើជាលេសនយោបាយ។ នេះមិនមែនជាការរិះគន់ស្ថាបនា ទេ ប៉ុន្តែជាល្បិចបំបែកជាតិ និងបំផ្លាញស្ថិរភាពរដ្ឋពីខាងក្នុង។ យើងជាកូនខ្មែរ មិនអាច និងមិនបណ្តោយ ឲ្យសម្តីញុះញង់ពីក្រៅប្រទេសធ្វើជា «អាវុធបំបែកបំបាក់» មកវាយប្រហារសង្គមរបស់យើងឡើយ។ នៅក្នុងគ្រាដែលជាតិប្រឈមសម្ពាធ យើងត្រូវឈររួមគ្នាជាធ្លុងមួយ ការពារសាមគ្គីភាព ស្ថិរភាព និងអនាគតរបស់ជាតិ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

នៅពេលបន្ទាត់ព្រំដែន ក្លាយជាដែនកំណត់រវាងការរស់ និងការបាត់បង់របស់ជាតិសង្គ្រាមមិនចាប់ផ្តើមត្រឹមសំឡេងគ្រាប់កាំភ្លើងទៀតទេ។ សមរភូមិថ្មីមួយកំពុងរីករាលដាលរាល់ថ្ងៃ នៅលើទូរស័ព្ទដៃ នៅលើបណ្តាញសង្គម និងនៅក្នុងអារម្មណ៍របស់មនុស្ស។ ក្នុងសមរភូមិនេះ មនុស្សម្នាក់ មិនចាំបាច់កាន់អាវុធក៏អាច «បាញ់» បានដោយពាក្យព័ត៌មានកុហក និងសម្តីញុះញង់ ដែលគោលដៅមិនមែនការពារទឹកដីទេ ប៉ុន្តែបំបែកជាតិពីខាងក្នុង និងបំផ្លាញសាមគ្គីភាពសង្គម។

នៅពេលកម្ពុជា កំពុងប្រឈមមុខនឹងសម្ពាធពីខាងក្រៅ សន្តិសុខជាតិមិនអាស្រ័យលើអាវុធ ឬយោធាប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យយ៉ាងខ្លាំងលើសាមគ្គីភាពជាតិ និងស្ថិរភាពនៃការដឹកនាំ។ ការញុះញង់ឲ្យ «ទម្លាក់» ឬ «ប្ដូរអំណាច» ដោយភ្ជាប់ជាមួយបញ្ហាទឹកដី គឺជារូបមន្តគ្រោះថ្នាក់បំផុត ដែលអាចបម្លែងវិបត្តិព្រំដែន ទៅជាវិបត្តិរដ្ឋនិងជាផ្លូវខ្លីបំផុតនាំឱ្យជាតិបាត់បង់ទាំងអនាគត ទាំងសមត្ថភាពការពារទឹកដីរបស់ខ្លួនប្រសិនបើសង្គមមើលរំលងគ្រោះថ្នាក់នេះ។

* ពីព័ត៌មានកុហក ដល់សម្តីញុះញង់៖ ល្បិចបំផ្លាញសាមគ្គី និងបំផ្លាញរដ្ឋពីខាងក្នុង
ប៉ុន្មានថ្ងៃចុងក្រោយនេះ ការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ក្រុមជ្រុលនិយមខ្មែរនៅក្រៅស្រុក បានបង្ហាញលំនាំច្បាស់លាស់ នៃការប្រើព័ត៌មានមិនពិត សម្តីបញ្ឆេះកំហឹង និងការអំពាវនាវឲ្យផ្តួលរំលំអំណាចរាជរដ្ឋាភិបាល ដោយយកបញ្ហាទឹកដីធ្វើជាលេសនយោបាយ។ ព័ត៌មានទាំងនេះ មិនត្រឹមតែបំភ្លៃការពិតទេ ប៉ុន្តែថែមទាំងបន្តុះបង្អាប់សមត្ថភាពរដ្ឋ ដែលកំពុងប្រើប្រាស់ធនធាន និងលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីការពារទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋ ទោះបីជាការគំរាមកំហែងពីសត្រូវខាងក្រៅកើនឡើងយ៉ាងណាក៏ដោយ។

សម្តីប្រមាថ និងការញុះញង់ទាំងនេះ មិនអាចចាត់ទុកថាជាការរិះគន់ធម្មតាបានឡើយ ប៉ុន្តែជាទម្រង់មួយ នៃសង្គ្រាមព័ត៌មាន ដែលមានគោលបំណងច្បាស់ ក្នុងការបំបែកសាមគ្គីភាព បំផ្លាញទំនុកចិត្តសង្គម និងរំខានដល់ស្ថិរភាពរដ្ឋពីខាងក្នុង។

ល្បិចប្រើព័ត៌មានដុតបញ្ឆេះកំហឹងនេះ មានឧបាយកលច្បាស់លាស់ថា៖ បើទំនុកចិត្តលើរដ្ឋត្រូវបានបំផ្លាញ សង្គមនឹងបែកបាក់ បើសង្គមបែកបាក់ សមត្ថភាពការពារជាតិ នឹងខ្សោយ ហើយនៅពេលសមត្ថភាពនោះខ្សោយ សត្រូវខាងក្រៅនឹងឆ្លៀតឱកាសវាយប្រហារបានយ៉ាងងាយស្រួល។

ដូច្នេះហើយ នៅពេលសង្គមបែកបាក់ សត្រូវខាងក្រៅ មិនចាំបាច់ឈ្នះដោយការប្រើអាវុធឡើយ ជាតិអាចចាញ់ដោយ ខ្លួនឯង តាមរយៈការរលាយនៃសាមគ្គីភាព និងការបាត់បង់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នរដ្ឋ។ ដូច្នេះ យើងជាកូនខ្មែរមិនត្រូវចាញ់ឧបាយកល សម្តីញុះញង់របស់ក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចនោះឡើយ។

* សង្គ្រាមសម័យថ្មី៖ អាវុធមួយឈ្មោះ «ព័ត៌មាន»
នៅលើពិភពលោក ស្ថាប័នអន្តរជាតិជាច្រើនបានព្រមានជាបន្តបន្ទាប់ថា ព័ត៌មានបំភ្លៃ ព័ត៌មានញុះញង់ និងសម្តីបំបែកបាក់ អាចបំផ្លាញសាមគ្គីភាពសង្គម និងបំផ្លាញស្ថិរភាពរដ្ឋ មិនខុសពីអាវុធប្រភេទមួយផ្សេងទៀតឡើយ។ ក្នុងសង្គ្រាមសម័យថ្មីនេះ ព័ត៌មានត្រូវបានបម្លែងពីឧបករណ៍ផ្សព្វផ្សាយ ទៅជាអាវុធវាយប្រហារផ្លូវចិត្ត និងផ្លូវនយោបាយ ដែលអាចធ្វើឱ្យសង្គមរងរបួសដោយមិនចាំបាច់បាញ់គ្រាប់កាំភ្លើងតែម្តង។

មើលមួយភ្លែត ព័ត៌មានមិនពិតទាំងនេះ អាចធ្វើឱ្យមនុស្សមួយចំនួនគិតថា វាមិនគ្រោះថ្នាក់អ្វីឡើយ។ ប៉ុន្តែពេលវាត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ ដោយគ្មានការបំភ្លឺ ឬការពន្យល់តបឱ្យទាន់ពេលវេលា វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាមិនខាន។ ការអត់ឆ្លើយតប ឬការមើលរំលងព័ត៌មានមិនពិតទាំងនេះ គឺស្មើនឹងការទុកឱ្យវាបង្កើត ភាពបែកបាក់ ភាពសង្ស័យគ្នា និងការមិនទុកចិត្តលើស្ថាប័នរដ្ឋ អ្វីដែលជាគ្រាប់បែកពេលវេលាសម្រាប់សន្តិសុខជាតិ។

ហេតុអ្វីបានជាវាគ្រោះថ្នាក់ដល់ថ្នាក់នេះ?

ពីព្រោះនៅពេលសង្គមបែកបាក់ សត្រូវខាងក្រៅមិនចាំបាច់ឈ្នះយើងដោយអាវុធ ឬដោយកម្លាំងយោធាឡើយយើងអាចចាញ់ដោយ ខ្លួនឯង តាមរយៈការខ្សោយផ្លូវចិត្ត ការបាត់បង់សាមគ្គីភាព និងការរលាយនៃការទុកចិត្តគ្នា។

* ការប្ដូរអំណាចដោយការញុះញង់ មិនមែនជាវិធីការពារទឹកដីទេ
នៅក្នុងគ្រាដែលប្រទេសជាតិរងវិបត្តិ ការរក្សាតុល្យភាពមួយត្រូវប្រកាន់ខ្ជាប់ឲ្យបានរឹងមាំ នោះគឺការរិះគន់ត្រូវភ្ជាប់ដោយភស្តុតាង មិនមែនជាសិទ្ធិនិយាយដោយគ្មានការទទួលខុសត្រូវទេ។ ការប្រើព័ត៌មានបំភ្លៃសភាពការណ៍ពិត និងសម្តីញុះញង់អំពាវនាវឲ្យផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលជាតិប្រឈមសង្គ្រាម គឺជាឧបាយកលដ៏ពិសពុល ដែលអាចបំផ្លាញស្ថិរភាព និងសាមគ្គីភាពជាតិ។ សម្តីញុះញង់ឲ្យ «ប្ដូរអំណាច» ដោយយកបញ្ហាទឹកដីធ្វើជាលេសនយោបាយ មិនមែនជាវិធីការពារទឹកដីទេ។ ផ្ទុយទៅវិញ វាជាការបម្លែងវិបត្តិជាតិ ទៅជាឧបករណ៍នយោបាយ ដែលបង្កឱ្យសង្គមបែកបាក់ និងធ្វើឱ្យសមត្ថភាពការពារជាតិខ្សោយចុះ។ ក្នុងប្រវត្តិសាស្ត្រថ្មី ក៏មិនមានភស្តុតាងណាមួយបញ្ជាក់ថា ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី និងបក្ខពួកធ្លាប់បានបំពេញភារកិច្ចការពារទឹកដី ឬមានតួនាទីជាក់ស្តែងក្នុងការដោះស្រាយវិបត្តិជាតិ នៅពេលប្រទេសប្រឈមសង្គ្រាមឡើយ។

ជាក់ស្តែងការធ្វើនយោបាយពីក្រៅប្រទេស ដោយប្រើសម្តីញុះញង់របស់ក្រុមប្រឆាំងទាំងនេះ មិនត្រឹមតែបន្សល់ទុកឱ្យសកម្មជនរបស់ខ្លួនរងផលប៉ះពាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនដែលបានបង្ហាញការទទួលខុសត្រូវរបស់មេខ្លោងនៃក្រុមប្រឆាំងទាំងនោះ ចំពោះសុខទុក្ខ និងវាសនារបស់សកម្មជនដែលរងគ្រោះឡើយ។ ទម្រង់នយោបាយបែបនេះ ផ្អែកលើការបញ្ឆេះអារម្មណ៍ និងការបោកប្រាស់សាធារណៈ ជាងការផ្តល់ដំណោះស្រាយជាក់ស្តែង និងទទួលខុសត្រូវចំពោះប្រយោជន៍ជាតិ។

ដូច្នេះ ប្រជាពលរដ្ឋមិនគួរជឿលើសម្តីញុះញង់ ដែលប៉ុនប៉ងបំផ្លាញស្ថិរភាព និងសាមគ្គីភាពជាតិឡើយ។ យើងត្រូវចងចាំថា បើយើងបណ្តោយឱ្យអំពើញុះញង់ជ្រៀតចូលគ្រប់គ្រងអារម្មណ៍សង្គម នោះក្តីសង្ឃឹម និងស្ថិរភាពរបស់សង្គមជាតិ អាចនឹងរលាយជាមិនខាន។ ការការពារទឹកដី និងអនាគតជាតិ ត្រូវការសាមគ្គីភាព ស្ថិរភាព និងការទទួលខុសត្រូវ មិនមែនសម្តីញុះញង់ ដែលបង្កឲ្យសង្គមបែកបាក់គ្នានោះទេ។

* ដើម្បីរក្សាសាមគ្គីភាពរឹងមាំ តើយើងឆ្លើយតបយ៉ាងណា?
ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់យើងជាកូនខ្មែរ រួមគ្នាជាធ្លុងមួយ និងប្រើសាមគ្គីភាពជាខែលការពារ ដើម្បីរារាំងរាល់ឥទ្ធិពលអវិជ្ជមានដែលប៉ុនប៉ងបំផ្លាញសង្គមជាតិ។ ការឆ្លើយតបដែលឆ្លាតវៃ និងមានការទទួលខុសត្រូវ មិនមែនជាការចូលរួមក្នុង «សង្គ្រាមពាក្យសម្តី» ឬការជេរតប ដោយអារម្មណ៍ឡើយ ប៉ុន្តែជាការបិទច្រកឲ្យព័ត៌មានបំភ្លៃ មិនឲ្យវាចួលមកគ្រប់គ្រងអារម្មណ៍សាធារណៈ។

ដើម្បីឲ្យសាធារណៈយល់ច្បាស់ យើងម្នាក់ៗគប្បីជួយពន្យល់អំពីកលល្បិច ៣យ៉ាង ដែលក្រុមប្រឆាំងប្រើប្រាស់ ដើម្បីបំផ្លាញស្ថិរភាពនិងសាមគ្គីភាពជាតិ៖
- ល្បិចបំបែក៖ បំបែក «ជាតិ» ឱ្យដាច់ពី «រដ្ឋ» ដើម្បីធ្វើឱ្យសង្គមខ្សោយ និងបាត់បង់ទំនុកចិត្តលើស្ថាប័ន។
- ល្បិចបំភ្លៃ៖ ប្រើពាក្យធ្ងន់ៗ និងសម្តីបញ្ឆេះកំហឹង ដោយមិនបង្ហាញភស្តុតាង ឬបំភ្លៃការពិត។
- ល្បិចប្ដូរគោលដៅ៖ នៅពេលជាតិប្រឈមសម្ពាធពីខាងក្រៅ ពួកគេបែរជាបញ្ជូនកំហឹងមកខាងក្នុង ដើម្បីរកផលចំណេញនយោបាយផ្ទាល់ខ្លួន។

សង្គមរឹងមាំ មិនមែនជាសង្គមដែលបិទមាត់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់ឡើយ ប៉ុន្តែជាសង្គមដែល និយាយដោយភស្តុតាង គិតដោយហេតុផល និងទទួលខុសត្រូវចំពោះពាក្យសម្តី។ ជាក់ស្តែងស្ថាប័នអន្តរជាតិដូចជា OECD ដែលជាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និង UNESCO ក៏តែងលើកទឹកចិត្តឲ្យប្រទេសនានា បង្កើតប្រព័ន្ធការពារប្រឆាំងព័ត៌មានបំភ្លៃ ដោយលើកកម្ពស់ភាពទូលំទូលាយនៃព័ត៌មាន ការអប់រំសារព័ត៌មាន និងការពង្រឹងសមត្ថភាពគិតវិភាគរបស់ប្រជាពលរដ្ឋ។

ជាសរុបការរក្សាសាមគ្គីភាពជាតិ មិនមែនជាការស្ងៀមស្ងាត់ទេ ប៉ុន្តែជាការឈរយ៉ាងរឹងមាំលើការពិត ភស្តុតាង និងទំនួលខុសត្រូវ។ នៅពេលប្រជាជនយល់ដឹង និងរួមគ្នាជាធ្លុងមួយព័ត៌មានបំភ្លៃ និងសម្តីញុះញង់ នឹងបាត់អំណាចដោយខ្លួនឯង។

ក្នុងសេចក្តីសន្និដ្ឋាន៖ នៅថ្ងៃនេះ សង្គ្រាមមិនត្រឹមតែបាញ់នៅលើដីប៉ុណ្ណោះទេ វាបាញ់លើ «ការជឿ» និង «ការទុកចិត្ត» របស់សង្គម។ ដូច្នេះការពារទឹកដី មិនមែនជាការប្រយុទ្ធរបស់យោធាប៉ុណ្ណោះទេ ប៉ុន្តែជាការរក្សា ស្ថិរភាពរដ្ឋ សាមគ្គីភាពជាតិ និងការយល់ដឹងសាធារណៈ។ ប្រទេសណាដែលបែកបាក់ពីខាងក្នុង ប្រទេសនោះ ងាយបាត់បង់អនាគត។ ផ្ទុយទៅវិញ ប្រទេសណាដែលរឹងមាំដោយសាមគ្គីភាព ប្រទេសនោះមានកម្លាំងគ្រប់គ្រាន់ ដើម្បីទប់ស្កាត់សម្ពាធក្រៅ និងការពារទឹកដីបានយូរអង្វែង។

សារដែលយើងទាំងអស់គ្នាជាកូនខ្មែរ ត្រូវនិយាយក្នុងពេលនេះគឺ ការការពារទឹកដី ត្រូវការសាមគ្គីភាពជាតិជាមុនគេ។ យើងមិនបណ្តោយឲ្យសត្រូវប្រើសម្តីញុះញង់បង្ក «ការបែកបាក់» ធ្វើជាអាវុធសម្លាប់យើងឡើយ។ នៅពេលជាតិប្រឈមវិបត្តិ យើងជាកូនខ្មែរ ត្រូវឈរយ៉ាងរឹងមាំនិងជឿជាក់លើស្ថាប័នដឹកនាំជាតិ និងសាមគ្គីភាព ដើម្បីឲ្យប្រទេសមានកម្លាំងការពារ និងមានទិសដៅច្បាស់លាស់។ យើងត្រូវចងចាំពាក្យថា «សាមគ្គី-រឹងប៉ឹង នាំជាតិរស់, ញុះញង់-ជម្លោះ នាំជាតិរលាយ» ៕