លោក ម៉ម ប៊ុននាង នាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

31-01-2026 18:40

(ភ្នំពេញ)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ក្នុងទំហំទឹកប្រាក់ប្រមាណជាង មួយលាន ពីរសែនដុល្លារអាមេរិក ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉ុល លឹម រួមជាមួយសមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តជាច្រើនរូប ស្ថិតនៅសាលាខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកប ដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ព្រមទាំងជូនចំពោះគ្រួសារវីរៈកងទ័ពទាំងអស់ និងជនភៀសសឹកទាំងអស់។

លោកប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំណត់ ការងារអាទិភាពចម្បងចំនួនពីរគឺ ទី១.ត្រូវចុះជាប់ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជន និងទី២.ការលើកកម្ពស់ការងារការទូតសភា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេសឱ្យបានកាន់តែប្រសើរ និងស្វែងរកដំណោះស្រាយបញ្ហានានា រួមទាំងបញ្ហាព្រំដែនក ម្ពុជា ថៃ ប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងប្រកាន់ជំហរថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ។

អំណោយមនុស្សធម៌ដែលយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាបនាឱកាសនោះ គឺសុទ្ធ សឹងជាឱសថសម្រាប់ព្យាលបាលជំងឺមិនឆ្លង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលឆ្លើយតបនឹងសំណើរបស់រដ្ឋបាលខេត្តនាពេលកន្លងមក។ អំណោយទាំងអស់នេះ គឺជាមិទ្ធផលនៃការអនុវត្តការងារជាអាទិភាពទាំងពីររបស់ ស ម្តេចប្រធានព្រឹទ្ធសភា និងការអនុវត្តអនុស្សារណៈនៃការយោគយល់រវាងគណៈកម្ម ការទី១០ ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ក្រោមការជួយសម្របសម្រួលប្រក បដោយប្រសិទ្ធ ភាពរបស់ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម Min Byoung Jang ជានាយកសាខាមូលនិធិចែករំលែកសង្គ្រោះជីវិតសកលប្រចាំនៅកម្ពុជា និងលោក សុខ សំណាងជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា។

តាងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសលោក ម៉ម ប៊ុននាង និងគណៈកម្មការទី១០ព្រឹទ្ធសភា ព្រមទាំងមូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ លោកអភិបាលរងខេត្ត បានប្តេជ្ញាថា នឹងគ្រប់គ្រង បែងចែកអំណោយទាំងអស់នេះ ឱ្យដល់ដៃអាជ្ញាធរ និងប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងជនភៀសសឹក ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្ន។ អំណោយមនុស្សធម៌របស់ព្រឹទ្ធសភា និងរបស់មូលនិធិ(GLS) នាពេលនេះ គឺពិតជាមានសារៈសំខាន់ ហើយត្រូវនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តសៀមរាប។

សូមរំលឹកថា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកដំបូងលើអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីការផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា នៅឆ្នាំ២០២២ សម្រាប់រយៈពេល៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ស្មើនឹង ១០លានដុល្លារសហរដ្ឋអាមេរិក។ ដោយមើលឃើញប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ និងបែងចែងអំណោយមនុស្សធម៌នាពេលកន្លងមក នៅឆ្នាំ២០២៤ គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសកលនៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈជាលើកទី២ សម្រាប់អនុវត្តរយៈពេល០៥ឆ្នាំបន្ថែម ទៀត(២០២៥ -២០២៩) ដែលមានទឹកប្រាក់កើនឡើងសរុបចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិក ។ ជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល(GLS) នៃសាធារណរដ្ឋកូរ៉េ រួមមានៈ ឱសថ ឧបករណ៍ វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។ គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួយមនុស្សធម៌ចំនួន ១៦លើករួចមកហើយ។