មន្ដ្រីជាន់ខ្ពស់៖ អំពាវនាវដល់សិស្សានុសិស្សប្រឡងចូលរៀនពេទ្យគ្រប់រូប សូមពឹងលើសមត្ថភាព, គ្មានកិច្ចអន្ដរាគមន៍ណាមួយកើតមាននោះឡើយ អ្នកចេះគឺជាប់ និងជាប់ដោយកិត្ដិយស ហើយអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្ដ

31-01-2026 18:59

(ភ្នំពេញ)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានថ្លែងអំពាវនាវដល់សិស្សានុសិស្សទូទាំងប្រទេស ទាំងអ្នកចូលរូមប្រឡងចូលរៀនពេទ្យនៅពេលនេះ ក៏ដូចជាអ្នកប្រឡងជំនាន់ក្រោយៗទៀតថា គឺមានតែសមត្ថភាព និងចំណេះវិជ្ជាផ្ទាល់ខ្លួនតែមួយគត់ដែលអាចធានាឱ្យទទួលបានជោគជ័យ ក្នុងដំណើរជីវិតរបស់គាត់ សូមកុំឱ្យគាត់មានការពឹងទៅមាតាបិតា ដើម្បីចាំនូវកិច្ចអន្ដរាគមន៍ ឬប្រ៊ីយ៉ុងចម្លងពេលប្រឡង សូមកុំឱ្យមានទស្សនបែបនេះ គឺពេលប្រឡងអត់មានទេ ទាំងឯកសារចម្លង ឬកិច្ចអន្ដរាគមន៍ណាមួយនោះដល់បេក្ខជនពេលប្រឡង គឺមិនមានជាដាច់ខាត។

មន្ដ្រីជាន់ខ្ពស់រូបនេះបានលើកឡើងទៀតថា «សូមមានជំនឿលើគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ជាយន្តការអន្តរក្រសួង ដែលមានទីស្តីការគណ:រដ្ឋមន្ត្រី គឺនឹងធានាឱ្យកិច្ចដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្ដិធម៌ ជូនដល់បេក្ខជន ដែលជាកូនចៅប្រជាពលរដ្ឋយើងទាំងអស់គ្នា គឺធានាឱ្យបានថា អ្នកជាប់ គឺជាប់ដោយសមត្ថភាព ជាប់ដោយកិត្ដិយស ហើយអ្នកធ្លាក់ គឺធ្លាក់ដោយអស់ចិត្ដ ដែលស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះកិច្ចការដំណើរការនេះ គឺមានការទទួលខុសត្រូវខ្ពស់ដោយមានការចូលរួមពីអ្នកសង្កេតពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ហើយកិច្ចដំណើរការប្រឡងនេះ គឺធ្វើយ៉ាងណាអ្នកមានសមត្ថភាពពិតប្រាកដបានជាប់ នឹងបានចូលរៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលទាំងរដ្ឋ និងឯកជន»។

ការថ្លែងយ៉ាងដូច្នេះរបស់លោក សុក ផេង ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦
នាសម័យប្រឡង ថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានបេក្ខជនជាង ៥ពាន់ចូលរួមប្រឡង។

លោករដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានថ្លែងបន្ដថា បេក្ខជនប្រឡងនៅពេលនេះ គឺមាន ៥,៧៥៥នាក់ ចែកចេញជា១៤៥បន្ទប់ អ្នកដែលជាប់នឹងត្រូវទៅរៀនទៅតាមគ្រឹះស្ថានសិក្សានៃវិស័យសុខាភិបាល ទាំងរដ្ឋ និងឯកជន។

លោកបានគូសបញ្ជាក់ទៀតថា «ដូច្នេះ​រាល់ការប្រឡងគឺយើងរើសអ្នកមានសមត្ថភាពពិតប្រាកដ និងត្រូវការឱ្យបេក្ខជនមានតម្លៃសីលធម៌ខ្ពស់ គោរពនូវបទបញ្ជាផ្ទៃក្នុងនៃការឡង ហើយនៅពេលរៀនពេទ្យចប់ គឺត្រូវឆ្លងកាត់ការប្រឡងចេញម្ដងទៀត ដូចពេលប្រឡងចូលរៀនផងដែរ គឺធានានូវតម្លាភាព និងយុត្ដិធម៌ បើអ្នកមិនចេះ គឺត្រូវប្រឡងធ្លាក់ ហើយចាំប្រឡងម្ដងទៀត ទាល់តែប្រឡងជាប់ទើបអាចប្រកបវិជ្ជាជីវៈពេទ្យបាន»។

សូមជម្រាបថាគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសំណេរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងថ្នាក់ជាតិចូលរៀននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជ្រើសរើសនិស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាលប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។

យោងសេចក្តីជូនដំណឹងលេខ ២២០/២៥ គបជ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ស្តីពីការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ សម្រាប់កម្រិតបរិញ្ញាបត្ររងមានបេក្ខជនចំនួន ៥,៨០២នាក់ បានដាក់ពាក្យចូលរួមប្រឡងតាមប្រព័ន្ធអនឡាញ។ ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ៥,៧៥៥នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន ដោយបែងចែកជា១៤៥បន្ទប់។

ការប្រឡងនេះនឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៖
* ចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៤ និង៣០នាទី ប្រឡងមុខវិជ្ជាជីវវិទ្យា
* ចាប់ពីម៉ោង១៥ និង៣០នាទី ដល់ម៉ោង១៦ និង៣០នាទី ប្រឡងមុខវិជ្ជាគីមីវិទ្យា
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦៖
*ចាប់ពីម៉ោង១៤ និង០០នាទី ដល់ម៉ោង១៥ និង០០នាទី ប្រឡងមុខវិជ្ជាគណិតវិទ្យា។គណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន១ ១៩០នាក់ ត្រូវបានចាត់តាំងឡើង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
មុនដំណើរការប្រឡង គណៈកម្មាធិការប្រឡងថ្នាក់ជាតិបានរៀបចំការប្រជុំចំនួន២ថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីណែនាំតួនាទីភារកិច្ចដល់គ្រប់គណៈកម្មការ និងអនុគណៈកម្មការនានាឱ្យយល់ច្បាស់ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕