ស្ថាបនិក Telegram និងកំពូលមហាសេដ្ឋី Elon Musk ព្រួតគ្នាវាយប្រហារ WhatsApp ថា «គ្មានសុវត្ថិភាព»
31-01-2026 20:31
(បរទេស)៖ ពិភពបច្ចេកវិទ្យាកំពុងឡើងកម្ដៅខ្លាំង បន្ទាប់ពីស្ថាបនិកកម្មវិធី Telegram លោក Pavel Durov និងមហាសេដ្ឋី Elon Musk បានចេញមុខរិះគន់យ៉ាងធ្ងន់ៗទៅលើប្រព័ន្ធសុវត្ថិភាពរបស់ WhatsApp ថាជាការភូតកុហក ខណៈដែលក្រុមហ៊ុន Meta កំពុងជាប់ដៃដោះស្រាយបណ្ដឹងអាស្រូវនៃការលួចមើលសារអ្នកប្រើប្រាស់។
កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ លោក Pavel Durov បានបង្ហោះសារលើបណ្ដាញសង្គម X ក្នុងភាសាមិនគួរឱ្យជឿថា៖ «អ្នកច្បាស់ជា "ខួរក្បាលងាប់" (Braindead) ហើយ បើនៅតែជឿថា WhatsApp មានសុវត្ថិភាពក្នុងឆ្នាំ ២០២៦ នេះ»។ លោកអះអាងថា តាមការវិភាគបច្ចេកទេសរបស់ Telegram បានរកឃើញថា ប្រព័ន្ធអ៊ីនគ្រីប (Encryption) របស់ WhatsApp មានចន្លោះប្រហោងជាច្រើន (Attack Vectors) ដែលអនុញ្ញាតឱ្យមានការលួចចូលមើលទិន្នន័យបាន។
ការរិះគន់នេះកើតឡើងស្របពេលមានបណ្ដឹងជាក្រុម (Class-action lawsuit) មួយត្រូវបានដាក់ទៅតុលាការសហរដ្ឋអាមេរិកក្នុងទីក្រុង San Francisco ប្រឆាំងនឹង Meta។ ដើមបណ្ដឹងដែលមកពីប្រទេស ឥណ្ឌា ប្រេស៊ីល អូស្ត្រាលី ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង បានចោទប្រកាន់ថាការផ្សព្វផ្សាយថា WhatsApp មានប្រព័ន្ធ End-to-End Encryption (E2EE) គឺជាការភូតកុហក។ យោងតាមសាក្សីផ្ទៃក្នុង (Whistleblowers) បុគ្គលិក Meta អាចប្រើប្រាស់ឧបករណ៍ "Widget" ពិសេសដើម្បីទាញយកសាររបស់អ្នកប្រើប្រាស់មកមើលក្នុងពេលជាក់ស្ដែង (Real-time) ដោយគ្រាន់តែប្រើ User ID ប៉ុណ្ណោះ។ Meta ត្រូវបានចោទថាបានរក្សាទុក និងវិភាគខ្លឹមសារសារឯកជន ដើម្បីបម្រើឱ្យប្រយោជន៍ពាណិជ្ជកម្ម និងការតាមដានផ្ទៃក្នុង។
ម្ចាស់ក្រុមហ៊ុន X លោក Elon Musk ក៏បានចូលរួមគាំទ្រមតិរបស់ Durov ដោយសរសេរថា៖ «WhatsApp គឺមិនមានសុវត្ថិភាពទេ។ សូម្បីតែ Signal ក៏នៅមានមន្ទិលសង្ស័យដែរ។ សូមប្រើ XChat ជំនួសវិញ»។ ការលើកឡើងនេះបានធ្វើឱ្យសាធារណជនកាន់តែមានការសង្ស័យលើសុវត្ថិភាពនៃកម្មវិធីផ្ញើសារធំៗក្នុងលោក។
ប្រឈមមុខនឹងការចោទប្រកាន់នេះ លោក Will Cathcart ប្រធានគ្រប់គ្រង WhatsApp បានឆ្លើយតបវិញថា ការចោទប្រកាន់ទាំងនេះគឺជា «រឿងប្រឌិត» និងគ្មានមូលដ្ឋានបច្ចេកទេសទាល់តែសោះ៖ WhatsApp ប្រើប្រាស់ប្រព័ន្ធ Signal Protocol ដែលជាស្ដង់ដារពិភពលោក ហើយកូនសោរអ៊ីនគ្រីប (Keys) ត្រូវបានរក្សាទុកតែលើទូរស័ព្ទអ្នកប្រើប្រាស់ប៉ុណ្ណោះ។
Meta បានហៅបណ្ដឹងនេះថាជាការប៉ុនប៉ងទាញយកប្រជាប្រិយភាព និងបានព្រមានប្ដឹងបកវិញចំពោះមេធាវីដែលដាក់ពាក្យបណ្ដឹងនេះ។
ហេតុអ្វីបានជា Pavel Durov ប្រើសម្ដីធ្ងន់ៗម្ល៉េះ? លោក Durov តែងតែរិះគន់ WhatsApp ជាយូរមកហើយ ប៉ុន្តែលើកនេះលោកប្រើពាក្យ "Braindead" ដើម្បីទាក់ទាញចំណាប់អារម្មណ៍សកលមកលើបណ្ដឹងថ្មីដែលអះអាងថាមានសាក្សីផ្ទៃក្នុងពី Meta៕





