រដ្ឋមន្ត្រី ហួត ហាក់ សាទរជាមួយម្ចាស់ជ័យលាភីកម្ពុជាទាំងអស់ ដែលបានទទួលពានរង្វាន់ទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ នៅហ្វីលីពីន
01-02-2026 08:39
(ហ្វីលីពីន)៖ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ តំណាងរដ្ឋបាលខេត្តចំនួន៥ និងវិស័យឯកជនផ្នែកបដិសណ្ឋារកិច្ច និងសេវាស្នាក់នៅដែលជាបេក្ខជនជ័យលាភី ចូលរួមនៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ២០២៦។
សូមបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងនៅក្នុងគោលបំណងពង្រឹងស្តង់ដាទេសចរណ៍អាស៊ានទៅតាមប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ។ ពានរង្វាន់ទេសចរណ៍អាស៊ាន នៅឆ្នាំ២០២៦ មានចំនួន ២១១ពានរង្វាន់ បែងចែកជា៩ ប្រភេទ។
ជាមួយគ្នានេះ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន កម្ពុជា ទទួលបានពានរង្វាន់សរុបចំនួន ២៧ ក្នុងនោះ៖ ១៖ ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ៥ជ័យលាភី (សៀមរាប, ស្ទឹងត្រែង, កំពង់ចាម, បាត់ដំបង, ព្រះសីហនុ), ២៖ ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន ៥ ជ័យលាភី, ៣៖ ស្តង់ដា MICE អាស៊ាន ប្រភេទបន្ទប់ប្រជុំ ចំនួន៥ ជ័យលាភី, ៤៖ ស្តង់ដា MICE អាស៊ាន ប្រភេទសាលពិព័រណ៍ ចំនួន៥ ជ័យលាភី, ៥៖ ស្តង់ដា MICE អាស៊ាន ប្រភេទសាលរៀបចំព្រឹត្តិការណ៍ ចំនួន៥ ជ័យលាភី, ៦៖ ស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ប្រភេទទីប្រជុំជន) ចំនួន១ ជ័យលាភី, ៧៖ ស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ប្រភេទជនបទ) ចំនួន១ ជ័យលាភី។
កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងការផ្តល់សេវាកម្មប្រកបដោយគុណភាព បដិសណ្ឋារកិច្ចល្អ និងផ្តល់ភាពកក់ក្តៅ៕
















