វីរកងទ័ព ផល សំណាង ដែលរងរបួសធ្ងន់នៅសមរភូមិមុខកន្លងទៅ បានទទួលថវិកាជាអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

01-02-2026 14:45

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បាននាំយកថវិកាចំនួន ៥០លានរៀល ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនដល់វីរកងទ័ព ផល សំណាង ដែលរងរបួសធ្ងន់នៅសមរភូមិមុខ ក្នុងបុព្វហេតុការពារប្រជាជន ការពារដែនអធិបតេយ្យជាតិ និងប្រឆាំងការឈ្លានពាន បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

មានមតិសំណេះសំណាលនាឱកាសនោះ លោក សរ សុពុត្រា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចកិត្តព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក ផល សំណាង វីរកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសនៅគេហដ្ឋានក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក អភិបាលខេត្តបានលើកឡើងថា ក្នុងរយៈពេលដែលមានការបាញ់ឈ្លានពានពីទ័ពថៃ មកលើកម្ពុជា នាពេលកន្លងមក សម្តេចតេជោ និងសម្តេចធិបតី បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាក្នុងការរកដំណោះស្រាយបញ្ចប់នៃការឈ្លានពាននេះ។

ទន្ទឹមនឹងនោះដែរ ការគិតគូរពីសុខទុក្ខរបស់ពលរដ្ឋភៀសសឹក និងវីរកងទ័ពត្រូវបានយកចិត្តទុកដាក់ជាចម្បង ដោយមិនទុកចោលពលរដ្ឋភៀសសឹក និងវីរកងទ័ពទាំងអស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ជាក់ស្តែងនាពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ក៏បានផ្តល់នូវថវិកា សម្រាប់ចំណាយផ្សេងៗក្នុងពេលសម្រាកព្យាបាលនេះ ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានសំដែងនូវការគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ដែលបានលះបង់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដែលវីរភាពនេះប្រជាពលរដ្ឋទូទាំងប្រទេសនឹងចងចាំជានិច្ច៕