ដំណើរឡើងភ្នំខ្នងផ្សារកាន់តែលឿន និងងាយស្រួល ក្រោយផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗត្រូវបានសាងសង់ និងរៀបចំ

01-02-2026 15:07

(កំពង់ស្ពឺ)៖ ការធ្វើដំណើរឡើងភ្នំខ្នងផ្សារដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង​នៅចំណុចប្រសប់នៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់នោះ មានភាពកាន់តែងាយ​ស្រួល និងលឿនជាងពេលមុន បន្ទាប់ពីផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានសាង​សង់។

ពីមុនគេត្រូវចំណាយពេលជាច្រើនម៉ោងពីភូមិឋានប្រជាពលរដ្ឋភូមិតាំងបំពង់ ទៅកាន់​ជើង​ភ្នំ ព្រោះផ្លូវលំបាកខ្លាំង។ តែពេលបច្ចុប្បន្នផ្លូវពីភូមិតាំងបំពង់ទៅជើងភ្នំ ត្រូវបានឈូស​ឆាយ​រួចរាល់ គេអាចជិះរថយន្តពីភូមិ ទៅកាន់ជើងភ្នំក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នៅ​ពេល​ខាង​មុខកំណាត់ផ្លូវនេះ ​បន្តក្រាលកៅស៊ូ​ដោយ​ក្រសួងអភិវឌ្ឍន៍ជនបទថែមទៀតផង។

នៅជើងភ្នំឯណោះវិញ ក៏មានការរៀបចំជាទីសំចតសម្រាប់អ្នកទេសចរណ៍ រួមមាន​មណ្ឌល​ព័ត៌​មាន​ជាមួយទីសង្គ្រោះបន្ទាន់ ផ្សារសហគមន៍ ហាង​កាហ្វេសសហគមន៍ ចំណតរថយន្ត​ក្រុង រថយន្តទេសចរណ៍ ទោចក្រយានយន្ត ប្រព័ន្ធ​ទឹក​អណ្ដូង​អនាម័យ​ដើរដោយថាមពល​ពន្លឺ​ព្រះអាទិត្យ ប្រព័ន្ធអគ្គិសនីដើរដោយថាម​ពល​ពន្លឺព្រះអាទិត្យ សួនច្បារ បន្ទប់ងូតទឹក​ប្រុស-ស្រី បន្ទប់អនាម័យ ប្រុស-ស្រី-ជនពិការ ផ្ទះ​ស្នាក់នៅរបស់ប្រជាសហគមន៍​ដែល​ជា​អ្នកគ្រប់គ្រងគោលដៅលម្ភៃបៃតងផងដែរ។

បន្ថែមពីលើនេះ ក្រសួងបរិស្ថាន ក៏បានរៀបចំផ្លូវថ្មើរ​ជើងថ្មី ​ឡើងទៅលើភ្នំ ដោយ​មាន​កន្លែងដាក់សំរាម និងកន្លែងអង្គុយសម្រាកតាម​ដង​​ផ្លូ​វក្រោមម្លប់ឈើ​ដ៏ត្រឈឹង​ត្រឈៃ​។ ចម្ងាយពីជើងភ្នំ ទៅដល់ទីតាំងដានព្រះអង្គ មានចម្ងាយប្រមាណជា៤គីឡូម៉ែត្រ ហើយ​ផ្លូវ​មិនសូវជាចោទខ្លាំងនោះឡើយ សម្រួលដល់ការដើរមិនថា ក្មេង ឬមនុស្សមាន​វ័យ​ច្រើន​បន្តិច ក៏អាចដើរបានផងដែរ។

ក្រៅពីសមិទ្ធផលខាងលើនេះទៅ ជាជំហានបន្ទាប់ ក្រសួងបរិស្ថាន នឹងចាប់ផ្តើមអភិវឌ្ឍ​នៅ​ទីតាំងដានព្រះអង្គ (ចង្កេះភ្នំខ្នង ផ្សារ​) នឹងបើកការដ្ឋានគម្រោង​ដើម្បីបន្ត​កសាងហេដ្ឋា​រចនា​សម្ព័ន្ធចាំបាច់ រួមមាន​មណ្ឌល​ព័ត៌មានជាមួយនឹងទីសង្គ្រោះបន្ទាន់ ហាង​លក់វត្ថុ​អនុ​ស្សាវរីយ៍ ភោជនីយដ្ឋាន ចំណត​រថ​យន្តទេសចរណ៍-ទោចក្រយានយន្ត អាងស្តុកទឹក អណ្តូង​ទឹកសម្រាប់អ្នក​ថ្មើរជើង​ប្រើ​ប្រាស់ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់​អនា​ម័យប្រុស​-ស្រី-​ជនពិការ និងជាពិសេស​កន្លែង​អង្គុយលម្ហែ បណ្តែតអារម្មណ៍គយ​គន់​ទេសភាព និង​ស្រូប​ខ្យល់អាកាស​ដ៏ល្អបរិសុទ្ធពី​ធម្ម​ជាតិបៃតង។

សមិទ្ធផលដែលសម្រេចបានខាងលើនេះ កើតមានឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់កាលពីខែមីនា ឆ្នាំ២០២៥។ ក្រោយដំណើរពិនិត្យដោយថ្មើរជើងកាលពីពេលនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានដាក់ចេញផែនការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិនេះ ដើម្បីទាក់ទាញអ្នកទេសចរណ៍ ហើយផលប្រយោជន៍ត្រូវធ្លាក់ទៅដល់ដៃរបស់ប្រជាសហគមន៍នៅតំបន់នោះជាអាទិភាព។

សូមបញ្ជាក់ថា ភ្នំខ្នងផ្សារតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បាញល្បីនាទឹកដីស្រុកឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ ហើយសាងភាពល្បីរន្ទឺគ្រប់ទីកន្លែងព្រោះតែសម្រស់ដងគិរីបព្វតាដ៏ស្រស់បំព្រង។ ភ្នំខ្នង​ផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុម៣ នៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍​សាត់ សម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំទាបខ្ពស់ៗ វាលស្រល់ដ៏ស្រស់​ស្អាត និងសម្បូរ​ទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ មានចម្ងាយប្រមាណ​១៦៥គីឡូ​ម៉ែត្រ ពីរាជ​ធានីភ្នំពេញ ភ្នំខ្នងផ្សារជាទីឋានធម្មជាតិ ដែលបានអន្ទងដួងចិត្តអ្នកទេសចរ​ជិតឆ្ងាយឱ្យទៅលេងកម្សាន្តមិនចេះជិនណាយនោះឡើយ៕