សកម្មជនគណបក្សភ្លើងទៀនចំនួន ៣០រូប ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ស្នើសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

01-02-2026 15:27

(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនា កសាងសមាជិកបក្សស្នាក់ការកណ្ដាល បានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាង សមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត និងលោក ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះទទួលបេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនសរុបចំនួន៣០រូប មកពីឃុំមានជ័យ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបានសម្រេចលាឈប់ពីគណបក្សរបស់ខ្លួន និងសម្រេចស្ម័គ្រចិត្តគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ភ្នាក់ងារសង្កេតការណ៍ និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀនចំនួន ៣០រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោក ទី ប៊ុនថេង ដោយមិនមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើពួកទណ្ឌិតក្បត់ជាតិ ដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរ និងខ្មែរ បំផ្លាញសុខសន្តិភាព ទើបលោក លោកស្រី សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្ដេចតេជោ និងសម្ដេចធិបតីក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។

ភ្នាក់ងារ និងសកម្មជនគាំទ្រនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើបានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លិចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ «ដោយយើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណដ៏ធំធេងខ្ពស់បំផុត នូវវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលហ៊ានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីប្តូរយកសន្តិភាពជូនជាតិមាតុភូមិ និងគោរពជឿជាក់រដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

ការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក លោកស្រី ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ ពេលនេះលោក លោកស្រី បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានថ្លែងនូវការអបអរសាទរ ចំពោះវត្តមានបងប្អូនដែលបានចូលរួមថ្ងៃនេះ និងបាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារលោក លោកស្រី ដែលបានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួន មកសុំរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពជាក្នុងឱកាសនេះ។ ការសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។

លោក ទី ប៊ុនថេង ក៏បានបន្ថែមទៀតថា «ការប្រកាសចុះទទួលសមាជិកគណបក្សប្រជាជនកម្ពុជា នាពេលនេះសរុបចំនួន៣០រូប ដែលជាសមាជិក សុទ្ធសឹងតែជាសកម្មជនដែលធ្លាប់មាននិន្នាការនយោបាយផ្សេងៗកន្លងមក ពិសេសជាអតីតគណបក្សភ្លើងទៀន គណ​បក្ស​សង្គ្រោះជាតិ និងគណបក្សដទៃទៀត»

លោក ​ទី ប៊ុនថេង ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ទាំងអស់ដែលបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងដើម្បីបង្ហាញអំពីឆន្ទៈគោរពស្រឡាញ់សន្តិភាព ចូលរួមថែរក្សាស្ថិរភាពនយោបាយ និងបន្តការអភិវឌ្ឍ ព្រមទាំងបដិសេធ គំនិតនយោបាយ ជ្រុលនិយម ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះចលាចល សារជាថ្មីម្តងទៀត។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ មានតែគណបក្សប្រជាជនតែមួយគត់ ដែលជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានការអភិវឌ្ឍប្រទេសរីកចម្រើនស្ទើរគ្រប់វិស័យ៕