មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ចុះពិនិត្យស្ថានភាពរស់នៅ និងសួរសុខទុក្ខដោយផ្ទាល់ដល់យោធិនបើកបរ ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ
01-02-2026 16:20
(ព្រះវិហារ)៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនយោធិនបើកបរ ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការក៏បានពាំនាំនូវគ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងថវិកាឧបត្ថម្ភមួយចំនួន ដើម្បីផ្ដល់ជូនដល់បងប្អូនយោធិនកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងបំពេញភារៈកិច្ចនៅតាមគោលដៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញអំពីការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់យុទ្ធជនយើងដែលកំពុងលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។
បន្ថែមពីនេះឧត្តមសេនីយ៍ទោ មេបញ្ជាការក៏បានពាំនាំអំណោយសប្បុរសធម៌ និងថវិកាមួយចំនួនជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខផងដែរ។
សកម្មភាពចុះសួរសុខទុក្ខកងទ័ពដោយផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព ដែលជាខ្នងបង្អែកដ៏រឹងមាំក្នុងការដឹកជញ្ជូនបម្រើឱ្យសមរភូមិមុខ៕
































