ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន ១១៣នាក់​ នៅឃុំ​ហោង​សំណំ​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ

01-02-2026 21:21

(កំពង់ស្ពឺ)៖ នា​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នៅ​ទី​ស្នាក់ការ​គណបក្ស​ឃុំ​ហោង​សំណំ​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ មាន​រៀបចំពិធី​សំណេះសំណាល​ និង​ប្រកាស​បញ្ចូល​សមាជិក​គណបក្ស​ថ្មី​ ​ចំនួន​​១១៣នាក់​ ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​ កែរ​ រដ្ឋា​ អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​មូលដ្ឋាន​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ហោង​សំណំ​ និង​លោក​ ចែម​ សារឹម​ ប្រ​ធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​ឱរ៉ាល់​ ។

លោក​បណ្ឌិត​ កែរ​ រដ្ឋា​ បាន​ថ្លែង​អំណរគុណ​ដល់​សមាជិក​គណបក្ស​ថ្មី​ ដែល​ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា​ រួមគ្នាបន្តរក្សាសុខសន្តិភាពក្រោមម្លប់សន្តិភាព​ មានសន្តិភាពទើបយើងមានថ្ងៃនេះ។

លោក​បណ្ឌិត​បាន​ផ្តាំ​ផ្ញើ​ដល់​សមាជិក​គណបក្ស​ទើប​តែប​ញ្ចូលថ្មី​ទាំង​អស់​ ត្រូវពង្រឹង​គោល​ជំហរ​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ អនុវត្ត​តាមកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្ស ដូចជាការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោលនយោបាយសេដ្ឋកិច្ចសង្គមកិច្ច គោលនយោបាយគាំពារសង្គម ប.ស.ស ជាដើម...។ល។​ ដើម្បីសម្រេចបានអោយដល់គោលដៅ ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៨ ខាងមុខ។

លោកបណ្ឌិត​ កែរ​ រដ្ឋា​ បានលើកឡើងទៀតថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្ករអស្ថេរភាពសង្គមជាតិ។

ចំពោះ​ជម្លោះ​ព្រំដែន​កម្ពុជា​ ថៃ​ ដែលបាន​ផ្ទុះឡើង​ បាន​ក្លាយ​ជា​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ​ រំលោភ​អធិបតេយ្យភាព​ បូរណភាព​ទឹក​ដី​របស់​ប្រទេស​កម្ពុជា​ រំលោភ​យ៉ាង​កម្រោល​ច្បាប់​អន្តរជាតិ​ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ធម្មនុញ្ញអាស៊ាន​ និង​កិច្ច​ព្រមព្រៀង​នានា​ដែល​ជា​ចំណង​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ​។

មន្ត្រីគណបក្ស សមាជិកគណបក្ស និងប្រជាជនទូទាំងប្រទេស មានជំនឿជឿជាក់យ៉ាងមុតមាំ ចំពោះចំណាត់ការរបស់ប្រមុខដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល​។ ប្រជាជនកម្ពុជាទូទាំងប្រទេស និងសហគមន៍ខ្មែរនៅក្រៅប្រទេស បានសាមគ្គីជាធ្លុងមួយគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំប្រកបដោយសក្ដានុពល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត​៕