តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ជំរុញដល់សមាជិក សមាជិកាបក្សបន្ដយកចិត្ដទុកដាក់ខ្ពស់ក្នុងការអនុវត្ដការងារដែលបានដាក់ចេញ ពិសេសពង្រឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ
02-02-2026 07:41
(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានបន្ដជំរុញលើកទឹកចិត្ដដល់សមាជិក សមាជិកាគណបក្ស ត្រូវយកចិត្ដទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការអនុវត្ដការងារដែលបានដាក់ចេញ ពិសេសពង្រឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរជាលំដាប់។
ការថ្លែងយ៉ាងដូច្នេះរបស់លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់ស្រុកជើងព្រៃ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្នាក់ការគណបក្សស្រុក។
ពិធីនេះក៏មានការអញ្ជើញពីលោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, សមាជិកព្រឹទ្ធសភាមណ្ឌល ភូមិភាគ២ (កំពង់ចាម, ត្បូងឃ្មុំ) អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកជើងព្រៃ ខេត្តកំពង់ចាម, លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោក ជឹម លាវសមាជិកព្រឹទ្ធសភាភូមិភាគ២(មណ្ឌលកំពង់ចាម-ត្បូងឃ្មុំ) និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ រួមទាំងសមាជិក សមាជិកាប្រមាណជាង២០០នាក់។
ក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក៏បានលើកបង្ហាញនូវសភាពការណ៍ទូទៅ និងការងារបក្សឆ្នាំ២០២៥ រួមទាំងទិសដៅភារកិច្ចការងារដែលត្រូវអនុវត្ដបន្ដ ដើម្បីទទួលភាពជោគជ័យក្នុងការងារគណបក្ស ពិសេសលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានផ្ដល់អនុសាសន៍គនឹ្លះជាច្រើនទៀត ដើម្បីហុចជាប្រយោជន៍ ជូនជាតិ និងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ពិសេសវាយតម្លៃខ្ពស់ដល់សមាជិក សមាជិកាបក្សទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មភាពក្នុងការបំពេញកិច្ចការងារកន្លងមកដោយមិនពុំនឿយហត់ ពិសេសអំឡុងមានបញ្ហាព្រំដែន ដែលបានលះបង់ទាំងកម្លាំងកាយចិត្ដ និងបេះដូង សហការរួមគ្នាបានយ៉ាងល្អ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋយើង ។ការលះបង់ដ៏មានតម្លៃនេះរបស់សមាជិក សមាជិកបក្ស គឺបានធ្វើឱ្យការងារក្នុងឆ្នាំចាស់ ទទួលបានផ្លែផ្កាដល់ប្រជាជន និងគណបក្ស។
បន្ទាប់ពីបម្រើការងារបក្ស និងប្រជាជនខាងលើនេះ នៅស្រុកជើងព្រៃដែលមានលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ជាសមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, សមាជិកព្រឹទ្ធសភាមណ្ឌល ភូមិភាគ២ (កំពង់ចាម, ត្បូងឃ្មុំ) អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក៏បានស្នើដល់ក្រុមការងារបក្សទាំងអស់ នាំសារពិសេសជូនដល់ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាលកូនចៅប្រុសស្រីនៅស្រុកជើងព្រៃ សូមបន្ដជំរុញឱ្យកូនៗសិក្សារៀនសូត្រឱ្យបានចប់ចុង ចប់ដើម ពិសេសស្ដ្រីតែម្ដង ដែលជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍគ្រួសារ និងសង្គមជាតិឱ្យមានការរីកចម្រើន។
លើសពីនោះលោកស្រីបណ្ឌិត ក៏អំពាវនាវដល់កូនក្មួយជាស្ដ្រីខ្មែរគ្រប់រូប ជាក់ស្ដែងនៅស្រុកជើងព្រៃ ត្រូវខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ធ្វើយ៉ាងណាខិតខំរៀនសូត្រ ឱ្យបានជ្រៅជ្រះ ព្រោះថាមានតែចំណេះដឹងទេ ដែលធ្វើឱ្យយើងជោគជ័យក្នុងជីវិតទៅថ្ងៃអនាគត ពិសេសបើមានបញ្ហាណាមួយកើតឡើងអយុត្ដិធម៌ អាចទទួលប្រឹក្សាដោយផ្ទាល់លោកស្រីបណ្ឌិតផ្ទាល់ផងដែរ៕




























