លោក អ៊ុច បូររិទ្ធ គូសបញ្ជាក់ពីសភាពការណ៍វិវឌ្ឍនៃជម្លោះព្រំដែនកម្ពុជា–ថៃ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃសភាប្រើភាសាបារាំង (APF)

02-02-2026 10:23

(ម៉ុងតេណេហ្គ្រោ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) និងជាអនុប្រធានសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃ សភាប្រើភាសាបារាំង ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសភានៃ ម៉ុងតេណេហ្គ្រោ ក្រោមអធិបតីភាព លោក ហ៊ីឡារីយ៉ុង អេតុង (Hilarion ETONG) ប្រធានសភាប្រើភាសាបារាំង។

តាមរយៈបទអន្តរាគមន៍របស់លោក នៅចំពោះមុខអង្គប្រជុំ ក្នុងរបៀបវារៈស្តីពី «ការពិនិត្យពិច័យលើស្ថានភាពនយោបាយដ៏ស្មុគស្មាញក្នុងតំបន់ប្រើប្រាស់ភាសាបារាំង» លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីសភាពការណ៍វិវឌ្ឍនៃជម្លោះព្រំដែន រវាង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ដោយមានខ្លឹមសារសង្ខេបសំខាន់ៗដូចតទៅ៖

ស្ថានការណ៍នៅតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ការវិវឌ្ឍនេះ កាន់តែគួរឱ្យព្រួយបារម្ភ ដោយសារគោលការណ៍ និងឯកសារគតិយុត្តិអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ការការរីករាលដាលនៃជម្លោះ មិនត្រូវបានគោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះទេ។

ក្នុងកម្រិតតំបន់ និងអន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញនៃ អង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់ អំពីការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពអធិបតេយ្យភាព។ ក្នុងកម្រិតទ្វេភាគី សន្ធិសញ្ញាឆ្នាំ១៩០៤ អនុសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយឯកសារទាំងនេះ បង្កើតបានជាបណ្តុំឧបករណ៍គតិយុត្តិ ដែលមានអានុភាពខាងច្បាប់បង្ខំឱ្យអនុវត្ត និងត្រូវបានទទួលស្គាល់ទាំងក្នុងកម្រិតទ្វេភាគី និងអន្តរជាតិ ដោយកំណត់យ៉ាងច្បាស់លាស់ អំពីព្រំដែនរវាងប្រទេសទាំងពីរ។

លើសពីនេះ យន្តការរួមមួយចំនួន ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងភាពតានតឹងនៅតំបន់ព្រំដែន រួមមាន គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មការចម្រុះព្រំដែន (JBC) និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានកំណត់នីតិវិធី នៃកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់ និងការគ្រប់គ្រងស្ថានភាពរសើបនៅតាមព្រំដែន។

ទោះបីជាមានយន្តការទាំងនេះក៏ដោយ ឧប្បត្តិហេតុនានានៅតែបន្តកើតមានជាញឹកញាប់ ហើយហានិភ័យនៃការរីករាលដាលជម្លោះ នៅតែមានកម្រិតខ្ពស់ ដោយសារការមិនគោរពរបស់ភាគីថៃ ចំពោះឯកសារគតិយុត្តិដែលមានស្រាប់ និងការព្យាយាមផ្លាស់ប្តូរស្ថានភាពដើម (Status Quo) ដោយឯកតោភាគី។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់បន្ថែម អំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបេតិកភណ្ឌវប្បធម៌ រួមទាំង ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ។ ការខូចខាតទាំងនេះ មិនត្រឹមតែជាការបាត់បង់ជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការប៉ះពាល់ដល់កេរដំណែលរួមរបស់មនុស្សជាតិផងដែរ។

ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យសភាប្រើភាសាបារាំង ចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនានា។
ជាលទ្ធផល អង្គប្រជុំបានស្វាគមន៍ និងបង្ហាញសាមគ្គីភាព ចំពោះបទអន្តរាគមន៍របស់ឯកឧត្តម ហើយបានសម្រេចបញ្ចូលរបាយការណ៍ស្តីពីស្ថានភាពកម្ពុជា–ថៃ ក្នុងរបាយការណ៍គណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ APF នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៕