គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តក្រចេះ បរិច្ចាគថវិកាសប្បុរសធម៌ប្រចាំឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
02-02-2026 15:02
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ, លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ តំណាងរបស់លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តក្រចេះ បានដឹកនាំគណៈប្រតិភូនាំយកថវិកាសប្បុរសធម៌ប្រចាំឆ្នាំ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ នៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង។
គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ជាយន្តការផ្សព្វផ្សាយចលនា កៀរគរការបរិច្ចាគថវិកាសប្បុរសធម៌របស់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជនសំខាន់ៗ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំ, មន្ត្រីរាជការ, បុគ្គលិក, ពុកម៉ែ-បងប្អូន ដែលមានទឹកចិត្តសប្បុរស និងមានបំណងរួមគ្នានាំភាពញញឹមដល់ទារក និងកុមារ។
ចាប់តាំងការបង្កើត និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨, មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតគណៈកម្មការទ្រទ្រង់ចំនួនជាង១០០ នៅតាមបណ្ដាក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជនសំខាន់ៗ។
សូមបញ្ជាក់ជូនថា សម្រាប់ឆ្នាំ២០២៦ នេះ, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តក្រចេះ ជាគណៈកម្មការទ្រទ្រង់ទី១ ដែលបាននាំថវិកាមកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាព របស់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕










