បណ្ឌិត​សភាចារ្យ ភឿង​ សកុណា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

02-02-2026 15:13

(ស្វាយរៀង)៖ លោកស្រីបណ្ឌិត​សភាចារ្យ ភឿង​ សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្ត នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​។

កិច្ចប្រជុំនេះមានការចូលរួមពីលោករដ្ឋមន្ត្រី លោក លោកស្រី រដ្ឋលេខាធិការ​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត​ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុកទាំង៨​ សមាជិក ក្រុមការងារចុះមូលដ្ឋានខេត្ត​ និងប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣​ អភិបាល​ អភិបាលរង ក្រុង ស្រុក​ មេឃុំចៅសង្កាត់​ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងខេត្តប្រមាណ៣៤២នាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានជម្រាបជូនដោយសង្ខេប អំពីលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្ដស្វាយរៀង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សម្រេចបាននៅក្នុងឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងផែនការអភិវឌ្ឍន៍ខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងគាំទ្រពីក្រសួង ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដៃគូអភវឌ្ឍន៍ សប្បុរសជន ការចូលរួមពីមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានជម្រុញដល់អភិវឌ្ឍរីកចំរើន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់​ ទន្ទឹមនោះរដ្ឋបាលបាលខេត្តបានបន្តជម្រុញការអនុវត្តភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ ដោយរក្សាបាននូវការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ ជាពិសេសការសហការបង្ក្រាបល្បែង (អនឡាញស្គែម) ផងដែរ។

លោកស្រីបណ្ឌិតសភាចារ្យ បានកោតសរសើ​រ​ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាល ដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរបស់ខ្លួ​នបានល្អប្រសេីនៅក្នុងមូលដ្ឋាន​ និងបានថ្លែងអំពីសភាពការណ៍បច្ចុប្បន្ន​ ជាពិសេសបញ្ហានានាដែលបានកើតឡើង ក្នុងកាលៈទេសៈដែលយោធាថៃឈ្លានពានទឹកដីកម្ពុជា​។

លោកស្រីបណ្ឌិតសភាចារ្យបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនរួមមាន៖

* បន្តផ្សព្វផ្សាយកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ
* ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ត្រូវរៀបចំផែនការចុះ វេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមមូលដ្ឋាន ដើម្បីស្វែងយល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះ ស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានជាធរមាន
* ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក មន្ទីរជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមធ្វើអន្តរាគមន៍ដល់មូលដ្ឋាននៅពេលមានគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ ដើម្បីការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ
* ត្រូវបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញការងារ ស្របតាមតួនាទី សមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព
* បន្តកៀរគរប្រភពធនធានពីវិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធផ្សេងទៀត ឱ្យចូលរួមចំណែកក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងចូលរួមអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕