ថ្ងៃបុណ្យមាឃបូជា! អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ រម្លឹកពីគុណតម្លៃនៃសន្តិភាព ដែលនាំឱ្យមានរីកចម្រើនទាំងវិស័យវិស័យពុទ្ធចក្រ និងអាណាចក្រ

02-02-2026 15:16

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមប្រាព្ធ ពិធីបុណ្យមាឃបូជា ដែលរៀបធ្វើឡើងនៅវត្តត្រើយឃ្លោក ស្ថិតនៅឃុំដូងខ្ពស់ ស្រុកបូរីជលសារ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានរម្លឹកពីតម្លៃសន្តិភាព ដែលនាំឱ្យមានការអភិវឌ្ឍទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ជាពិសេសប្រជាពលរដ្ឋមានសិទ្ធិ ក្នុងការជ្រើសរើសជំនឿសាសនា និងអាចចូលរួមកម្មវិធីសាសនានានាដែលខ្លួនពេញចិត្ត។

នៅចំពោះមុខបងប្អូនប្រជាពុទ្ធបរិស័ទ ដែលចូលរួមនៅក្នុងពិធីបុណ្យមាឃបូជា, លោកបណ្ឌិត ស៊ូ ភិរិន្ទ បានថ្លែងថា វិស័យព្រះពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះកំពុងតែមានការរីកចម្រើន ដោយក្នុងនោះសង្កេតឃើញនៅតាមវត្តអារ៉ាម កុដិព្រះសង្ឈគង់នៅ ព្រះវិហារ សាលាឆាន់ជាដើមនោះ ត្រូវបានពុទ្ធសាសនិកនាំគ្នាកសាងយ៉ាងព្រោងព្រាត។ ប្រជាពលរដ្ឋមានសិទ្ធជ្រើសរើសសាសនា ដែលខ្លួនពេញចិត្ត និងអាចចូលរួមកម្មវិធីសាសនា ដូចជាកម្មវិធីសាសនាបុណ្យមាឃបូជានៅថ្ងៃនេះជាដើម។

អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានបន្តថា ប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ គឺជាមូលហេតុដែលនាំឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធា ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តឈរ នៅពីក្រោយជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីរក្សាសុខសន្តិភាពនេះ ឱ្យស្ថិតស្ថេរតទៅមុខទៀត ពីព្រោះសន្តិភាពជាមូលដ្ឋានគ្រឹះនៃការរអភិវឌ្ឍសង្គមជាតិ៕