អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះអនុវត្តគម្រោងគ្រួសាររឹងមាំ នៅខេត្តព្រះសីហនុ

02-02-2026 15:18

(ព្រះសីហនុ)៖ ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននោះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្រុមការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន បានចុះអនុវត្តនូវគម្រោងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ស្ដីពីគ្រួសាររឹងមាំ ដែលសហការអនុវត្តជាមួយបណ្ដាញក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ខេត្តព្រះសីហនុ។

នាឱកាសនោះដែរ លោក ហម គឹមលី តំណាងក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ខេត្តសីហនុ បានស្វាគមន៍ និងធ្វើកិច្ចសហការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបឱ្យដឹងពីការអនុវត្តថា គម្រោងនោះបាននិយាយពីរបៀបអភិវឌ្ឍគ្រួសារធ្វើយ៉ាងណាឱ្យគ្រួសារចុះសម្រុងគ្នាមានទំនាក់ទំនងល្អក្នុងគ្រួសារ​ (អាណាព្យាបាល និងកូនចៅ)​ និងផ្តល់នូវគំនិនល្អៗដល់កូនចៅរបស់ពួកគេក្នុងការដោះស្រាយសម្ពាធមិត្តភក្តិ (Peer Pressure) សម្រាប់កុមារ និងក្មេងជំទង់ អាយុពី៨ឆ្នាំ ទៅ ១៦ឆ្នាំ ក្នុងគោលបំណងអភិវឌ្ឍជំនាញរបស់ក្មេងៗក្នុងការដោះស្រាយ បញ្ហាសម្ពាធពីមិត្តភក្តិ ជួយកុមារគិតអំពីរឿងដែលពួកគេអាចធ្វើបានហើយធ្វើឱ្យអ្នកផ្សេងទៀតយល់ស្របតាម និងបង្រៀនពីចំណុចវិជ្ជមានក្នុងការសម្របខ្លួនជាមួយអ្នកដទៃ ព្រមទាំងការឆ្លើយតបទៅនឹងការដាក់សម្ពាធពីមិត្តភក្តិ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់បន្ថែមថា គម្រោងនេះនឹងអនុវត្តទៅលើក្រុមគ្រួសារចំនួន ១៥គ្រួសារ​ដែលជាសមាជិកកាន់សាសនាគ្រីស្ទ ក្នុងសហគមន៍នៃខេត្តព្រះសីហនុ៕