នាវាវិទ្យាសាស្ត្ររបស់ជប៉ុន រកឃើញប្រភពរ៉ែកម្រក្រោមសមុទ្រ ជម្រៅ ៦០០០ម៉ែត្រ (Video inside)

02-02-2026 15:53

(តូក្យូ)៖ តាមការប្រកាសរបស់រដ្ឋាភិបាលជប៉ុន នាថ្ងៃចន្ទ ទី២ ខែកុម្ភៈ ប្រភពរ៉ែកម្រមួយត្រូវបានរកឃើញ នៅជម្រៅ ៦ ០០០ម៉ែត្រនៃមហាសមុទ្រ ក្រោមបេសកកម្មសាកល្បងរបស់ខ្លួន ខណៈដែលទីក្រុងតូក្យូ ព្យាយាមទប់ស្កាត់ការពឹងផ្អែកខ្លាំងលើចិន សម្រាប់សារធាតុរ៉ែមានតម្លៃប្រភេទនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រទេសជប៉ុនអះអាងថា វាគឺបេសកកម្មដំបូងគេលើពិភពលោក ដើម្បីទាញយកភពរ៉ែកម្រក្នុងសមុទ្រទឹកជ្រៅ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Kei Sato បញ្ជាក់ថា «ព័ត៌មានលម្អិតនឹងត្រូវវិភាគ រួមទាំងបរិមាននៃរ៉ែកម្រ» ហើយវាជា «សមិទ្ធផលដ៏មានអត្ថន័យ ទាំងផ្នែកសន្តិសុខសេដ្ឋកិច្ច និងការអភិវឌ្ឍដែនសមុទ្រ»។

សារធាតុរ៉ែ ត្រូវប្រមូលដោយនាវាខួងវិទ្យាសាស្ត្រ Chikyu នៅក្នុងសមុទ្រទឹកជ្រៅមួយកន្លែង។ នាវានេះបានចេញដំណើរកាលពីខែមុន ទៅកាន់កោះដាច់ស្រយាល Minami Torishima ក្នុងតំបន់ប៉ាស៉ីហ្វិក ជាទីដែលគេជឿថាកំណប់រ៉ែដ៏មានតម្លៃ។

គួរបញ្ជាក់ថា រ៉ែកម្រដែលមាន ១៧ប្រភេទ និងពិបាកទាញយកចេញពីស្រទាប់ផែនដី ត្រូវបានប្រើប្រាស់នៅក្នុងការផលិត អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីរថយន្តអគ្គិសនី រហូតដល់ hard drives ទួរប៊ីនខ្យល់ និងមីស៉ីល៕