Fresh Exclusive: សាមគ្គីភាពជាតិ ជាខែលការពារប្រឆាំងសម្តីញុះញង់បំផ្លាញជាតិ

02-02-2026 16:01

(ភ្នំពេញ)៖ ទូរទស្សនិកជននៃកម្មវិធី Fresh Exclusive, នៅក្នុងពេលដែលសម្លេងអាវុធតាមបណ្តោយព្រំដែន មានភាពស្ងប់ស្ងាត់មួយរយៈនេះ សំណួរដ៏សំខាន់មួយ កំពុងលេចឡើងយ៉ាងស្ងៀមស្ងាត់នៅក្នុងសង្គមខ្មែរ៖ តើសង្គ្រាមពិតប្រាកដ បានបញ្ចប់ហើយឬនៅ?
ចម្លើយគឺគេមិនអាចខ្វះនូវស្មារតីប្រុងប្រយ័ត្នឡើយ ពីព្រោះសង្គ្រាមក្នុងសម័យថ្មី វាមិនចាប់ផ្តើមត្រឹមគ្រាប់កាំភ្លើងទេ ប៉ុន្តែចាប់ផ្តើមពី ពាក្យសម្តី ព័ត៌មាន និងការញុះញង់ ដែលជាអាវុធអាចបំផ្លាញជាតិពីខាងក្នុង ដោយមិនបាច់បាញ់គ្រាប់កាំភ្លើងឡើយ។

Fresh Exclusive សូមនាំជូនអត្ថបទអត្ថាធិប្បាយមួយ ដែលពិនិត្យយ៉ាងជ្រាលជ្រៅអំពីរបៀបប្រើសម្តីញុះញង់ ដែលកំពុងត្រូវបានប្រើជាអាវុធនយោបាយ និងយុទ្ធសាស្ត្រអ្វីដែលអាច ទប់ទល់នឹងអាវុធជាពាក្យសម្តីនេះ៖

សម្តីញុះញង់ មិនមែនជាការបញ្ចេញមតិនយោបាយធម្មតាទេ ហើយក៏មិនអាចយកមកលាក់ខ្លួនក្រោមស្លាក «សិទ្ធិសេរីភាព» ដើម្បីប្រឆាំងរដ្ឋាភិបាលបានឡើយ។ នៅក្នុងស្ថានភាពដែលកម្ពុជា កំពុងប្រឈមមុខនឹងសត្រូវឈ្លានពានពីក្រៅសម្តីញុះញង់ គឺជាអាវុធសង្គ្រាមសម័យថ្មី ដែលមានគោលដៅបំបែកសាមគ្គីភាពជាតិ បំផ្លាញការជឿទុកចិត្តរបស់សង្គម និងបើកទ្វារឱ្យសត្រូវទទួលបានជោគជ័យ ដោយមិនចាំបាច់បាញ់គ្រាប់កាំភ្លើងមួយគ្រាប់ផងដែរ។

ទោះបីស្ថានការណ៍យោធាតាមបណ្តោយព្រំដែន មានភាពស្ងប់ស្ងាត់មួយរយៈក៏ដោយ កម្ពុជាមិនអាចចាត់ទុកថា សង្គ្រាមបានបញ្ចប់ឡើយ។ ផ្ទុយទៅវិញ សង្គ្រាមបានបម្លែងរូបរាងពីសមរភូមិលើដី ទៅជាសមរភូមិព័ត៌មានសមរភូមិសម្តី និងសមរភូមិការញុះញង់ ដែលវាយប្រហារយ៉ាងជ្រាលជ្រៅលើ «ការជឿទុកចិត្ត» និងសាមគ្គីភាពរបស់សង្គម។ នៅក្នុងបរិបទដែលកម្ពុជា កំពុងជ្រើសរើសផ្លូវទូត និងច្បាប់អន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងការពារអធិបតេយ្យភាពជាតិ ប្រឆាំងនឹងការឈ្លានពានពីក្រៅ, ក្រុមនយោបាយប្រឆាំងរស់នៅក្រៅស្រុកមួយចំនួន បានបន្តប្រើសម្តីញុះញង់ និងព័ត៌មានបំភ័ន្ត ជំនួសឱ្យការរួមចំណែកការពារជាតិ ដោយមានគោលបំណងបង្កការបែកបាក់ផ្ទៃក្នុង និងបន្ថយសមត្ថភាពរបស់ជាតិ ក្នុងការឈរទល់នឹងសត្រូវឈ្លានពាន។

*សំណួរខុស ដែលនាំជាតិទៅកាន់វិនាស

ក្រុមធ្វើនយោបាយប្រឆាំង ពេលនេះ បានបង្កើតនួវសំណួរញុះញង់មួយ ដែលលេចឡើងជាញឹកញាប់នៅលើវេទិកាសាធារណៈថា៖ «តើប្រជាជនខ្មែរ ត្រូវរស់នៅក្នុងភាពភ័យខ្លាច ឬត្រូវរួមគ្នាផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន?»
សំណួរនេះ មើលមួយភ្លែតទៅ វាដូចជាការអំពាវនាវមួយចង់ឱ្យមាន«ការផ្លាស់ប្តូរ» ប៉ុន្តែបើពិនិត្យឱ្យកាន់តែជ្រៅ វាគឺជាយុទ្ធសាស្ត្របំផ្លាញមួយគួរឱ្យខ្លាច។ សំណួរញុះញង់នេះ មានបំណងចង់បំប្លែងសត្រូវពិត ដែលជាអ្នកឈ្លានពានពីក្រៅ ឲ្យក្លាយជាសត្រូវបំភាន់នៅខាងក្នុង ហើយបង្ខំឱ្យជាតិបាញ់ខ្លួនឯង មុនពេលដែលសត្រូវកេះកៃគ្រាប់កាំភ្លើងបាញ់មកពីខាងក្រៅ។

សំណួរដ៏ត្រឹមត្រូវដែលជាតិគួរត្រូវសួរ គឺថា៖ នៅពេលសត្រូវកំពុងឈ្លានពានទឹកដី តើយើងគួររួមគ្នាការពារអធិបតេយ្យភាពជាតិ ឬត្រូវបំបែកខ្លួនឯង ដើម្បីបើកផ្លូវឱ្យសត្រូវឈ្នះលើជាតិរបស់ខ្លួនឯង?

*នយោបាយផ្គាប់ចិត្តសត្រូវ៖ ផ្លូវបំផ្លាញជាតិពីខាងក្នុង

នយោបាយដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងអនុវត្តនៅពេលនេះ មិនមែនជានយោបាយជួយស្ថាបនាជាតិខ្មែរឡើយ។ ផ្ទុយទៅវិញវាជានយោបាយផ្គាប់ចិត្តសត្រូវ ដែលមានលក្ខណៈបំផ្លាញជាតិពីខាងក្នុងដោយយកផលប្រយោជន៍ និងវេទិការបស់បរទេសឈ្លានពានមកធ្វើជាឧបករណ៍សម្រាប់គោលដៅនយោបាយផ្ទាល់ខ្លួន។
ស្នូលនៃនយោបាយនេះ បង្ហាញច្បាស់តាមរយៈនូវអំពើជាក់ស្តែង៖
- ការជួយស្រែកផ្សាយបន្ទរសម្តីចោទប្រកាន់ និងគាំទ្រការនិយាយបំភ័ន្តរបស់បរទេសឈ្លានពានដាក់មកលើកម្ពុជា
- ការលើកកម្ពស់វេទិកា និងសំឡេងសត្រូវ ជំនួសឱ្យការពារអធិបតេយ្យភាពជាតិ
- ការបំបាក់ទឹកចិត្តកងកម្លាំងប្រដាប់អាវុធជាតិខ្មែរ ដែលកំពុងឈរជួរមុខការពារទឹកដី
- និងការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីបង្កភាពរង្គោះរង្គើ និងបែកបាក់ផ្ទៃក្នុងសង្គម។

ឧបាយកលបែបនេះ មានគោលបំណងនយោបាយច្បាស់លាស់៖ បង្កើតលក្ខខណ្ឌឱ្យសង្គមខ្មែរ ចូលទៅក្នុងស្ថានភាពវឹកវរ និងអស្ថិរភាព ដោយសង្ឃឹមថា នៅពេលប្រទេសប្រឈមនឹងសង្គ្រាម ឬវិបត្តិធ្ងន់ធ្ងរ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធ នឹងងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល តាមគំរូបដិវត្តន៍ពណ៌ដែលបានកើតឡើងនៅប្រទេសមួយចំនួន។ ប៉ុន្តែក្តីសង្ឃឹមនេះ បានបរាជ័យជាស្រេចនៅក្នុងបរិបទកម្ពុជា។ សង្គមខ្មែរ ដែលបានឃើញយ៉ាងច្បាស់ពីគ្រោះថ្នាក់ និងចេតនារបស់សត្រូវពីខាងក្រៅ មិនបានជ្រើសរើសផ្លូវបែកបាក់ ឬការបះបោរខ្លួនឯងឡើយ។ ផ្ទុយទៅវិញប្រជាជាតិខ្មែរ បានជ្រើសរើសសាមគ្គីភាពជាតិ ជាចម្លើយដើម្បីការពារអធិបតេយ្យភាព ស្ថិរភាព និងអនាគតរបស់ប្រទេសជាតិ។

*សាមគ្គីភាពជាតិ ជាចម្លើយរបស់ប្រជាជាតិខ្មែរ

ក្នុងដំណើរប្រវត្តិសាស្ត្ររបស់ជាតិ ដែលបានឆ្លងកាត់ក្តីលំបាកតូចធំរាប់មិនអស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ប្រទេសកម្ពុជាដ៏តូចមួយនេះ មិនធ្លាប់ចុះចាញ់ចំពោះឧបសគ្គ ឬសម្ពាធណាមួយឡើយ។ រាល់ពេលដែលជាតិប្រឈមមុខនឹងគ្រោះថ្នាក់ កម្លាំងដែលតែងតែឈរលេចធ្លោ និងបញ្ជាក់អត្តសញ្ញាណខ្មែរយ៉ាងច្បាស់បំផុតគឺសាមគ្គីភាពជាតិ។ នៅក្នុងវិបត្តិបច្ចុប្បន្ននេះផងដែរ ប្រជាជនខ្មែរ បានឆ្លើយតបយ៉ាងច្បាស់លាស់ មិនមែនដោយភាពភ័យខ្លាច ឬការបែកបាក់ទេ ប៉ុន្តែដោយ ការរួបរួមជាធ្លុងមួយ រវាងប្រជារាស្ត្រ កងកម្លាំងប្រដាប់អាវុធ និងរាជរដ្ឋាភិបាល ដើម្បីការពារបូរណភាពទឹកដី និងស្ថិរភាពជាតិ។ សាមគ្គីភាពរួមគ្នានេះ បានធ្វើឱ្យសម្តីញុះញង់ និងការបំភ័ន្តរបស់សត្រូវបាត់បង់អានុភាពជាក់ស្តែង ព្រោះសង្គមខ្មែរ បានយល់ច្បាស់ថា សត្រូវធំបំផុតរបស់ជាតិ មិនមែនជាសត្រូវពីក្រៅប៉ុណ្ណោះទេ ប៉ុន្តែជាការបែកបាក់ផ្ទៃក្នុង។

ដូចប្រសាសន៍របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខពលរដ្ឋជនភៀសសឹក នៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដែលបានអំពាវនាវយ៉ាងច្បាស់ឱ្យជាតិខ្មែរ រួបរួមគ្នា និងមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់សម្តីញុះញង់ ដែលមានគោលបំណងបំផ្លាញសាមគ្គីភាពជាតិឡើយ។ សម្តេចបវរធិបតី បានបញ្ជាក់យ៉ាងមុតមាំថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលកន្លងមក «មិនមែនជាថ្នូរនៃការដោះដូរទឹកដីឡើយ ហើយការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងការងារបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ ដោយមិនបោះបង់ដីមួយចំណិតណាមួយឡើយ»

ជំហរដ៏ច្បាស់លាស់នេះ បង្ហាញពីការប្តេជ្ញាចិត្តរឹងមាំ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍ជាតិយ៉ាងស្របច្បាប់ និងមានស្មារតីរដ្ឋ។ ជំហររបស់រាជរដ្ឋាភិបាលដ៏មានទិសដៅច្បាស់លាស់នេះ ខុសគ្នាទាំងស្រុងពីសម្តីញុះញង់ មួលបង្កាច់ និងសម្តីបំភ័ន្តជាសាធារណៈ របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលតែងព្យាយាមយកឱកាសនៃវិបត្តិជាតិ មកប្រើជាឧបករណ៍នយោបាយ ដើម្បីបំពេញមហិច្ឆិតាផ្ទាល់ខ្លួន។ ទង្វើបែបនេះ មិនត្រឹមតែបរាជ័យក្នុងការបំបែកសង្គមខ្មែរទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងរុញប្រទេសជាតិ ឱ្យក្បែរនឹងមាត់ជ្រោះដ៏គ្រោះថ្នាក់ ដើម្បីតែគោលដៅនៃអំណាចរបស់ខ្លួន និងមិនមែនដើម្បីអនាគតជាតិដ៏រុងរឿងឡើយ។

ក្នុងគ្រាប្រទេសជាតិ ដែលកំពុងប្រឈមមុខនឹងសត្រូវឈ្លានពាន គេមិនអាចប្រគល់វាសនាជាតិ ឱ្យក្រុមដែលរស់នៅក្រៅប្រទេស ដែលបាត់បង់ការចងចាំនៃទុក្ខវេទនារបស់ជាតិ និងកំពុងលើកទឹកចិត្តសត្រូវ ឱ្យប្រើសម្តីញុះញង់ និងធ្វើសកម្មភាពបំផ្លាញ ក្នុងការចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពវឹកវរ បានឡើយ។ ការរំពឹងឱ្យជាតិរងការបែកបាក់ ដើម្បីបំពេញមហិច្ឆិតាអំណាចផ្ទាល់ខ្លួន មិនមែនជានយោបាយផ្លាស់ប្តូរដែលពលរដ្ឋត្រូវការក្នុងពេលនេះទេ ពីព្រោះវាជានយោបាយបំផ្លាញជាតិ ដែលប្រវត្តិសាស្ត្រ មិនធ្លាប់អត់ឱនឲ្យឡើយ។ នៅក្នុងសម័យសង្គ្រាមសម័យថ្មីនេះ ការការពារជាតិ មិនត្រូវបានវាស់តាមចំនួនគ្រាប់កាំភ្លើង ឬអាវុធធ្ងន់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានវាស់តាមសមត្ថភាពរបស់សង្គម ក្នុងការការពារ ការយល់ដឹង សេចក្តីពិត ការជឿទុកចិត្ត និងសាមគ្គីភាពជាតិ។ ប្រទេសណាដែលបាត់បង់តម្លៃគន្លឹះទាំងនេះ គឺមានន័យថាបានចាញ់សង្គ្រាមរួចទៅហើយ មុនពេលសមរភូមិពិតប្រាកដនឹងចាប់ផ្តើម។

ដូច្នេះជម្រើសរបស់កម្ពុជា នៅពេលនេះ មិនមែនជាជម្រើសនយោបាយរវាងបក្សនានាទេ ប៉ុន្តែជាជម្រើសអត្តសញ្ញាណជាតិ និងអនាគតរបស់ប្រជាជាតិទាំងមូល។ នេះមានន័យថា យើងត្រូវជ្រើសរើសការរួមគ្នាជាធ្លុងមួយ ដើម្បីឈ្នះសង្គ្រាមពីក្រៅ មិនមែនជឿលើសម្តីញុះញង់ ដែលចង់ឱ្យយើងបែកបាក់ ដើម្បីចាញ់សង្គ្រាមពីខាងក្នុងឡើយ។ ដើម្បីឱ្យជម្រើសរបស់ប្រជាជាតិខ្មែរ អាចនាំទៅរកជ័យជំនះលើសត្រូវ យើងត្រូវបន្តជ្រើសរើសផ្លូវតែមួយគត់ ផ្លូវនៃសាមគ្គីភាព ការយល់ដឹង និងការការពារជាតិដោយស្មារតីរដ្ឋ ដើម្បីឱ្យកម្ពុជា ឈររឹងមាំមិនត្រឹមតែក្នុងវិបត្តិបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងអនាគតយូរអង្វែងរបស់ជាតិផងដែរ៕