កម្ពុជា-ឥណ្ឌា ចុះអនុស្សរណៈយោគយល់គ្នា សម្រាប់គម្រោងពង្រឹងសមត្ថភាព តាមដានអាកាសធាតុ នៅខេត្តសៀមរាប
02-02-2026 16:23
(សៀមរាប)៖ ក្រសួងធនធានទឹក និងឧតុនិយមនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការបរទេសឥណ្ឌា តំណាងដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា សម្រាប់ការអនុវត្តគម្រោងជំនួយឥតសំណង ផ្តល់ផលប៉ះពាល់រហ័ស (QIP) ក្រោមប្រធានបទ៖ «ពង្រឹងសមត្ថភាពតាមដានអាកាសធាតុ ប្រទេសកម្ពុជា»។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក វ៉ាន់ឡាល់វ៉ាណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងលោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីជាន់ខ្ពស់នៃក្រសួង និងតំណាងស្ថានទូតឥណ្ឌា ជាច្រើនរូបផងដែរ។
ក្រោមគម្រោងនេះ ស្ថានីយ៍អាកាសធាតុស្វ័យប្រវត្តិទំនើបៗចំនួនពីរ នឹងត្រូវបានដំឡើង នៅទីតាំងទីមួយនៅស្រុកពួក និងមួយទៀតនៅក្រុងសៀមរាប រួមជាមួយនឹងឧបករណ៍ចាប់សញ្ញារន្ទះ និងការបណ្តុះបណ្តាលបច្ចេកទេសដ៏សម្រាប់មន្ត្រីឧតុនិយមផងដែរ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសមត្ថភាពអាកាសធាតុតាមពេលវេលាជាក់ស្តែង បង្កើនប្រព័ន្ធព្រមានជាមុន និងកែលម្អការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយនៅក្នុងខេត្ត។
ក្នុងនាមជាទីតាំងនៃប្រាសាទអង្គរវត្ត និងជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយ ខេត្តសៀមរាប កាន់តែងាយរងគ្រោះដោយសារព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ហេតុនេះហើយ ទិន្នន័យឧតុនិយម និងការត្រួតពិនិត្យហានិភ័យរន្ទះ ត្រូវតែពង្រឹងដើម្បីបង្កើនសុវត្ថិភាពសម្រាប់សហគមន៍ក្នុងតំបន់ កសិករ និងអ្នកទេសចរ ខណៈពេលដែលរួមចំណែកដល់ការការពារបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ គម្រោងនេះក៏គាំទ្រដល់គោលបំណងជាតិរបស់កម្ពុជា ក្នុងការសម្រេចបាននូវការគ្របដណ្តប់ការសង្កេតអាកាសធាតុកម្រិតស្រុកផងដែរ។
កម្ពុជានៅតែជាដៃគូដ៏មានតម្លៃ ក្រោមគោលនយោបាយសកម្មភាពខាងកើតរបស់ឥណ្ឌា និងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ-គង្គា។ ឥណ្ឌាអនុវត្តគម្រោងផលប៉ះពាល់រហ័សចំនួន១០ ជារៀងរាល់ឆ្នាំនៅកម្ពុជា នៅលើវិស័យអាទិភាព រួមទាំងការអប់រំ សុខភាព ការផ្តល់អំណាចដល់ស្ត្រី អនាម័យ កសិកម្ម និងភាពធន់នឹងអាកាសធាតុ។ រហូតមកដល់បច្ចុប្បន្ន ជំនួយឥតសំណងលើគម្រោងផ្តល់ផលរហ័ស ចំនួន ៦៨ ត្រូវបានអនុម័ត ដែលក្នុងនោះ ៤៩បានបញ្ចប់ដោយជោគជ័យ និង ១៩កំពុងត្រូវបានអនុវត្ត ដែលគម្រោងទាំងអស់សុទ្ធសឹងស្របតាមអាទិភាពដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា៕








