រដ្ឋមន្រ្តី ឈាង រ៉ា នាំយកសម្ភារបរិក្ខារពេទ្យ ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ សម្រាប់បម្រើសេវាសុខាភិបាល ជូនពលរដ្ឋ
02-02-2026 18:31
(បន្ទាយមានជ័យ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាំយកនូវកញ្ចប់សម្ភារបរិក្ខារពេទ្យ ជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា តាមរយៈក្រសួងសុខាភិបាល ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងជួយដល់ស្រ្តីរងគ្រោះ មាតា និងទារកទើបនឹងកើត។
ពិធីប្រគល់នឹងទទួលនេះបានធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានចុះសួរសុខទុក្ខមន្ដ្រីបុគ្គលិក និងនាំយកអំណោយខាងលើនេះ មកប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដឧត្ដរមានជ័យ។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងមតិផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែលបានខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ បងប្អូនជនភៀសសឹក និងវីរកងទ័ព នៅតាមតំបន់ព្រំដែនយ៉ាងសស្រាក់សស្រាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះវីរភាពដ៏ថ្លៃថ្លា ការតស៊ូលះបង់ខ្ពស់ ផ្តូរផ្តាច់ និងភាពរឹងមាំរបស់មន្ត្រីសុខាភិបាល ក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ និងលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់ ដើម្បីលើកម្ពស់សុខភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
សូមជម្រាបជូនថា ក្នុងដំណើរបេសកកម្មរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូសុខាភិបាល រយៈពេល ២ថ្ងៃនេះ នៅថ្ងៃទី៣១ មករា និងថ្ងៃទី១ ខែកុម្ភៈ បានចុះពិនិត្យមូលដ្ឋានសុខាភិបាលដំណើរការ និងបើកដំណើរការឡើងវិញ (ផ្អាកអំឡុងពេលមានបញ្ហាព្រំដែន) នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ និងបានចុះពិនិត្យដោយផ្ទាល់នូវការរៀបចំស្តារ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីបន្តនិរន្តរភាព ឱ្យកាន់តែល្អប្រសើរឡើង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការថែទាំ ព្យាបាលនោះទេ៕






























