សម្តេចតេជោ ហ៊ុន សែន ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា បង្កើតស្ថានទូតនៅប៉ាគីស្ថានជាផ្លូវការ (Video inside)

02-02-2026 19:17

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញក្ដីបំណង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតស្ថានទូតជាផ្លូវការ នៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលបច្ចុប្បន្ន កម្ពុជា នៅមិនទាន់មានស្ថានទូតនៅប្រទេសនេះនៅឡើយ។

ការបញ្ជាក់នេះ ត្រូវបានឲ្យដឹងដោយ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នៅវិមានសាមគ្គីភាព នាល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ បានថ្លែងថា៖
«បច្ចុប្បន្ន កម្ពុជាយើង មិនទាន់មានស្ថានទូតនៅប៉ាគីស្ថាននៅឡើយទេ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន សម្តេចគាំទ្រឲ្យរាជរដ្ឋាភិបាលកម្ពុជា បើកស្ថានទូតជាផ្លូវការ នៅប៉ាគីស្ថាន ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា–ប៉ាគីស្ថាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

បន្ថែមពីនេះ លោក ជា ធីរិទ្ធ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ប៉ាគីស្ថាន គឺជាប្រទេសមួយដែលបានទទួលស្គាល់កម្ពុជា និងបង្កើតទំនាក់ទំនងការទូតជាមួយគ្នា តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥២ ពោលគឺមុនមួយឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង។

ការទទួលស្គាល់របស់ប៉ាគីស្ថាន ចំពោះកម្ពុជា តាំងពីឆ្នាំ១៩៥២ នេះ គឺជារឿងដែលកម្ពុជាចងចាំជានិច្ច និងបញ្ជាក់ពីការផ្ដល់តម្លៃរបស់ប៉ាគីស្ថាន ចំពោះកម្ពុជា តាំងពីដើមមក។

បើតាមអ្នកនាំពាក្យដដែល ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងសម្តេចតេជោ ហ៊ុន សែន សុទ្ធតែឯកភាពគ្នា លើការជំរុញឲ្យរដ្ឋាភិបាលប្រទេសទាំងពីរ បន្តពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕