ប្រធានព្រឹទ្ធសភាកម្ពុជា-ប៉ាគីស្ថាន ឯកភាពជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ខណៈបច្ចុប្បន្ននេះកម្ពុជា-ប៉ាគីស្ថាន សម្រេចបានទំហំពាណិជ្ជកម្មតែ៥៣លានដុល្លារប៉ុណ្ណោះ (Video inside)

02-02-2026 19:23

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានឯកភាពគ្នាក្នុងការជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ខណៈបច្ចុប្បន្ននេះកម្ពុជា-ប៉ាគីស្ថាន សម្រេចបានទំហំពាណិជ្ជកម្មតែ៥៣លានដុល្លារប៉ុណ្ណោះ។

លោក ជា ធីរិទ្ធ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នៅវិមានសាមគ្គីភាព នាល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកបានបញ្ជាក់ថា ការឯកភាពគ្នាក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនេះ ស្របពេលទំនាក់ទំនងនយោបាយរវាងប្រទេសពីរមានការរីកចម្រើន ហើយកម្ពុជា និងប៉ាគីស្ថាន ក៏តែងតែគាំទ្រគ្នាទៅវិញទៅមក។

លោក ជា ធីរិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា «សម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន រួមនឹងជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានមានការឯកភាពជារួម ដើម្បីធ្វើយ៉ាងណា ឱ្យប្រទេសទាំងពីរជំរុញពាណិជ្ជកម្មរវាងគ្នា ទៅវិញទៅមក ឱ្យកាន់តែប្រសើរឡើង ខណៈពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុងបរិបទនយោបាយ តែងតែគាំទ្រគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនយោបាយកំពុងរីកចម្រើន គប្បីប្រទេសទាំងពីរមើលការពង្រីកនូវទំហំពាណិជ្ជកម្មសេដ្ឋកិច្ចឱ្យមានការកើនឡើងបន្ថែមទៀត ពីព្រោះតាមទិន្នន័យប្រទេសទាំងពីរទើបតែមានទំហំពាណិជ្ជកម្មប្រមាណជាង៥៣លានដុល្លារទេក្នុងឆ្នាំ២០២៥កន្លងទៅ។ ប្រធានព្រឹទ្ធសភានៃប្រទេសទាំងពីរចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានការកើនឡើងបន្ថែម»។

បន្ថែមពីលើនេះ លោក ជា ធីរិទ្ធ បានឱ្យដឹងថា ប៉ាគីស្ថានជាប្រទេសដែលមានប្រជាជនច្រើនណាស់ រហូតដល់ជាង២០០លាននាក់ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន មើលឃើញថានេះជាឱកាសល្អ សម្រាប់រដ្ឋាភិបាលកម្ពុជាត្រូវធ្វើការជាមួយប៉ាគីស្ថាន ជាពិសេសការទាក់ទាញភ្ញៀវទេសចរពីប៉ាគីស្ថាន មកកាន់កម្ពុជាឱ្យមានការកើនឡើង។ ការទាក់ទាញភ្ញៀវទេសចរនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងគាំទ្រដល់សកម្មភាពនៃការបង្កើតទំនាក់ទំនងល្អរវាងកម្ពុជា និងប៉ាគីស្ថាន៕