វិភាគអន្តរជាតិ៖ តើការបោះឆ្នោតរបស់ថៃនឹងធ្វើតេស្ដយ៉ាងណាលើការក្ដាប់អំណាចរបស់ប្លុកអភិរក្សនិយម?

02-02-2026 21:02

(បាងកក)៖ ការបោះឆ្នោតសកលមុនអាណត្តិរបស់ថៃនៅថ្ងៃទី៨ ខែកុម្ភៈ នឹងក្លាយជាការធ្វើតេស្ដមួយថាតើប្រទេសមួយនេះអាចលុបបំបាត់រឿងច្រឡំដែលនៃអស្ថិរភាពនយោបាយជាងមួយទសវត្សរ៍មកនេះបានដែរ ឬក៏យ៉ាងណា? ភាពចលាចលនៃនយោបាយថៃនេះបានបង្កើតឱ្យមានព្រឹត្តិការណ៍ច្រំដែលដែលរដ្ឋាភិបាលស៊ីវិលជាច្រើនមានអាយុខ្លី ដោយខ្លះត្រូវបានបណ្ដេញចេញពីអំណាចដោយការធ្វើរដ្ឋប្រហារ និងខ្លះទៀតតាមរយៈសាលក្រមតុលាការ។ ការបោះឆ្នោតសកលមុនអាណត្តិត្រូវបានអំពាវនាវឡើងដោយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul កាលពីខែធ្នូ ឆ្នាំ២០២៥ ដើម្បីបញ្ចៀសកុំឱ្យរដ្ឋាភិបាលសំឡេងភាគតិចរបស់លោកត្រូវបានទម្លាក់ចេញពីអំណាច នៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត។ លោក Anutin ជានាយករដ្ឋមន្ត្រីទី៣របស់ថៃ ចាប់តាំងពីមានការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣មក។

ក្រុមអ្នកវិភាគបានមើលឃើញថាការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈ គឺជាប្រជែងគ្នាដើម្បីដឹកនាំរដ្ឋាភិបាលថ្មីមួយរវាងគណបក្សភូមិចៃថៃ (Bhumjaithai) របស់លោក Anutin ដែលទទួលបានការគាំទ្រពី ក្រុមអ្នកនយោបាយអភិរក្សនិយមដ៏មានឥទ្ធិពលក្នុងប្រទេសថៃ និងគណបក្សប្រជាជនថៃ (People’'s Party) ជាគណបក្សប្រឆាំងដ៏ធំមួយស្នងតំណែងបន្តពីអតីតគណបក្សឆ្ពោះទៅមុខ Move Forward ដែលធ្លាប់ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីអាណត្តិមុន តែត្រូវបានរារាំងមិនឱ្យឡើងកាន់អំណាចដោយសាលក្រមតុលាការ។

* អ្វីទៅដែលគេត្រូវតាមមើលក្នុងការបោះឆ្នោតនេះ?
ការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈត្រូវបានក្រុមអ្នកវិភាគមើលឃើញថាជាការប្រកួតប្រជែងគ្នារវាងកម្លាំងនយោបាយ២ គឺកម្លាំងនយោបាយអ្នកអភិរក្សនិយមមានភក្ដីភាពចំពោះយោធាថៃ និងព្រះមហាក្សត្រថៃដែលបាន ប្ដេជ្ញាចិត្តការពារថែរក្សាអំណាចរបស់ពួកគេដែលត្រូវបានចងភ្ជាប់ជាមួយនឹងរដ្ឋធម្មនុញ្ញត្រូវបានបង្កើតឡើងចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០១៤ ហើយនិងគណបក្សចម្រើននិយមដែលកំពុងព្យាយាមស្វែងរកការកាត់បន្ថយ ឥទ្ធិពលនយោបាយនៃស្ថាប័នដែលមិនត្រូវបានជ្រើសរើសដោយការបោះឆ្នោត តួយ៉ាងដូចជាយោធា និងប្រព័ន្ធតុលាការ។ តាមក្រុមអ្នកវិភាគ គ្មាននរណាមួយក្នុងចំណោមកម្លាំងនយោបាយទាំង២នេះត្រូវបានរំពឹងថានឹងឈ្នះ អាសនៈភាគច្រើនលើសលុបនោះទេ ដូច្នេះអ្វីដែលពួកគេត្រូវប្រជែងគ្នា នោះគឺការស្វែងរកការគាំទ្រពីបក្សដទៃដើម្បីអាចមានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលចម្រុះមួយមានស្ថិរភាព។ ការបោះឆ្នោតនេះក៏នឹងកំណត់ផងដែរពី សមត្ថភាពរបស់ថៃក្នុងការដឹកនាំការធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលត្រូវបានពន្យារពេលជាយូរមកហើយ ក្នុងនោះរួមមានទាំងវិធានការដោះស្រាយបំណុលរបស់ប្រជាជនថៃ និងបង្កើនការប្រកួតប្រជែងសំដៅជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ច។ ភាពល្អប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកើតចេញពីស្ថិរភាពនយោបាយណាមួយអាចនឹងជំរុញលើកទឹកចិត្ត និងពង្រឹងទំនុកចិត្តរបស់អ្នកនិយោគបរទេសដែលមានការស្ទាក់ស្ទើរដោយសារតែរដ្ឋប្រហារ និងការធ្វើអន្តរគមន៍ពីតុលាការម្ដងហើយម្ដងទៀតនៅក្នុងនយោបាយថៃ។

* តើការបោះឆ្នោតនេះធ្វើឡើងដើម្បីអ្វី?
ប្រជាជនថៃដែលបានចុះឈ្មោះបោះឆ្នោតជាង ៥៣លាននាក់នឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាចំនួន ៥០០រូប។ នៅក្នុងចំណោមសមាជិករដ្ឋសភាទាំង៥០០រូបនេះទៀតសោត មាន៤០០រូបត្រូវបានបោះឆ្នោត ជ្រើសរើសតាម «ប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌលបោះឆ្នោតនីមួយៗ» ពោលគឺមណ្ឌលមួយត្រូវមានតំណាងរាស្ត្រម្នាក់។ ចំណែក ១០០រូបផ្សេងទៀតត្រូវបានបោះឆ្នោតជ្រើសរើសតាម «ប្រព័ន្ធបោះឆ្នោតសមាមាត្រ ផ្អែកលើបញ្ជី បេក្ខជនរបស់គណបក្សនយោបាយទាំងអស់» ក្រោមក្របខណ្ឌជាតិ។

សមាជិករដ្ឋសភាជាប់ឆ្នោតថ្មីទាំង៥០០រូប នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដោយជ្រើសរើសចេញពីបេក្ខជនត្រូវបានគណបក្សនីមួយៗតែងតាំងនៅមុនការបោះឆ្នោតចាប់ផ្ដើម។ ដើម្បីអាចជាប់ឆ្នោតជានាយករដ្ឋមន្ត្រី បេក្ខជនម្នាក់ៗត្រូវការសំឡេងភាគច្រើន តែជាទូទៅសំឡេង២៧០ត្រូវការជាចាំបាច់ដើម្បីអាចបង្កើតរដ្ឋាភិបាលមានស្ថិរភាពមួយ។ តែខុសពីអាណត្តិមុន ព្រឹទ្ធសភាគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាមាននិន្នាការអភិរក្សនិយម និងមានសមាជិក២០០រូបដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២៤ គឺមិនមានអំណាចក្នុងការជ្រើសរើសនាយករដ្ឋមន្រ្តីនោះទេ។ បើតាមការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃក្នុងឆ្នាំ២០២៣ រដ្ឋសភា និងព្រឹទ្ធសភាត្រូវបើក កិច្ចប្រជុំរួមគ្នាដើម្បីរើសប្រមុខរដ្ឋាភិបាល។ ការបោះឆ្នោតសកលក្នុងឆ្នាំនេះត្រូវធ្វើឡើងដំណាលគ្នានឹងការបោះឆ្នោតប្រជាមតិថ្នាក់ជាតិមួយលើថាតើថៃគួរតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ឬក៏អត់? រដ្ឋធម្មនុញ្ញនេះត្រូវបាន តាក់តែងឡើងនៅក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធាថៃ ក្រោយរដ្ឋប្រហារឆ្នាំ២០១៤។ ប្រជាជនថៃមិនទាន់ត្រូវបានគេសាកសួរថាតើយល់ព្រមលើសេចក្ដីព្រាងជាក់លាក់មួយសម្រាប់រដ្ឋធម្មនុញ្ញថ្មីនៅឡើយទេ ហើយការបោះឆ្នោតសកលនឹងកំណត់ថាតើរដ្ឋសភាថៃគួរតែដាក់ចេញដំណើរការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញជាផ្លូវការឬក៏យ៉ាងណា? ការបោះឆ្នោតប្រជាមតិត្រូវបានក្រុមគណបក្សគាំទ្រប្រជាធិបតេយ្យចាត់ទុកថាជាការបោះជំហាន ដំបូងឆ្ពោះទៅការដាក់កម្រិតលើឥទ្ធិពលរបស់ក្រុមអ្នកអភិរក្សនិយមនៅក្នុងប្រព័ន្ធនយោបាយថៃ។ ក្រុមអ្នកអភិរក្សនិយមបានព្រមានថាការផ្លាស់ប្ដូរអាចនឹងលុបបំបាត់ចោលការការពារដែលត្រូវបានបង្កើតឡើងដើម្បីធានា ស្ថិរភាពនយោបាយ។

* តើអាចនឹងមានអ្វីកើតឡើងនៅក្នុងការបោះឆ្នោត?
គ្មានគណបក្សណាមួយនៅក្នុងចំណោមគណបក្សធំៗទាំង៣ គឺគណបក្សភូមិចៃថៃ គណបក្សប្រជាជនថៃ និងគណបក្សភឿថៃត្រូវបានរំពឹងថានឹងឈ្នះអាសនៈភាគច្រើនលើសលុបនោះទេ។ ដូច្នេះការបង្កើតរដ្ឋាភិបាលចម្រុះមួយ សឹងតែជារឿងចៀសមិនរួចឡើយ។ គណបក្សភូមិចៃថៃ​ និងគណបក្សប្រជាជនថៃទំនងជានឹងមិនអាចរួមកម្លាំងគ្នាបង្កើតក្រុមចម្រុះទេ ដោយសារតែភាពខុសគ្នាខាងមនោគមន៍វិជ្ជានយោបាយ។ នៅទីនេះ សេណារីយ៉ូមួយដែលគេ យល់ថាទំនងជាងគេ គឺរដ្ឋាភិបាលចម្រុះមួយដឹកនាំដោយគណបក្សភូមិចៃថៃ។ ប្រសិនបើអាចឈ្នះអាសនៈភាគច្រើន គណបក្សរបស់លោក Anutin នឹងស្ថិតក្នុងលក្ខខណ្ឌដ៏ល្អមួយដើម្បីអូសទាញអតីតដៃគូចម្រុះរបស់ខ្លួន គឺគណបក្សភឿថៃ និងប្រមូលផ្ដុំកម្លាំងគាំទ្រពីគណបក្សតូចៗមាននិន្នាការអភិរក្សនិយម។​ នេះអាចជារដ្ឋាភិបាលមួយដែលផ្ដោតលើការថែរក្សាស្ថានភាពដើមនៃប្រព័ន្ធនយោបាយ ដោយនឹងមិនមានការផ្លាស់ប្ដូរធំដុំអ្វីទេ។

គណបក្សប្រជាជនថៃអាចនឹងប្រឈមមុខនឹងជំហានដ៏ពិបាកៗជាច្រើនដើម្បីឆ្ពោះទៅរកការកាន់អំណាច បើទោះជាប្រសិនបើបក្សនេះឈរនៅលេខរៀងទី១ ដោយទទួលបានអាសនៈច្រើនជាងគេក៏ដោយ ក៏ព្រោះខ្វះខាតដៃគូក្នុងការ បង្កើតរដ្ឋាភិបាលចម្រុះ។ ជាទ្រឹស្ដី គណបក្សប្រជាជនថៃអាចរួមដៃគ្នាជាមួយគណបក្សភឿថៃ និងក្រុមគណបក្សតូចផ្សេងទៀត។ ក៏ប៉ុន្តែសម្ព័ន្ធភាពបែបនេះនឹងមានភាពផុយស្រួយ។ ម្យ៉ាងវាក៏មិនច្បាស់នោះដែរថាតើគណបក្សភឿថៃ នឹងមានឆន្ទៈរួមកម្លាំងគ្នាជាមួយគណបក្សប្រជាជនថៃដែរឬក៏យ៉ាងណា? ដ្បិតដោយសារតែកម្មវិធីនយោបាយមួយចំនួន តួយ៉ាងដូចជាការប្រកាន់ជំហរធ្វើកំណែទម្រង់និយមរបស់បក្សប្រជាជនថៃ ដែលអាចធ្វើឱ្យប្លុកអភិរក្សនិយមខឹងសម្បារ ជាពិសេសក្នុងពេលដែលលោក ថាក់ស៊ីន កំពុងជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពពុករលួយ ហើយអាចប្រឈមមុខនឹងឧបសគ្គផ្លូវច្បាប់ ខណៈរូបលោកកំពុងព្យាយាមស្វែងរកការលើកលែងទោសឱ្យនៅក្រៅឃុំ៕