សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល១២ខែ ឆ្នាំ២០២៥  និង ឆ្លងផែនការ ឆ្នាំ២០២៦

02-02-2026 22:13

(រតនគិរី)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល១២ខែ ឆ្នាំ២០២៥ និងឆ្លងផែនការ ឆ្នាំ២០២៦។កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលាខេត្ត នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោកញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី។

កិច្ចប្រជុំមានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ហេរញ្ញិក លេខាធិការ សមាជិក សមាជិការគណ:កម្មាធិការសាខា ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៩ លោកនាយកសាខា ក្រុមប្រតិបត្តិសាខាសរុបចំនួន ២៦នាក់ (ស្រី៥នាក់)។

លោកស្រី ឃឹម សុខឃាង បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌ របស់លោក លោកស្រី ទាំងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក ក្រុមកាកបាទក្រហមឃុំ សង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គមជាច្រើនទៀត ទទួលបានលទ្ធផលប្រសើរ ក្នុងនាមជាសេនាធិការឱ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឲ្យវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល១ឆ្នាំ ២០២៥ នេះ ពិសេសការលើកកម្ពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ការថែទាំសុខភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្តកក្រក ការកសាងភាពធន់សហគមន៍ ការអភិវឌ្ឍស្ថាប័ន ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលាស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកស្រី បានក្រើនរំលឹក និងជំរុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួនសម្រាប់អនុវត្តបន្ត ពិសេសត្រូវយកចិត្តទុកដាក់ ធ្វើឱ្យការផ្តល់សេវាកម្ម មនុស្សធម៌ កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។ទន្ទឹមនោះត្រូវខិតខំកៀរគរមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សាខា ហើយពង្រឹងការគ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ឱ្យមានតម្លាភាព និងគណនេយ្យភាព៕