មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការចាកចេញពី LDC ជាកាតព្វកិច្ចតម្រូវរបស់ UN យើងត្រូវតែឆ្ពោះទៅមុខ (Video inside)

03-02-2026 10:31

(ភ្នំពេញ)៖ លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ ជាកាតព្វកិច្ច ដែលអង្គការសហប្រជាជាតិ (UN)​ បានតម្រូវ​ឱ្យកម្ពុជា ត្រូវចាកចេញពីកម្រិតប្រទេសអភិវឌ្ឍន៍តិចតួច បើទោះបីជាចង់គេចក៏មិនរួចដែរ​ ដូច្នេះ​យើងត្រូវតែឆ្ពោះទៅមុខ។

លោកបានពន្យល់ថា ការតម្រូវឱ្យចាកចេញនេះ ដោយសារគេមើលឃើញពីប្រាក់ចំណូលរបស់មនុស្សម្នាក់ៗកើនឡើង។ តែយ៉ាងណាការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច អាចនឹងធ្វើឱ្យកម្ពុជា បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធមួយចំនួន ក៏ដូចជាកម្ចីសម្បទានជាដើម។

សូមជម្រាបថា ក្នុងសម័យប្រជុំពេញ អង្គលើកទី៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាវេលាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុម័តជាឯកច្ឆ័ន សម្រេចឱ្យកម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category) ក្នុងអំឡុងពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុម័តសេចក្តីសម្រេចចិត្តនេះ។

លោក ចាន់ សុធី គូសបញ្ជាក់បែបនេះ ធ្វើឡើង ក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ​នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ៕

សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់ លោក ចាន់ សុធី​៖