ព្រះមេគណខេត្តព្រះវិហារ ដឹកនាំភិក្ខុសាមណេរ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ និង សិស្សានុសិស្ស ប្រារព្វពិធីបុណ្យមាឃបូជា និងបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់វីរយុទ្ធជន

03-02-2026 11:19

(ព្រះវិហារ)៖ ព្រះសីមាវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ បាននិមន្តប្រទានឱវាទ ដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សានុសិស្ស ជាច្រើន អង្គ នាក់ នៅវត្តទួលឧត្តម ហៅវត្តប្រមេរ ស្ថិតនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ និងវត្តប្រាសាទគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារក្នុងកម្មវិធីបុណ្យមាឃបូជា។

ពិធីនេះបានធ្វើឡើងដោយមានការនិមន្តនិងអញ្ជើញចូលរួម ពីព្រះអនុគណព្រះចៅអធិការវត្ត អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ព្រះសង្ឃអាចារ្យគណកម្មការវត្ត ភូមិ ឃុំ និងពុទ្ធបរិស័ទជាច្រើនរូប ប្រកបដោយសេចក្តីជ្រះថ្លា។

ព្រះមេគណខេត្តព្រះវិហារ ព្រះសីមាវិជិត ឡុង សុមុនី បានមានសង្ឃដិកាលើកឡើងថា ពិធីបុណ្យមាឃបូជានេះត្រូវបានរៀបចំធ្វើឡើងក្នុងគោល បំណង ដើម្បីរំលឹកដល់គុណសំខាន់ៗ៣យ៉ាង៖

*ការប្រជុំចតុរង្គសន្និបាត
*ទ្រង់សម្តែងឱវាទបាតិមោក្ខ
*ទ្រង់ដាក់ព្រះជន្មាយុសង្ខារ។

នៅក្នុងឱកាសនោះដែរ ព្រះមេគណខេត្តព្រះវិហារ បានដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សានុសិស្ស បានធ្វើកិច្ចសមាធិនិងបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់វីរយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និង បូរណភាព ទឹកដី។

ជាមួយគ្នានេះផងដែរ ព្រះមេគណខេត្តព្រះវិហារ បានមានសង្ឃដីកាផ្តាំផ្ញើដល់ញាតិញោម និងសិស្សានុសិស្សទាំងអស់ សូមកុំភ្លេច នូវរាល់ការលៈបង់សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន នៃយើង ត្រូវមានស្មារតីចងចាំ និងដឹងគុណជានិច្ចថាពួកគាត់លៈបង់ជីវិតដើម្បីជាតិយើង៕