ពិធីបុណ្យមាឃបូជា អមដោយសន្តិវេទិតា ត្រូវបានថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងព្រះសង្ឃ ប្រារព្ធពិធីរួមព្រមគ្នា

03-02-2026 14:28

(ពោធិ៍សាត់)៖ ពិធីបុណ្យមាឃបូជា អមដោយសន្តិវេទិតា ត្រូវបានថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងព្រះសង្ឃ ប្រារព្ធពិធីរួមព្រមគ្នា នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជាការរំលឹកដល់ថ្ងៃព្រះពុទ្ធអង្គជាម្ចាស់ ធ្វើចតុរង្គសន្និបាត និងដាក់ព្រះជន្មាយុសង្ខារ ចំពោះមុខមារ ក្នុងព្រះពុទ្ធសាសនាផង និងដើម្បីជាការតម្កល់សន្តិភាព ជាតម្លៃខ្ពស់បំផុតសម្រាប់ជីវិតមនុស្ស និងប្រទេសជាតិទូទាំងសកលលោកផង។

ថ្លែងក្នុងឱកាសចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តកែវវិជ័យ និងវត្តមណីរតនារាម, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបថា មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ដែលតែងតែប្រារព្ធធ្វើនៅក្នុងខែមាឃ។ បុណ្យមាឃបូជា ត្រូវបានប្រារព្ធធ្វើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលព្រះអង្គដួង (ក្រុងឧត្ដុង្គ ព.ស២៣៩៧ គ.ស១៨៥៤) ហើយត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិ ហៅថាមាឃបូជា តាំងពីរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្ស មក។

លោកបានបន្តថា ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៍ធំៗ៣គឺ៖ ប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន, ប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ និងប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។

លោក ខូយ រីដា បានគូសបញ្ជាក់ថា ក្នុងឆ្នាំនេះពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធធ្វើព្រមគ្នា ជាមួយសន្តិវេទិតា ដើម្បីជាការរំលឹកដល់ព្រះពុទ្ធសាសនាផង និងជាការតម្កល់សន្តិភាព ជាតម្លៃខ្ពស់បំផុតសម្រាប់ជីវិតមនុស្ស និងប្រទេសជាតិទូទាំងសកលលោកផង។ ការប្រារព្ធពិធីនេះរួមគ្នា មានគោលបំណងអប់រំយុវជន ឱ្យស្វែងយល់ពីតម្លៃនៃវប្បធម៌ សាសនា និងការរួមរស់ជាមួយគ្នាដោយអហិង្សា, បង្កើនស្មារតីសាមគ្គីរវាងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីថែរក្សាសុខសន្តិភាព ដែលរកបានមកដោយលំបាក និងជាការរំលឹកខ្លួនឯងឱ្យលះបង់នូវការគុំកួន ព្យាបាទ និងងាកមកប្រើប្រាស់មេត្តាធម៌ ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហា។

ជាក់ស្តែងដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ, ទាំងកម្ពុជា និងថៃ សុទ្ធតែជាប្រទេសកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ដូច្នេះការប្រារព្ធបុណ្យមាឃបូជាអមដោយសន្តិវេទិតា គឺជាការរំលឹកដល់ភាគីទាំងសងខាងថា «យើងមានគ្រូតែមួយ» (ព្រះពុទ្ធ)។ ការសម្រួលចិត្តទាហាននៅជួរមុខ ឱ្យកាត់បន្ថយកំហឹង និងការស្អប់ខ្ពើមគ្នា គឺជាស្ពានចម្លងសន្តិភាព ហើយថ្នាក់ដឹកនាំទាំងសង្ខាងត្រូវរួមគ្នាដោះស្រាយបញ្ហាទាំងអស់ ដោយអហិង្សា សន្តិវិធី និងយន្តការច្បាប់អន្តរជាតិ ជៀសវាងដោះស្រាយជម្លោះ ដោយប្រដាប់អាវុធ។

លោកសង្ឃឹមជឿជាក់ថា ការប្រារព្ធពិធីនេះ នឹងធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព មិនត្រូវការសង្គ្រាម និងសូមឱ្យពុទ្ធសាសនិកគ្រប់រូប ចូលរួមបំពេញកុសលធម៌ ដែលប្រើក្នុងពិធីបុណ្យសាសនានេះ ដើម្បីជះឈ្នះអស់មាសត្រូវ រក្សាបានសន្តិភាពផ្ទៃក្នុង និងតំបន់៕