កម្ពុជាប្រមូលចំណូលសួយសារអាករ និងពន្ធនាំចេញពីវិស័យថ្មអារបានទឹកប្រាក់ជិត ៤០លានដុល្លារ

03-02-2026 14:34

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានប្រមូលចំណូល ពីសួយសារអាករ និងពន្ធនាំ​ចេញ​ (មិនគិតចំណូលពន្ធដារ) ថ្មអារមានទឹកប្រាក់ជិត ៤០លាន​ដុល្លារ​អាមេរិក។

ចំណូលទាំងនោះប្រមូលបានពីក្រុមហ៊ុនជាង៤០ ដែលមានអាជ្ញាក្នុងអាជ្ញាបណ្ណសរុបជាង៦០ ដែលកំពុងមានប្រតិបត្តិកាអាជីវកម្មនៅកម្ពុជា។

ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រី កែវ រតនៈ ធ្វើឡើងនៅក្នុង​សន្និបាត​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល សមាគមថ្មអារកម្ពុជា អាណត្តិទី១ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។

នាឱកាសនោះដែរ លោក កែវ រតនៈ បានបញ្ជាក់ថា សម្រាប់​គោលដៅវិនិយោគលើវិស័យរ៉ែ ដើម្បីជាផលប្រយោជន៍របស់ប្រជាជន គឺការបង្កើតការងារ និងចំណូលដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលបានចំណូលមួយចំនួន ដើម្បីយកទៅអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ វ​ិស័យថ្មអារកម្ពុជា ដែលបានការបង្កើតសមាគមមួយ ដើម្បីឈានទៅជំរុញការធ្វើវិស័យថ្មអារ ឲ្យកាន់តែមានការរីកចម្រើន។

លោកបន្ថែមថា «នៅកម្ពុជាវិស័យថ្មអារ មានក្រុមហ៊ុនប្រតិបត្ដិការអាជីវកម្មជាង៤០ នៅក្នុងអាជ្ញាប័ណ្ណសរុបជាង៦០ ដែលចំណូលសរុបរួមមាន៖ ទី១៖ សួយសាររ៉ែនេះចាត់ទុកថា ជាពន្ធនៃការយកធនធានធម្មជាតិ មកធ្វើអាជីវកម្ម ហើយរដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុន ដែលធ្វើការនូវក្នុងវិស័យរ៉ែ បង់សួយសារ ជាពន្ធមួយប្រភេទធនធានធម្មជាតិ និងពន្ធនាំចេញទៅប្រទេសក្រៅ។ មិនត្រឹមតែបង់សួយសារ ត្រូវបង់ពន្ធនាំចេញមួយទៀត បូកសរុបទាំងពីរនេះរយៈពេល៣ឆ្នាំ គឺបានជិត ៤០លានដុល្លាសហរដ្ឋអាមេរិក ប៉ុន្ដែមិនទាន់ពីពន្ធដារទេ»

លោករដ្ឋមន្ត្រីបានបន្ដថា នៅក្នុងប្រតិបត្តិការរ៉ែទាំងអស់ ត្រូវមានការអនុញ្ញាតពីក្រសួងបរិស្ថាន ដែលជាក្រសួងជំនាញ មើលការខុសត្រូវផលប៉ះពាល់បរិស្ថានតាមច្បាប់ និងក្រមរបស់បរិស្ថាន ដូច្នេះនៅក្នុងការប្រតិបត្តិត្រូវមើលពីផលប៉ះពាល់ដូចជា មនុស្ស សត្វ និងខ្យល់ជាដើម។ នៅពេលដែលក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលហើយ ក្រុមហ៊ុនត្រូវតែមានការឯកភាពពីក្រសួងបរិស្ថាន ដើម្បីធ្វើអាជីវកម្ម ហើយវិធីនីតិនេះ គឺជានីតិវិធីស្តង់ដារអន្តរជាតិមួយ ដែលប្រើប្រាស់ជារួម ហើយកម្ពុជាក៏មិនចេញឆ្ងាយពីបទដ្ឋានបច្ចេកទេសពិភពលោកផងដែរ។

លោករដ្ឋមន្ត្រីបានបន្តថា ថ្មអារ គឺជាប្រភេទថ្មដែលយកទៅធ្វើជា ដេគ័រ បិទអាគារ និងយកទៅធ្វើជាឧបករណ៍កែច្នៃឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយថ្មអារអាចយកបំពេញតម្រូវការនៅក្នុងប្រទេស។ សម្រាប់ថ្មអារ មានការនាំចេញទៅកាន់ប​ណ្ដាប្រទេសចំនួន ១៣ រួមមាន៖ សហរដ្ឋអាមេរិក, រុស្ស៊ី, ឥណ្ឌា, ចិន, សិង្ហបុរី, ហ្វីលីពីន, ម៉ាឡេស៊ី និងបណ្ដាប្រទេសអាស៊ានជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានបន្ថែមថា ការបង្កើតសមាគម គឺចង់ឲ្យមានដៃគូ ដើម្បីអង្គុយធ្វើការជាមួយរដ្ឋាភិបាល កន្លងមកបានរដ្ឋាភិបាលបន្ធូរអត្រាពន្ធ និងគោលនយោបាយលើកទឹកចិត្តជាច្រើនទៀត និងការកាត់បន្ថយការិយាធិបតេយ្យ ក្នុងការនាំចេញចេកជាកែទម្រង់ច្រើនរបស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែត ក្នុងរយៈពេលជាង២ឆ្នាំនេះ សម្ដេចអារកាត់ច្រើនណាស់ ដែលធ្វើឲ្យការនាំចេញមានការកើនឡើង ដែលធ្វើឲ្យចំណូលរបស់រដ្ឋកើនឡើង៕