អគ្គនាយកនិយ័តករបរធនបាលកិច្ច ប្រកាសបើកវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៨
03-02-2026 15:06
(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញប្រកាស បើកវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៨ ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំ រយៈពេលចំនួន ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី៣-៥ ខែកុម្ភៈ ឆ្នាំ២០២៦និងមានអ្នកចូលរួមសរុបចំនួន ១៤៨ រូប ដែលមានសមាសភាពចូលរួមពីក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច, បុគ្គលដែលមានបំណងផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន។
សូមបញ្ជាក់ជូនផងដែរថា រហូតមកដល់ពេលនេះ និយ័តករបរធនបាលកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធបាលកិច្ច បានចំនួន៧លើករួចមកហើយ ដែលមានអ្នកចូលរួមសរុបចំនួន ១,៤០០រូប៕















