KOICA និងកម្ពុជា រួមគ្នាជំរុញកំណែទម្រង់អភិបាលកិច្ច តាមរយៈគម្រោងពង្រឹងសមត្ថភាពដល់សាលាភូមិន្ទរដ្ឋបាល
03-02-2026 15:31
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៅសាលាភូមិន្ទរដ្ឋបាល (RSA) ដើម្បីបញ្ជាក់ពីការបញ្ចប់ដោយជោគជ័យ នូវការចុះបេសកកម្មលើកទី១ នៃសេវាកម្មប្រឹក្សាយោបល់គ្រប់គ្រងគម្រោង (PMC) ស្ថិតក្រោម «គម្រោងពង្រឹងសមត្ថភាពសាលាភូមិន្ទរដ្ឋបាល ដើម្បីកំណែទម្រង់អភិបាលកិច្ច និងការពង្រឹងសមត្ថភាពនៅកម្ពុជា (២០២៥-២០២៩)»។
កិច្ចប្រជុំនេះដឹកនាំដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល (RSA) និងលោកស្រី លី សេជីន អនុប្រធានការិយាល័យ KOICA ប្រចាំកម្ពុជា និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាង KOICA និងរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ។
ក្នុងអង្គប្រជុំក្រុមការងារ PMC ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Lee Chung-Yeol បានបង្ហាញនូវលទ្ធផលសំខាន់ៗដែលទទួលបានពីការស្ទង់មតិដំបូង (Inception Survey) និងចែករំលែកលទ្ធផលនៃសិក្ខាសាលាស្តីពីផែនការមេ (Master Plan) កម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ICT) និងប្រព័ន្ធឌីជីថល (វេទិកាសិក្សាតាមអ៉ីនធឺណិត)។ ការពិភាក្សាទាំងនេះបានបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កែលម្អការជ្រើសរើសមន្ត្រីរាជការ ប្រព័ន្ធបណ្តុះបណ្តាល និងសមត្ថភាពស្ថាប័ននៅសាលាភូមិន្ទរដ្ឋបាល។
គម្រោងនេះបានផ្តល់អាទិភាពខ្ពស់លើការអប់រំផ្អែកលើបច្ចេកវិទ្យា (ICT) និងវេទិកាសិក្សាបែបឌីជីថល ដែលអនុញ្ញាតឱ្យមន្ត្រីរាជការអាចទទួលបានការបណ្តុះបណ្តាលទាំងតាមអនឡាញ និងដោយផ្ទាល់។ គំនិតផ្ដួចផ្ដើមនេះឆ្លើយតបដោយផ្ទាល់ទៅនឹងអាទិភាពរបស់កម្ពុជាលើការផ្លាស់ប្តូរឌីជីថលក្នុងរដ្ឋបាលសាធារណៈ ក្នុងគោលបំណងកសាងសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ទំនើប និងដឹកនាំដោយបច្ចេកវិទ្យា។
កិច្ចប្រជុំបានបញ្ចប់ទៅដោយការពិភាក្សាយ៉ាងផុសផុល ការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ (MoM) រវាងក្រសួងមុខងារសាធារណៈ និង KOICA ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យក្នុងរយៈពេល ៤ឆ្នាំខាងមុខ ជាមួយនឹងកញ្ចប់ថវិកាសរុបចំនួន ១១,៧លានដុល្លារអាមេរិក។ សមិទ្ធផលដ៏សំខាន់នេះ រកឃើញពីភាពជាដៃគូរយៈពេលវែងរបស់ KOICA ជាមួយកម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីកំណើនជាតិប្រកបដោយចីរភាព៕






















