Fresh Exclusive: លំនាំចាស់ ក្នុងពិភពលោកថ្មី៖ យុទ្ធសាស្ត្រចង់លេបទឹកដីខ្មែរពីសំណាក់ថៃ មិនអាចគេចផុតពីភាពអាម៉ាស់លើកទី៣ នៃប្រវត្តិសាស្ត្របានឡើយ

03-02-2026 17:34

(ភ្នំពេញ)៖ កិច្ចប្រជុំលេខាធិការដ្ឋាន RBC រវាងយោធភូមិភាគទី៤ របស់កម្ពុជានិងភាគីថៃ នៅច្រកអន្តរជាតិជាំ-សាង៉ាំ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ចប់ដោយមិនទាន់រកឃើញចំណុចកណ្តាលរួម។ សម្រាប់កម្ពុជា ភាពទ័លច្រកនេះមិនមែនជាសញ្ញាទន់ខ្សោយទេ ប៉ុន្តែជាសញ្ញាថា កម្ពុជា កំពុងបដិសេធការទទួលយកស្ថានភាពលើដីដែលមិនស្របច្បាប់ និងកំពុងរុញជម្លោះនេះ ទៅកាន់វេទិកាច្បាប់ និងភាពស្របច្បាប់អន្តរជាតិ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ប្រវត្តិសាស្ត្រ មិនត្រឹមតែជាអតីតកាលសម្រាប់រំលឹកទេ ប៉ុន្តែជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងអនាគត។ ក្នុងរាល់ដំណាក់កាលដែលថៃ បានព្យាយាមប្រើអំណាច ឬចន្លោះអំណាច ដើម្បីលេបទឹកដីកម្ពុជា វាហាក់ដូចជាឈ្នះលើដីជាបណ្តោះអាសន្ន ប៉ុន្តែថៃនៅតែចាញ់ក្នុងវេទិកាខ្ពស់ជាងគឺលើវេទិកាច្បាប់ និងភាពស្របច្បាប់អន្តរជាតិ។ ភាពទ័លច្រកជាលើកទី២ នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅថ្ងៃទី២ កុម្ភៈ ២០២៦ មិនមែនជាសញ្ញាអស់សង្ឃឹមនៃការចរចាទេ ប៉ុន្តែជាសញ្ញាបង្ហាញថា លំនាំយុទ្ធសាស្ត្រដដែលៗរបស់ថៃ កំពុងជួបប្រទះនឹងជញ្ជាំងយុត្តិធម៌សម័យថ្មី ដែលអំណាចបំពានខុសច្បាប់នៅលើដី មិនអាចលុបអំណាចច្បាប់អន្តរជាតិបានទៀតឡើយ។

* ពីអតីតកាលមកទល់បច្ចុប្បន្ន លំនាំចាស់ ដែលតែងតែវិលត្រឡប់មកវិញ

ចាប់ពីចុងសតវត្សរ៍ទី១៨ រហូតដល់សតវត្សរ៍ទី២០ ប្រវត្តិសាស្ត្របានកត់ត្រាដំណាក់កាលជាច្រើន ដែលសៀមបានឆ្លៀតឱកាសនៅពេលកម្ពុជា ចុះខ្សោយពីខាងក្នុង ឬនៅពេលប្រព័ន្ធអន្តរជាតិរងចលាចល ដើម្បីធ្វើសកម្មភាពលេបយកនិងដណ្តើមកាន់កាប់ទឹកដីខ្មែរ។ ទោះជាយ៉ាងណាប្រវត្តិសាស្ត្រ បានបញ្ជាក់យ៉ាងច្បាស់ដែរថា គ្រប់លើកដែលបញ្ហាទាំងនេះត្រូវបានលើកឡើងទៅកាន់សន្ធិសញ្ញា ឬយន្តការច្បាប់អន្តរជាតិ អ្វីៗដែលសៀមបានយកទៅដោយអំណាច និងភាពឆ្លៀតឱកាសនោះ នៅទីបំផុត តែងតែត្រូវបង្ខំឱ្យប្រគល់ត្រឡប់មកឱ្យម្ចាស់ដើមវិញ។ នៅក្នុងសតវត្សរ៍ទី២១ ទោះបីសម័យកាល បានផ្លាស់ប្តូរយ៉ាងខ្លាំង ក៏លំនាំយុទ្ធសាស្ត្រក្រឡិចក្រឡុចរបស់ជាតិសាសន៍មួយនេះ មិនបានផ្លាស់ប្តូរទេមានតែទម្រង់ និងវិធីសាស្ត្រប៉ុណ្ណោះ ដែលត្រូវបានកែប្រែឲ្យសមស្របនឹងបរិបទសម័យថ្មី។

អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ បានកត់ត្រាថានៅឆ្នាំ១៧៩៤ មុនសម័យអាណានិគមបារាំង សៀមបានឆ្លៀតឱកាសពេលខ្មែរចុះខ្សោយ យកខេត្តបាត់ដំបង និងសៀមរាប រួមទាំងតំបន់អង្គរវត្ត ទៅគ្រប់គ្រងអស់រយៈពេលជាងមួយសតវត្សរ៍។ ការកាន់កាប់នេះ មិនមែនជាអំពើចៃដន្យទេ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្រឆ្លៀតឱកាស ដែលផ្អែកលើភាពទន់ខ្សោយរបស់កម្ពុជា និងភាពអស្ថិរភាពនៃបរិបទតំបន់។

ប៉ុន្តែនៅក្នុងសម័យអាណានិគមបារាំង ដើម្បីកំណត់ព្រំដែនឱ្យមានភាពច្បាស់លាស់ និងស្របតាមគោលការណ៍អន្តរជាតិ បារាំងបានបង្ខំឱ្យសៀមចុះសន្ធិសញ្ញាឆ្នាំ១៩០៤ និង ១៩០៧។ លទ្ធផលគឺ សៀមត្រូវប្រគល់ខេត្តទាំងនោះ មកឱ្យកម្ពុជាវិញ។ ពីសន្ធិសញ្ញានេះហើយ ទើបបានកើតមាន «ផែនទីឧបសម្ព័ន្ធទី១» (Annex I Map) ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា។ ក្រោយមកទៀត ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ចន្លោះឆ្នាំ១៩៤១ ដល់ ១៩៤៦ នៅពេលចក្រព័ត្រជប៉ុនមានអំណាចនៅក្នុងតំបន់ ថៃបានឃុបឃិតជាមួយជប៉ុន បង្ខំឱ្យបារាំងចុះ «អនុសញ្ញាទីក្រុងតូក្យូ ឆ្នាំ ១៩៤១» ដើម្បីយកខេត្តបាត់ដំបង និងសៀមរាបត្រឡប់ទៅវិញ។ ទង្វើនេះ ជាឧទាហរណ៍មួយទៀតនៃការឆ្លៀតប្រើចន្លោះអំណាច និងស្ថានភាពសង្គ្រាម ដើម្បីសម្រេចមហិច្ឆតាទឹកដី។

ប៉ុន្តែក្រោយសង្គ្រាមលោក បានបញ្ចប់នៅឆ្នាំ១៩៤៦ ប្រព័ន្ធអន្តរជាតិបានត្រឡប់មករកសណ្តាប់ធ្នាប់វិញ។ បារាំងនិងសហរដ្ឋអាមេរិក បានរួមដៃគ្នាសង្កត់លើថៃ។ សហរដ្ឋអាមេរិកបានប្រកាស មិនទទួលស្គាល់ការកាត់ទឹកដីនោះឡើយ ហើយបារាំងបានបង្ខំឱ្យថៃចុះ «កិច្ចព្រមព្រៀងដោះស្រាយ ឆ្នាំ១៩៤៦» ដែលគេស្គាល់ថា Settlement Agreement 1946។ ជាលទ្ធផល អនុសញ្ញាទីក្រុងតូក្យូ ឆ្នាំ១៩៤១ ត្រូវបានលុបចោលទាំងស្រុង ហើយថៃត្រូវប្រគល់ទឹកដីទាំងនោះមកឱ្យកម្ពុជាវិញ។ នេះជាមូលដ្ឋានច្បាប់ដ៏រឹងមាំ ដែលធ្វើឲ្យថៃមិនអាចយកលេសសម័យសង្គ្រាម មកអះអាងលើទឹកដីកម្ពុជា បានទៀតឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងអំពើឈ្លានពានក្នុងសតវត្សរ៍ទី២១នេះ ដើម្បីគេចវេសពីភាពបរាជ័យក្នុងអតីតកាល ថៃតែងយកលេសរឿងនេះ រឿងនោះ មកប្រើជាយុទ្ធសាស្ត្រពន្យាពេល ក្នុងទម្រង់នៃការបដិសេធ ដើម្បីមិនឲ្យជម្លោះព្រំដែនឡើងប្រឈមមុខនៅក្នុងវេទិកាច្បាប់អន្តរជាតិឡើយ។ យុទ្ធសាស្ត្រនេះ មើលទៅដូចជាការការពារផលប្រយោជន៍ជាបណ្តោះអាសន្ន ប៉ុន្តែនៅជាក់ស្តែង វាគ្រាន់តែជាវិធីសាស្ត្រមួយសម្រាប់ «ទិញពេលវេលា» និងបន្តបង្កើតស្ថានភាពជាក់ស្តែងលើដីប៉ុណ្ណោះ។

ប៉ុន្តែភាពខុសគ្នាសំខាន់បំផុតរវាងអតីតកាលនិងបច្ចុប្បន្ន ស្ថិតនៅត្រង់ថា ពេលវេលានៅក្នុងសតវត្សរ៍ទី២១ មិនលុបភស្តុតាងទៀតទេ វាកាន់តែប្រមូលផ្តុំសកម្មភាពខុសច្បាប់ទាំងនោះ ឲ្យក្លាយជាសាក្សីនៃប្រវត្តិសាស្ត្រ។ អ្វីដែលថៃធ្លាប់គិតថា ជាយុទ្ធសាស្ត្រការពារសម្រាប់ពេលអនាគត កំពុងប្រែជាភស្តុតាងនៃការខ្វះឆន្ទៈក្នុងការដោះស្រាយជម្លោះដោយសន្តិភាព និងស្របច្បាប់។ ហើយនៅពេលយុត្តិធម៌ ត្រូវបានហៅឱ្យថៃចូលខ្លួនដើម្បីមកកាត់សេចក្តី លំនាំចាស់ដែលតែងតែវិលត្រឡប់មកវិញនេះ ក៏នឹងត្រូវបញ្ចប់ ដូចដែលប្រវត្តិសាស្ត្របានបញ្ចប់វារួចមកហើយដែរ។ ថៃមិនអាចគេចផុតពីសំណាញ់យុត្តិធម៌ និងច្បាប់អន្តរជាតិបានឡើយ។

*កិច្ចប្រជុំ RBC ថ្ងៃទី២ កុម្ភៈ ២០២៦៖ ភាពទ័លច្រកលើកទី២ ដែលមានន័យលើសពីការមិនឯកភាព

កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជានិងភាគីថៃ ដែលបានធ្វើឡើងនៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ កុម្ភៈ ២០២៦ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានបញ្ចប់ដោយការប្រកាសថា «មិនទាន់រកឃើញចំណុចកណ្តាលរួម» ហើយភាគីទាំងពីរត្រូវដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរបស់ខ្លួន ដើម្បីបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាបន្ថែម។ នេះគឺជាភាពទ័លច្រកលើកទី២ បន្ទាប់ពីការរអាក់រអួលដែលបានកើតមាននៅមុននេះ។

ទោះជាយ៉ាងណា សារៈសំខាន់ពិតប្រាកដរបស់កិច្ចប្រជុំនេះ មិនស្ថិតនៅលើពាក្យថា «មិនឯកភាព» ឬ «មិនទាន់រកឃើញចំណុចកណ្តាល» ទេ ប៉ុន្តែស្ថិតនៅលើរបៀបដែលភាពទ័លច្រកនេះត្រូវបានកត់ត្រា និងបរិបទដែលវាត្រូវបានដាក់ចូល៖

- វាបានកើតឡើង ក្រោមការសង្កេតការណ៍របស់អាស៊ាន ដែលបំប្លែងជម្លោះពីរឿងទ្វេភាគី ទៅជាបញ្ហាដែលមានការយកចិត្តទុកដាក់តំបន់
- វាផ្អែកលើស្មារតីនៃសេចក្តីប្រកាសរួម GBC ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តអនុវត្តយន្តការសន្តិភាព និងច្បាប់
- ហើយវាត្រូវបានកត់ត្រាជាឯកសារផ្លូវការ ដែលអាចយកទៅយោង និងប្រើប្រាស់ជាភស្តុតាងបាននាពេលអនាគត

ក្នុងភាសានយោបាយ និងច្បាប់អន្តរជាតិ នេះមានន័យថា ការបដិសេធ ឬការពន្យាពេល មិនមែនជាការស្ងៀមស្ងាត់ទៀតទេ។ វាក្លាយជា កំណត់ត្រាផ្លូវការ ដែលបង្ហាញពីឆន្ទៈ ឬការខ្វះឆន្ទៈក្នុងការដោះស្រាយជម្លោះដោយសន្តិភាព និងស្របច្បាប់ កំណត់ត្រាមួយ ដែលនឹងមានទម្ងន់ និងតម្លៃលើផ្លូវច្បាប់ នៅពេលជម្លោះនេះ ត្រូវបានលើកទៅវេទិកាខ្ពស់ជាងនេះ។

* សតវត្សរ៍ទី២១៖ ពេលដែល «ភាពអាម៉ាស់ក្នុងប្រវត្តិសាស្ត្រ» អាចកើតឡើងជាលើកទី៣

ភាពអាម៉ាស់ក្នុងប្រវត្តិសាស្ត្រ មិនកើតឡើងពីការចាញ់សង្គ្រាមលើសមរភូមិទេ ប៉ុន្តែកើតឡើងពីការត្រូវបង្ខំឲ្យដកថយ នៅវេទិកាដែលខ្លួនបានព្យាយាមគេចវេសជាយូរមកហើយ។ សម្រាប់សតវត្សរ៍ទី២១ លក្ខខណ្ឌ ដែលអាចនាំឲ្យកើតមាន «ភាពអាម៉ាស់លើកទី៣» មិនមែនកើតឡើងភ្លាមៗទេ ប៉ុន្តែកំពុងត្រូវបានបង្កើតឡើងបន្តិចម្តងៗ តាមរយៈកត្តាសំខាន់ៗមួយចំនួន៖

- កំណត់ត្រានៃការបដិសេធ និងការពន្យាពេលជាបន្តបន្ទាប់ ដែលត្រូវបានកត់ត្រាជាផ្លូវការ
- ការសង្កេតការណ៍ និងការយកចិត្តទុកដាក់ពីកម្រិតតំបន់ និងពហុភាគី
- និងការរឹតបន្តឹងកាន់តែខ្លាំង នៃភាសាច្បាប់ និងស្តង់ដារអន្តរជាតិ។

នៅពេលជម្លោះមួយត្រូវបានបម្លែងពី «អាវុធលើដី» ទៅជា «បំណុលលើឯកសារ» អំណាចនៃការបដិសេធ នឹងមិននៅជាឧបករណ៍ការពារទៀតទេ ប៉ុន្តែប្រែជាភស្តុតាងប្រឆាំងខ្លួនឯង។

ក្នុងជំនាន់មុនៗ ពេលថៃបានយកទឹកដីខ្មែរ មិនត្រឹមតែបង្កើតការគ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនលើខេត្តខ្មែរ ដើម្បីបង្កើតភាព «ជាដីរបស់ខ្លួន» និងបង្កើនការយល់ឃើញថា ការកាន់កាប់នោះមានលក្ខណៈអចិន្ត្រៃយ៍។ ប៉ុន្តែពេលច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោក ត្រឡប់មកដំណើរការវិញ សំណង់ទាំងនោះមិនអាចរក្សាទុកជាភស្តុតាងស្របច្បាប់បានឡើយ ទឹកដីត្រូវបានប្រគល់ត្រឡប់មកឱ្យម្ចាស់ដើមវិញ ហើយសំណង់ក្លាយជាស្នាមប្រវត្តិសាស្ត្រ នៃយុទ្ធសាស្ត្រដែលបរាជ័យ។

នៅសម័យបច្ចុប្បន្ន លំនាំដដែលៗនេះ ហាក់កំពុងត្រឡប់មកវិញ ក្នុងទម្រង់ថ្មីនិងវិធីសាស្ត្រដែលស្មុគស្មាញជាងមុន។ ការរាយលួសបន្លាព័ទ្ធយកដី ការឈូសឆាយផ្ទះអ្នកស្រុក និងការព្យាយាមលុបបំបាត់ភស្តុតាងជាក់ស្តែងលើដី ត្រូវបានមើលឃើញថា ជាការបង្កើត faits accomplis ដើម្បីបើកផ្លូវឲ្យមានសំណង់ថ្មីៗ ដែលអាចត្រូវយកទៅអះអាងថាជាភស្តុតាងនៃការគ្រប់គ្រង។ ប៉ុន្តែសតវត្សរ៍ទី២១ មិនដំណើរការដូចអតីតកាលឡើយ។ ការបំផ្លាញភស្តុតាងលើដី មិនអាចលុបភស្តុតាងលើឯកសារបានទេ។ ពេលវេលា មិនលុបកំហុសទេ វាកាន់តែប្រមូលផ្តុំ និងកត់ត្រាកំហុសទាំងនោះ ឲ្យក្លាយជាសាក្សីប្រឆាំងខ្លួនឯង។

ប្រវត្តិសាស្ត្រ២លើក បានបង្ហាញយ៉ាងច្បាស់រួចមកហើយថា ការលេបទឹកដី និងការបង្កើតសំណង់ខុសច្បាប់ មិនអាចនាំទៅរកជ័យជម្នះយូរអង្វែងឡើយ។ នៅពេលយុត្តិធម៌មកដល់ កម្ពុជាមិនត្រឹមតែទទួលបានទឹកដីត្រឡប់វិញទេ ប៉ុន្តែភាគីដែលបានរំលោភនឹងត្រូវសងទាំងដី និងបំណុលច្បាប់ ដែលកើតឡើងពីអំពើរំលោភនោះផងដែរ។ សំណង់ខុសច្បាប់លើទឹកដីកម្ពុជា មិនអាចរើយកត្រឡប់ទៅជាមួយអ្នកឈ្លានពានបានឡើយ វានឹងនៅជាភស្តុតាងនៃការបំពាន មិនមែនជាទ្រព្យសម្បត្តិស្របច្បាប់ឡើយ។

សេចក្តីសន្និដ្ឋាន៖ ភាពទ័លច្រកលើកទី២ នៃកិច្ចប្រជុំ RBC ថ្ងៃទី២ កុម្ភៈ ២០២៦ មិនមែនជាសញ្ញាទន់ខ្សោយរបស់កម្ពុជាទេ។ វាជាសញ្ញាថា កម្ពុជា កំពុងបដិសេធការលេងល្បែងអតីតកាល និងកំពុងរុញជម្លោះទៅវេទិកាដែលនឹងធ្វើឱ្យអំណាចនៅលើដី មិនអាចឱ្យយកឈ្នះលើអំណាចច្បាប់បានឡើយ។ បើថៃបន្តប្រើយុទ្ធសាស្ត្រដដែលៗ ក្នុងពិភពលោកដែលបានផ្លាស់ប្តូរទាំងស្រុងអស់ ទៅហើយនោះ «ភាពអាម៉ាស់របស់ថៃក្នុងប្រវត្តិសាស្ត្រ» ជាលើកទី៣ មិនមែនជាសំណួរថា មានឬអត់ទេ ប៉ុន្តែជាសំណួរថា ពេលណាដែលប្រទេសឈ្លានពានកម្ពុជានេះនឹងរងភាពអាម៉ាស់របស់ខ្លួនដោយពិតប្រាកដ? យុត្តិធម៌មិនដែលបាត់បង់ទេ បើទោះបីធ្វើដំណើរមកយឺតបន្តិចក្តី៕