ស្ថានទូតកម្ពុជានៅកូរ៉េ គាំទ្រក្រុមហ៊ុននំស្រួយលីលី ស្វែងរកឱកាសវិនិយោគ និងនាំចេញទៅទីផ្សារកូរ៉េ

03-02-2026 19:00

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយឧកញ៉ា កែវ មុំ អគ្គនាយិកាសហគ្រាសផលិតនំស្រួយលីលី នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

ឧកញ៉ា កែវ មុំ លើកឡើងពីគោលបំណងនៃការធ្វើទស្សនកិច្ចមកកូរ៉េលើកនេះ គឺពិនិត្យរោងចក្រវេចខ្ចប់ផ្លាស្ទិចរបស់កូរ៉េ ដែលខាងស្ថានទូតបានជួយភ្ជាប់ទំនាក់ទំនងកាលពីចុងឆ្នាំ ២០២៥ កន្លងទៅនេះ។ ឧកញ៉ា កែវ មុំ បានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគុណភាព និងសមត្ថភាពផលិតរបស់ក្រុមហ៊ុនវេចខ្ចប់របស់កូរ៉េនេះ ហើយចង់សហការជាមួយក្រុមហ៊ុន ដើម្បីបង្កើនសោភ័ណភាព និងស្តង់ដារនៃការវេចខ្ចប់ផលិតផលរបស់ក្រុមហ៊ុននំស្រួយលីលី ។ បន្ថែមពីនេះ ខាងក្រុមហ៊ុនក៏ចង់ស្វែងរកឱកាសទីផ្សារថ្មីដើម្បីនាំចេញផលិតផលជាច្រើនប្រភេទរបស់ក្រុមហ៊ុននំស្រួយលីលី មកពីផ្សារកូរ៉េផងដែរ។

ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរយោបល់ទៅលើកាលានុវត្តភាព និងបញ្ហាប្រឈមនៃការផលិត និងការនាំចេញផលិតផលកម្ពុជាចូលទីផ្សារបរទេស ពិសេសទីផ្សារកូរ៉េ ។ លោក ឯកអគ្គរាជទូត សង្ឃឹមថាដំណើរទស្សនកិច្ចរបស់ ឧកញ៉ា កែវ មុំ មកកូរ៉េលើកនេះ នឹងទទួលបានជោគជ័យ ព្រមទាំងអាចនាំយកបទពិសោធន៍ល្អៗ ចែករំលែកទៅកាន់ផលិតករដទៃទៀតនៅកម្ពុជា៕