សមាជិកព្រឹទ្ធសភា ប្រគេនចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តកំពង់ធំ
03-02-2026 19:23
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងក្រុមការងារព្រមទាំងពុទ្ធបរិស័ទ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
នាឱកាសនោះស្រីបានឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជន វីរកងទ័ព វីរនគរបាលដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកស្រីបានឲ្យដឹងថា សកម្មភាពនេះចង់បង្ហាញឲ្យឃើញនូវការសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ញាតិមិត្តជិតឆ្ងាយ និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយ បានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជាមួយ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ក្នុងនោះក៏ជាការបង្ហាញឲ្យឃើញនូវទឹកចិត្តជ្រះថ្លា តែងតែជួយគ្នាទៅវិញទៅមករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចង់បង្ហាញឲ្យក្មេងជំនាន់ក្រោយ បានឃើញពីការថែរក្សាវប្បធម៌ប្រពៃណី ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។
លោកស្រី ឃួន ឃុនឌី អំពាវនាវដល់យុវជនទាំងអស់ ត្រូវជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើអំពើល្អឲ្យបានច្រើន បង្កើនការស្រឡាញ់ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន៕




















