បន្លែចម្រុះត្រូវបានមន្ត្រីកសិកម្ម និងជនភៀសសឹករួមគ្នាដាំនៅមណ្ឌលភៀសសឹកវត្តកណ្តោល និងវត្តចាន់ស៉ី ដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារនៅនឹងកន្លែង (Video inside)

03-02-2026 19:30

(បន្ទាយមានជ័យ)៖ ក្នុងស្មារតីជួយគ្នា នៅគ្រាលំបាកបងប្អូនប្រជាពលរដ្ឋភៀសសឹក បានរួមគ្នាយ៉ាងសកម្ម ក្នុងការដាំដុះបន្លែចម្រុះនៅក្នុង «សួនបន្លែ មណ្ឌលភៀសសឹក វត្តកណ្តោល និងវត្តចាន់ស៉ី» ដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារនៅនឹងកន្លែង។

ចំពោះស្មារតីលះបង់របស់មន្ត្រីកសិកម្ម និងបងប្អូនជនភៀសសឹក ដែលមិនត្រឹមតែអង្គុយរង់ចាំជំនួយ ប៉ុន្តែបានរួមគ្នាបង្កបង្កើនផល ដើម្បីខ្លួនឯង និងសហគមន៍ថែមទៀតផង ដោយបានចូលរួមដាំដំណាំទាំងអស់គ្នាយ៉ាងសស្រាក់សស្រាំនេះគឺជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ ដែលបង្ហាញថា ទោះបីក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ បងប្អូននៅតែមានស្មារតីតស៊ូ បង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត និងជួយគ្នាទៅវិញទៅមក។ សកម្មភាពដាំដុះបន្លែរួមគ្នានេះ មិនត្រឹមតែជាការដោះស្រាយបញ្ហាស្បៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពដែលជួយឱ្យបងប្អូនជនភៀសសឹកមានភាពកក់ក្តៅ និងមានកម្លាំងចិត្តក្នុងករណីដែលត្រូវស្នាក់នៅឆ្ងាយពីផ្ទះសម្បែងជាបណ្ដោះអាសន្នផងដែរ។

បើតាមលោក អ៉ឹម សុផារ៉ាត់ ជាមន្ត្រីកសិកម្ម ប្រចាំការនៅមណ្ឌលភៀសសឹកវត្តកណ្តោល បានឱ្យដឹងថា សកម្មភាពបង្កបង្កើនផលដាំបន្លែជុំគ្នាក្បែរមណ្ឌលសុវត្ថិភាពនេះ គឺធ្វើឡើងស្របតាមការគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព តាមរយៈការដាំដុះបន្លែបង្ការ ដើម្បីសម្រាលបន្ទុកថវិកាប្រចាំថ្ងៃរបស់បងប្អូនក្នុងគ្រាអាសន្ន និងធានាផ្ដល់នូវបន្លែបៃតងស្រស់ៗ ដែលមានសុវត្ថិភាពសម្រាប់សុខភាព។

ជាមួយគ្នានេះលោក បាននឱ្យដឹងថា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ខ្ពស់បំផុតដោយលោកបានអញ្ជើញចុះមកផ្ទាល់សួរសុខទុក្ខបងប្អូនជនភៀសសឹក ព្រមទាំងបានរៀបចំឱ្យមានការដាំដំណាំចម្រុះសម្រាប់បម្រើដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនភៀសសឹកជាដើម។

ការដាំដុះបន្លែនេះ បានកាត់បន្ថយចំណាយជួយសម្រាលបន្ទុកថវិកាប្រចាំថ្ងៃរបស់បងប្អូនក្នុងគ្រាអាសន្ន ដោយមិនចាំបាច់ទិញបន្លែពីទីផ្សារ និងផ្តល់នូវបន្លែធម្មជាតិ (បន្លែបៃតង) ដែលគ្មានជាតិគីមី ធានាបាននូវសុវត្ថិភាពចំណីអាហារ និងសុខភាពមាំមួន ព្រមទាំងបង្កើតនូវសកម្មភាពរួមគ្នា ដែលជួយឱ្យបងប្អូនមានស្មារតីរឹងមាំ កាត់បន្ថយភាពតានតឹង និងបង្កើនភាពស្និទ្ធស្នាលក្នុងមណ្ឌលសុវត្ថិភាព និងជាការចែករំលែកនូវបច្ចេកទេសដាំដុះងាយៗ ដែលបងប្អូនអាចយកទៅអនុវត្តបន្ត នៅផ្ទះសម្បែងវិញនាពេលអនាគត៕