ទិដ្ឋភាពពលរដ្ឋភៀសសឹក កំពុងស្នាក់នៅក្នុងវត្តកណ្តោល និងវត្តចាន់ស៉ី ខេត្តបន្ទាយមានជ័យ (Video inside)

03-02-2026 19:37

(បន្ទាយមានជ័យ)៖ បើទោះបីបទឈប់បាញ់លើកទី២ រវាងកងទ័ពកម្ពុជា-ថៃ ត្រូវប្រកាសចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក៏ដោយប៉ុន្តែ សោកនាដកម្មនៃសង្គ្រាមឈ្លានពានរបស់យោធាថៃ បានបន្សល់ទុកនូវរបួសដួងចិត្តយ៉ាងខ្លោចផ្សាឥតគណនា នៅក្នុងសម័យទសវត្សទី២១ មកលើប្រជាជនស្លូតត្រង់របស់កម្ពុជា។

ការផ្ទុះឡើងវិញនៃសង្គ្រាមព្រំដែនលើកទី២ ដែលចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃវាយប្រហារកម្ពុជាដោយពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០គីឡូម៉ែត្រ ក្នុងអធិបតេយ្យភាពកម្ពុជា ដោយបានបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់, សាលារៀន, វត្តអារាម, ជំរំជនភៀសខ្លួន, និងលំនៅដ្ឋានប្រជាជន។

បច្ចុប្បន្ននេះ ជីវិតបងប្អូនភៀសសឹកត្រូវបន្តក្រោមដំបូលតង់តូចចង្អៀត ដែលមិនអាចការពារពីភ្លៀង ខ្យល់ ឬកម្តៅថ្ងៃបានពេញលេញនោះទេ។ ការរស់នៅប្រចាំថ្ងៃ ជួបការលំបាកជាច្រើន ដូចជាខ្វះទឹកស្អាត អនាម័យ រហូតដល់ការថែទាំសុខភាព ដោយឡែកកុមារមិនមានកន្លែងលេងសមរម្យ ខណៈមនុស្សចាស់ត្រូវរស់នៅជាមួយជំងឺ និងការព្រួយបារម្ភ។

គួរឱ្យដឹងថា ក្រោយបទឈប់បាញ់គិតត្រឹមព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៤.៩៤៥នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ​​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន ៤ម៉ឺន​នាក់ មានប្រមា​ណ​​៥សែន ៥ម៉ឺន​​នាក់ ឬ​ជិត៨៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មានពលរដ្ឋភៀសសឹកចំនួន ​​១០៤.០៩៩នាក់ទៀត កំពុង​បន្តស្នាក់អាស្រ័យ​តាមជំរំនានា។

ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១០៤,០៩៩នាក់ ក្នុងនោះស្រ្តីមាន ៥៥,០៤៩នាក់ និង កុមារ ៣៣,៦៩៦នាក់។ ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕