សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុ

03-02-2026 21:31

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏អភិមង្គលប្រកបដោយសេចក្តីសោមនស្ស នៃខួបចម្រើនជន្មាយុរបស់សម្ដេច នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងលិខិតជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «នាឱកាសដ៏អភិមង្គលប្រកបដោយសេចក្តីសោមនស្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចនៅ ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរ ប្រកបដោយភាពកក់ក្តៅ និងសព្ទសាធុការពរ បវរមហាប្រសើរជូនចំពោះ សម្តេច។

សម្តេចវិបុលសេនាភក្តី ជាឥស្សរជនស្នេហាជាតិ និងពោរពេញដោយសេចក្តីស្មោះស្ម័គ្រ ចំពោះ ជាតិមាតុភូមិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជា។

សម្តេច ពិតជាបានលះបង់អស់ពី កម្លាំងកាយ ចិត្ត ប្រកបដោយប្រតិភាណ តាមរយៈសកម្មភាពគ្រប់តួនាទីដែលស្ថិតក្នុងទំនួលខុសត្រូវ របស់ សម្តេច ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ស្ថិរភាពជាតិ និងពង្រឹងនីតិរដ្ឋ និងលទ្ធិ ប្រជាធិបតេយ្យ ដែលនាំឱ្យប្រជាជនកម្ពុជាទទួលបានសុខសន្តិភាព សុភមង្គល និងការអភិវឌ្ឍប្រកប ដោយចីរភាព។

នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និង ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបាន សមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត ឡើយ។ សូម សម្តេចវិបុលសេនាភក្តី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕