ជនភៀសសឹកពីតំបន់បឹងត្រកួន អគុរណរដ្ឋាភិបាលចំពោះការរៀបចំជម្រកបណ្តោះអាសន្ន និងជឿជាក់ថារដ្ឋាភិបាលនឹងអាចរកដំណោះស្រាយបញ្ហាឱ្យវិលមករកភាពល្អប្រសើរឡើងវិញ (Video inside)
03-02-2026 22:20
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានយោធាថៃហ៊ុំព័ទ្ធដីលំនៅដ្ឋានមិនឱ្យចូលទៅរស់នៅ ដែលកំពុងបន្តរស់នៅបណ្ដោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តកណ្ដោល ស្រុកថ្មពួក បានថ្លែងអគុរណរដល់រាជដ្ឋាភិបាលចំពោះការរៀបចំជម្រកបណ្តោះអាសន្ន និងជឿជាក់ថារដ្ឋាភិបាលនឹងអាចរកដំណោះស្រាយបញ្ហាឱ្យវិលមករកភាពល្អប្រសើរឡើងវិញ។
រាជរដ្ឋាភិបាល ក្រុមការងាររាជរដ្ឋាភិបាល រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន បានពួនជ្រុំពួតដៃគ្នាជាធ្លុងតែមួយ បន្តផ្ដល់ជំនួយនានាដល់ជនភៀសសឹក ដែលមកពីតំបន់បឹងត្រកួន ជោគជ័យ និងព្រៃចាន់ ដែលជាសមរភូមិដ៏ក្ដៅគគុកកាលពីអំឡុងពេលជម្លោះព្រំដែន មុនពេលបទឈប់បាញ់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចូលជាធរមាន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំកម្ពុជា នៅតែបន្តតតាំងស្វែងរកយុត្តិធម៌ និងសន្ដិភាព តាមរយៈយន្តការដែលមានស្រាប់ ដើម្បីទាមទារអ្វីដែលជារបស់យើងត្រឡប់មកវិញ។ រាជរដ្ឋាភិបាលកម្ពុជា មិនបានសម្រាន្តលង់លក់ដោយមិនខ្វល់ពីការឈឺចាប់របស់ប្រជាជាតិនោះទេ។ ក្នុងភាពលំបាកទាំងនេះ ប្រជាពលរដ្ឋក៏មិនបានបោះបង់ការតស៊ូឡើយ ហើយនៅតែបន្តជឿជាក់លើរាជរដ្ឋាភិបាល ថានឹងស្វែងរកដំណោះស្រាយសមរម្យជូនពួកគាត់។ ពួកគាត់រំពឹងថា ស្ថាប័នពាក់ព័ន្ធនឹងយកចិត្តទុកដាក់លើការលំបាកនេះ ដើម្បីឱ្យពួកគាត់អាចមានទីលំនៅសមរម្យ និងជីវិតមានសុវត្ថិភាពឡើងវិញ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ ដែលដឹកនាំដោយក្រសួងព័ត៌មាន ចុះទៅយកព័ត៌មានស្តីពីបច្ចុប្បន្នភាពរបស់ប្រជាពលភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពវត្តកណ្តោល ខេត្តបន្ទាយមានជ័យ, អ្នកស្រី ជុំ ពិសី ជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន បានសាទរចំពោះរៀបចំជម្រកបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងផាសុកភាពប្រសើរជាងការស្នាក់នៅក្នុងតង់នៅតាមមណ្ឌលសុវត្ថិភាពនៅតាមទីវត្តអារាម។
អ្នកស្រីបានលើកឡើងថា នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ខណ:ពេលខាងមុខនេះអាកាសធាតុនឹងឡើងកាន់តែក្តៅ និងអាចមានភ្លៀងជាបន្តបន្ទាប់។ ស្ត្រីវ័យជាង៤០ឆ្នាំរូបនេះ ជឿជាក់ទៅលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងទាមទារដីភូមិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវថៃឈ្លានពានយកមកវិញ។
ដូចគ្នានេះស្ត្រីមានវ័យ៦១ឆ្នាំ ឈ្មោះ ឆាង សារឿត ដែលត្រូវផ្ទះសម្បែងរងការបំផ្លាញ និងហ៊ុំព័ទ្ធ ដោយយោធាថៃ ភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក បានបង្ហាញក្តីរីករាយនៅពេលបានទទួលព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជារៀបចំគិតគូរសាងសង់ទីជម្រកបណ្តោះអាសន្ន សម្រាប់ជនភៀសសឹកឱ្យមានសុវត្ថិភាព និងផាសុកភាពប្រសើរជាងការស្នាក់នៅក្នុងតង់។
ប្រជាពលរដ្ឋពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលត្រូវបានយោធាថៃហ៊ុំព័ទ្ធដីលំនៅដ្ឋានមិនឱ្យចូលទៅរស់នៅ ហើយបន្តរស់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តកណ្ដោល ស្រុកថ្មពួកជាង ១ ៥០០គ្រួសារ ស្មើនឹងជាង ៥ ៧០០នាក់។ ចំណែប្រជាពលរដ្ឋរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលកំពុងបន្តស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ មានចំនួន ១ ២០០គ្រួសារ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានរបស់ថៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់សម្រាប់ជនភៀសសឹក ដោយបាននឹងកំពុងគិតគូរពង្រឹងជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូន ទៅកាន់ទីតាំងដែលមានភាពប្រសើរជាងបច្ចុប្បន្ន៕







