នគរបាល​ជាតិ​ ប្រកាសចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ​ហើយ ចាប់ពី​ខែកុម្ភៈ​នេះ​តទៅ

03-02-2026 22:46

(ភ្នំពេញ)៖ នគរបាលជាតិ ប្រកាសចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញហើយ ចាប់ពីខែកុម្ភៈនេះតទៅ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងរយៈពេល ១៦០ថ្ងៃ (គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។

ក្នុងរយៈពេលនោះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ៣៤លើក ស្មើ ៣% អ្នកស្លាប់កើន ៦២នាក់ ស្មើ ១០% និងអ្នករបួសកើន ២០៩នាក់ ស្មើ ១៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ជាពិសេសរយៈពេល ១ខែមករា ដើមឆ្នាំ២០២៦ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើន ៤២លើក ស្មើ ១៩% អ្នកស្លាប់កើន ២៥នាក់ ស្មើ ១៨% និងអ្នករបួសកើន ៦៤នាក់ ស្មើ ២៣%។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន៖ ការបើកបរល្មើសល្បឿន ៤៧% មិនគោរពសិទ្ធិ ២១% មិនប្រកាន់ស្ដាំ ១០% ប្រជែងគ្រោះថ្នាក់ ៧% បត់គ្រោះថ្នាក់ ៦% ស្រវឹង ៣% សញ្ញាចរាចរណ៍ ២% កត្តាយាន ១% ងងុយ ១% និងកត្តាផ្លូវ ១%។

ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងផែនការទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២០-២០៣០ ឱ្យសម្រេចបានជោគជ័យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមធ្វើឱ្យដងផ្លូវ អ្នកបើកបរ និងអ្នកធ្វើដំណើរតាមផ្លូវគោកកាន់តែមានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អនៅគ្រប់ទីកន្លែង ជំរុញឱ្យសាធារណជនមានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែល្អប្រសើរឡើង និងការជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនឱ្យបានជាអតិបរមា។

ក្នុងន័យខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។

អគ្គស្នងការដ្ឋាននគរបាលជាតិ មានសង្ឃឹមនិងជឿជាក់ថា គ្រប់ក្រសួង ស្ថាប័នទាំងក្នុងវិស័យសាធារណៈ ឯកជន សង្គមស៊ីវិល និងសាធារណជនគ្រប់រូបដែលជាអ្នកប្រើប្រាស់ផ្លូវ នឹងចូលរួមចំណែកយ៉ាងសកម្មដោយស្មារតីស្វ័យម្ចាស់ការ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ដើម្បីកាត់បន្ថយនូវព្យសនកម្មផ្សេងៗដោយសារគ្រោះថ្នាក់ ស្របតាមផែនការដែលបានគ្រោងទុក និងនាំមកនូវសុវត្ថិភាពកាន់តែល្អប្រសើរក្នុងការធ្វើដំណើរគ្រប់កាលៈទេសៈ និងស្របតាមពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»៕