សម្តេចតេជោ ហ៊ុន សែន ទទួលសំណើប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (Video inside)

04-02-2026 09:21

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលយកសំណើរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC)។ សន្និសីទនេះ គ្រោងធ្វើ​នៅខែសីហា ឬខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។

សូមបញ្ជាក់ថា សំណើរបស់លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិក​នៃសន្និសីទប្រធានសភានៃអន្តរសភា បានធ្វើឡើងក្នុងជំនួបអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

សន្និសីទប្រធានសភានៃអន្តរសភា (ISC) ជាវេទិកាការទូតសភាដ៏សំខាន់មួយបម្រើ​ដល់​ការ​លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការសន្ទនាក្នុងតំបន់​ក្នុងចំណោមមេដឹកនាំ​នីតិ​បញ្ញត្តិ​នៅទូទាំងពិភពលោក។

សន្និសីទប្រធានសភានៃអន្តរសភា មានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការ វិបុលភាពទៅវិញទៅមក និងតម្លៃរួមជាសកលតាមរយៈការទូតសភា។ សន្និសីទមានសមាជិកប្រមាណជា៤៥ប្រទេស៕