រដ្ឋបាលខេត្តកែប នាំយកអំណោយ ជូនកងពលតូចថ្មើរជើងលេខ៣១ នៅស្រុកជុំគិរី

04-02-2026 12:05

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៦ banដឹកនាំមន្ត្រីរាជការកងកម្លាំងអាជ្ញាធរក្រោមឱវាទ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារមួយចំនួនប្រគល់ជូនកងពលតូចថ្មើរជើងលេខ៣១ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើង លេខ៣១ នៅទីបញ្ជាការអង្គភាព ស្ថិតនៅឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត។

មានប្រសាសន៍ទទួលស្វាគមន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ផង់ យ៉ុត បានសម្តែងក្តីរីករាយចំពោះសមានចិត្ត របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តកែប រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ពិសេសកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារជាតិ និងសន្តិសុខជាតិ។

ថ្លែងក្នុងឱកាសនោះដែរលោកបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា កងទ័ពគឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ ហើយរដ្ឋបាលខេត្តកែប តែងតែគាំទ្រ និងយកចិត្តទុកដាក់ជាមួយសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ពេលវេលា។

ចំពោះអំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ គឺជាការចូលរួមចំណែកមួយ ក្នុងការលើកទឹកចិត្តដល់កងទ័ព ក្នុងការបន្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ វីរភាព និងភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានជូនពរកងពលតូចថ្មើរជើងលេខ៣១ ឲ្យមានសុខភាពល្អ សុវត្ថិភាព និងជោគជ័យក្នុងការបំពេញភារកិច្ចគ្រប់ពេលវេលា៕