និយ័តករបរធនបាលកិច្ច ផ្តល់អាជ្ញាបណ្ណប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ដល់ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក

04-02-2026 13:50

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់អាជ្ញាបណ្ណប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្នុងវិស័យបរធនបាលកិច្ច ដល់ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក។

សេចក្តីជូនដំណឹង បានឲ្យដឹងថា ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ជាប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Retention or Escrow Services) ក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ក្នុងវិស័យបរធនបាលកិច្ច។

បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្តល់សេវាពាក់ព័ន្ធ ក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់ សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Retention or Escrow Services) ក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម អាចទំនាក់ទំនងទៅកាន់ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក៕