ប្រជាកសិករនៅឃុំស្វាយជ្រុំ ស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោម និងមន្រ្តីជលផល អនុវត្តតាមការសម្រេចរបស់អភិបាលខេត្តកំពង់ឆ្នាំង អាចចូលធ្វើស្រែដែលធ្លាប់បានអាស្រ័យផលរាប់សិបឆ្នាំកន្លងមក (Video inside)

04-02-2026 14:14

(កំពង់ឆ្នាំង)៖ ប្រជាកសិករមួយគ្រួសាររស់នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរបរធ្វើស្រែចំការ បានអះអាងថា ពួកគាត់កំពុងជួបការលំបាកក្នុងការចូលអាស្រ័យផលលើដីស្រែជាកម្មសិទ្ធិរបស់ខ្លួន ដែលធ្លាប់បានអាស្រ័យ ផលរាប់សិបឆ្នាំកន្លងមកហើយ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន និងមន្ត្រីខណ្ឌរដ្ឋបាលជលផល ហាមឃាត់ជារៀងរាល់ឆ្នាំនៅពេលដែលពួកគាត់យកគ្រឿងចក្រចូលភ្ជួររាស់ម្ដងៗ។

ករណីនេះធ្វើឲ្យគ្រួសាររបស់គាត់ជួបការលំបាកជារៀងរាល់ឆ្នាំ ក្នុងការចូលអាស្រ័យផលក្នុងដីស្រែរបស់ខ្លួន ដើម្បីចូលកាន់កាប់ត្រឹមត្រូវស្របតាមច្បាប់។ សកម្មភាពរបស់មន្ត្រីខាងលើនេះ ធ្វើឲ្យគ្រួសាររបស់គាត់ដែល ជាកសិករជួបការលំបាកដែលមិនអាចចូលអាស្រ័យផលបានជាច្រើនឆ្នាំកន្លងមកហើយ។ ហេតុនេះទើបពួកគាត់គោរពស្នើសុំអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជលផល មេត្តាធ្វើការស្រាវជ្រាវ និងពិនិត្យឲ្យបានច្បាស់លាស់ ចំពោះដីស្រែកសិកម្មរបស់គ្រួសាររប​ស់ពួកគាត់ ដែលបានកាន់កាប់ស្របច្បាប់ និងអាស្រ័យផលជាច្រើនឆ្នាំមកហើយ បែរជាបច្ចុប្បន្នត្រូវបានអាជ្ញាធរ និងមន្ត្រីជលផលហាមឃាត់មិនឱ្យធ្វើការអាស្រ័យផលបានទៅវិញ។

លោក ស្រ៊ុន សុផល ដែលទទួលកាន់កាប់ និងអាស្រ័យផលបន្តពីឪពុក និងម្ដាយរបស់លោក នៅលើដីស្រែទាំងអស់ បានរៀបរាប់ប្រាប់ឲ្យដឹងថា បច្ចុប្បន្នលោកមានមុខរបរជាគ្រូបង្ហាត់ភាសាកូរ៉េ និងធ្វើស្រែកចំការ មានទីលំនៅបច្ចុប្បន្នក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។ ដីស្រែទាំងអស់ គឺជាកេរ្ត៍ពីឪពុកម្ដាយ ស្ថិតក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលដីស្រែទាំងអស់នេះដីមួយចំនួនធំ មានប័ណ្ណស្លាបមាន់កាន់កាប់ស្របច្បាប់ និងដីខ្លះទៀតពុំទាន់បានធ្វើប័ណ្ណនៅឡើយ។ ប៉ុន្តែដីទាំងអស់នេះគឺបានអាស្រ័យផលតាំងពីអំឡុងឆ្នាំ១៩៨០មកម្ល៉េះ ក្នុងនោះក៏មានដីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាប់រយហិកតាទៀតដែ លស្ថិតនៅជុំវិញដីស្រែរបស់គ្រួសារលោក គឺពួកគេបានបង្កបបង្កើនផលជារៀងរាល់ឆ្នាំដូចគ្រួសារលោកដែរ តែពុំដែលមានបញ្ហាអ្វីនោះឡើយ។

ដោយសារតែគ្រួសាររបស់លោកជួបបញ្ហាជាច្រើនលើកច្រើនសារពាក់ព័ន្ធនឹងការចូលអាស្រ័យផលលើដីរបស់ខ្លួនមិនបាន ទើបនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស្រ៊ុន សុផល បានអញ្ជើញអ្នកសារព័ត៌មាន១ក្រុម ចុះទៅពិនិត្យដល់ទីតាំងដីស្រែរបស់គ្រួសារគាត់ស្ថិតនៅក្នុងភូមិកំពង់រាំង ស្រុករលាប្អៀរ ជាក់ស្ដែង។ លោកបានរៀបរាប់ប្រាប់អំពីដំណើររឿងខ្លះៗឲ្យដឹងបន្ថែមទៀតថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដីស្រែប្រជាពលរដ្ឋ នៅចំណុចភូមិកំពង់រាំង ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ផ្នែកខាងលិចភូមិ មានភ្លើងឆេះព្រៃនៅក្នុងស្រែដែលមន្ត្រីជលផលអះអាងថា ឆេះព្រៃលិចទឹកអស់ទំហំប្រមាណ ២៤ហិកតា បន្ទាប់មកមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងអាជ្ញាធរបានដកហូតដីទំហំ២៤ហិកតាខាងលើនេះ ធ្វើរបាយការណ៍បញ្ជូនទៅតុលាការ និងបានប្ដឹងរូបលោកពីបទ «ដុតបំផ្លាញព្រៃ» ខាងលើនេះទៅកាន់តុលាការផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងទំហំដី២៤ហិកតា ដែលខណ្ឌរដ្ឋបាលជលផលដកហូត ធ្វើរបាយការណ៍បញ្ជូនទៅតុលាការខាងលើនេះ លោកក៏មានដីមួយចំនួននៅក្នុងនោះផងដែរ។ លុះដល់រដូវធ្វើស្រែដីនៅចំណុច ហាមឃាត់ខាងលើនេះ លោកពុំបានចូលទៅអាស្រ័យផលនោះឡើយ។ តែលោកមានដីស្រែផ្សេងទៀតដែលនៅឆ្ងាយពីទីតាំងដី២៤ហិកតា ដែលមន្ត្រីជលផលបានដកហូតទុកខាងលើនេះខ្លះទៀតដែរ ប៉ុន្តែនៅពេលដែល លោកយកគ្រឿងចក្រមកភ្ជួររាស់ធ្វើស្រែលើដីរបស់លោក ដែលនៅចម្ងាយពីដីដែលភ្លើងឆេះព្រៃក្នុងស្រែខាងលើនេះប្រមាណជា ៧០០ ទៅ ៨០០ម៉ែត្រទៅហើយ ក៏នៅតែមានមន្ត្រីខណ្ឌរដ្ឋបាលជលផល និងអាជ្ញាធរមកហាមឃាត់ និងដកហូតយកគ្រឿងចក្ររបស់គ្រួសារ។

ពួកគេអះអាងថា គ្រួសារលោកបានធ្វើស្រែនៅលើដីហាមឃាត់ក្នុងដីទំហំ២៤ហិកតា ដែលជាដីហាមឃាត់ទៅវិញ។ ចំណែកជនខិលខូចដែលបានលួចចូលធ្វើស្រែក្នុងដីហាមឃាត់ទំហំ២៤ហិកតាខាងលើនេះ ដែលមន្ត្រីជលផលសង្ស័យថា លួចព្រួសស្រូវ និងអាស្រ័យផលអស់ទំហំ ០,៥ហិកតាក្នុងដីហាមឃាត់ ដែលត្រូវបានរដ្ឋបាលជលផល និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង រកឃើញ និងបានធ្វើកំណត់ហេតុ បញ្ជូនទៅថ្នាក់ដឹកនាំអង្គភាពរៀងៗខ្លួនផងនោះ បែរជាមិនមិនទាន់ឃើញមន្ត្រីជំនាញចាត់និតិវិធីនៅឡើយ។

ករណីនេះ ដោយសារតែគ្រួសាររបស់លោក ស៊្រុន សុខផល ជួបការលំបាកក្នុងការចូលអាស្រ័យផលក្នុងដីស្រែរបស់ខ្លួន ត្រូវបានមន្ត្រីជលផលហាមឃាត់គ្រប់ពេលវេលា ទើបលោកសម្រេចចិត្តដាក់លិខិតគោរពស្នើសុំ លោកអភិបាកខេត្ត ចាត់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះបោះបង្គោលព្រំដីទំហំ ២៤ហិកតាដែលត្រូវបានមន្ត្រីរដ្ឋបាលជលផលដកហូតពីប្រជាពលរដ្ឋ មិនឲ្យអាស្រ័យផលនិងបានធ្វើរបាយការបញ្ជូនទៅតុលាការ ឱ្យបានច្បាស់លាស់ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាកសិករដែលមានដីស្រែនៅម្ដុំដីហាមឃាត់នោះ ពេលចូលអាស្រ័យផលចៀសវាងការប៉ះពាល់ដែលនាំឱ្យមានបញ្ហាផ្លូវច្បាប់ដល់ប្រជាកសិករ។

សំណើរបស់គ្រួសារលោក ស្រ៊ុន សុខផល ក៏ត្រូវបានអភិបាលខេត្តចារបញ្ជូនឲ្យអភិបាលរងខេត្តម្នាក់ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះវាស់វែង និងបោះបង្គោលព្រំជូនប្រជាពលរដ្ឋទៅតាមសំណើរជាបន្ទាន់ចៀសវាង ដែលពួកគាត់ចូលអាស្រ័យផលចូលដីហាមឃាត់បណ្ដាលឱ្យពួក គាត់ជួបបញ្ហាផ្លូវច្បាប់។ ចំណាររបស់លោកអភិបាលខេត្តចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ តែមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណាររបស់លោកអភិបាលខេត្ត មិនទាន់ត្រូវបានថ្នាក់ក្រោមអនុវត្ត និងចាត់នីតិវិធីតាមបទបញ្ជារបស់អភិបាលខេត្តនៅឡើយនោះទេ ដែលកត្តានេះធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកពេលចុះបង្កបង្កើនផល ម្ដងៗត្រូវបានមន្ត្រីជលផលនិងអាជ្ញាធរចុះហាមឃាត់និងគំរា មដកហូតគ្រឿងចាក់ជាបន្តបន្ទាប់។

តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះផងដែរ លោក ស៊ុន សុខផល និងក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋដទៃទៀត ដែលមានដីនៅតំបន់នោះស្នើសុំលោកអភិបាលខេត្ត មេត្តាជំរុញ និងពន្លឿនឲ្យមន្ត្រីពាក់ព័ន្ធចុះបោះបង្គោល ព្រំដីទំហំ២៤ហិកតា ដែលមន្ត្រីជលផល និងអាជ្ញាធរបានដកហូតពីប្រជាពលរដ្ឋមិនឲ្យអាស្រ័យផលឱ្យបានឆាប់ ព្រោះរដូវបង្កបង្កើនផលចូលមកដល់ហើយ អាស្រ័យហេតុនេះសូមលោកអភិបាល ក៏ដូចជាមន្ត្រីពាក់ព័ន្ធមេត្តាយោគយល់ដល់ប្រជាកសិករដោយស្នើសុំបោះព្រំឃ្លុំដី២៤ហិកតា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ពាក់ព័ន្ធនឹងករណីខាងលើនេះ យោងតាមរបាយការណ៍របស់មន្ត្រីខណ្ឌជលផលកំពង់ឆ្នាំង និងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានចុះពិនិត្យទីតាំងដី២៤ហិកតា កាលពីថ្ងៃទី៩ ខែ មករា ឆ្នាំ២០២៦ថ្មីៗនេះ បានបញ្ជាក់ថា តាមពិនិត្យជាក់ ស្ដែងឃើញថាមានការព្រួសស្រូវលើផ្ទៃដីទំហំប្រហែល ០, ៥ហិកតាដែលមន្ត្រីជលផល និងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សង្ស័យថា ជាដីស្ថិតនៅក្នុង២៤ហិកតា ដែលមានទាំងលេខកូដនិយាមការត្រឹមត្រូវផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រឿងការវាស់វែងបោះបង្គោលព្រំដីទំហំ២៤ហិកតា ដែលបានដករហូតទុក ខាងលើនេះ ជាសិទ្ធិសម្រេចគឺមានតែលោកអភិបាលខេត្តទេ ដែលលោកអាចបង្កើតគណៈកម្មការចុះធ្វើកិច្ចការនេះ។

ពាក់ព័ន្ធដែលថា មានការចូលអាស្រ័យផលក្នុងដីទំហំ២៤ហិកតា ដែលត្រូវបានហាមឃាត់នោះលោកពុំបានដឹងទេ។ លោកគ្រាន់តែបានដឹងថា មានការវាស់វែងជាលក្ខណៈប្រព័ន្ធក្នុងទំហំដី ២៤ហិកតា តែលោករង់ចាំមើល នៅពេលបិទ ប្រកាសផ្សាយជាសាធារណៈបើមានដូច្នេះមែន លោកនឹងមិនអនុញ្ញាតឲ្យចេញប័ណ្ណនៅលើដីដែលដកហូតនោះជាដាច់ខាត៕