ព្រឹត្ដិការណ៍ដង្ហែក្បួនតុក្កតាយក្ស ឆ្នាំ២០២៦ នឹងធ្វើឡើងនៅចុងខែកុម្ភៈនេះ ក្រោមប្រធានបទ «ក្បួនដង្ហែព្រៃ»

04-02-2026 15:17

(សៀមរាប)៖ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្កតាយក្ស បានឲ្យដឹងថា ព្រឹត្ដិការណ៍ដង្ហែក្បួនតុក្កតាយក្ស ឆ្នាំ២០២៦នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «ក្បួនដង្ហែព្រៃ» ដើម្បីអបអរសាទរសត្វព្រៃ ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ចាប់ពីប្រភេទសត្វល្បីៗ រហូតដល់សត្វកម្រ និងជិតផុតពូជ។

លើកឡើងប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុន សាវ៉ាន់ បានបន្តថា ក្បួនដង្ហែតុក្កតាយក្សនៅឆ្នាំនេះ នឹងនាំយកមកនូវរូបសត្វព្រាបស ដែលជានិមិត្តរូបនៃ «សន្តិភាព» ដែលមនុស្សជាតិត្រូវការ។ ដោយសារប្រទេសយើងទើបតែមានសង្គ្រាមឈ្លានពាននៅតាមព្រំដែនថ្មីៗនេះ ដូច្នេះហើយ ទើបយើងយកសត្វព្រាបនេះ ដើម្បីបង្ហាញឲ្យពិភពលោកឃើញថា ពួកយើងដែលត្រូវការ «សន្តិភាព»។

លោកបន្តថា ព្រឹត្ដិការណ៍ដង្ហែក្បួនតុក្កតាយក្ស ឆ្នាំ២០២៦ ដែលជាគម្រោងសិល្បៈសហគមន៍កុមារធំបំផុតរបស់កម្ពុជា នៅក្រុងសៀមរាបនេះ នឹងរៀបចំឡើងនៅថ្ងៃទី២១ ​ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះ មានព្រាប​ស, រមាំង, ភេរោមច្រមុះ, ដំរីអាស៊ី, ទោចថ្ពាល់លឿង, អំពិលអំពែក, តុកកែខ្លួនបង្កង់ភ្នំក្រវាញ និងកេងកងធំ។

លោកបន្ថែមថា រូបតុក្កតាយក្យ នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងសួនច្បារក្បែព្រះរាជដំណាក់ ហើយនឹងបន្ដដាក់តាំងបង្ហាញ នៅទីតាំងរបស់ម្ចាស់ឧបត្ថម្ភនៅក្នុងក្រុង និងនៅមន្ទីរពេទ្យកុមារ ដែលអនុញ្ញាតឲ្យសហគមន៍ បន្តរីករាយជាមួយតុក្កតាយក្ស និងពង្រីកផលចំណាប់អារម្មណ៍ នៃគម្រោងលើសពីមួយយប់។

សូមបញ្ជាក់ថា គម្រោងតុក្កតាយក្ស បង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណង ដើម្បីបង្ហាញឲ្យកុមារ និងយុវជនយល់ថា សិល្បៈ គឺលើសពីភាពច្នៃប្រឌិត និងជំរុញទំនុកចិត្ត ព្រមទាំងការបញ្ចេញមតិដោយខ្លួនឯង ការធ្វើការជាក្រុម និងមោទនភាព ចំពោះបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។

ព្រឹតិការណ៍នេះដែរ គឺមានកុមារជាច្រើនមកពីសាលារៀនរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល រួមគ្នាធ្វើរចនា និងដំឡើងតុក្កតាយក្សដ៏ធំ ក្រោមការណែនាំរបស់ក្រុមសិល្បករអាជីពរបស់គម្រោង។ កិច្ចខិតខំប្រឹងប្រែង សហការរបស់ពួកគេបានបញ្ចប់ ដោយក្បួនដង្ហែពេលយប់ដ៏រស់រវើក អមដោយតន្ត្រីករ និងអ្នកសម្តែង។ ជាមួយនេះដែរព្រឹត្ដិការណ៍ដង្ហែក្បួនតុក្កតាយក្សឆ្នាំ២០២៦ ​ក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបេត្តាជួយគាំទ្រជាថវិកា ដើម្បីឲ្យព្រឹត្ដិការណ៍នេះ ដំណើរទៅបានដោយរលូន និងទទួលបានជោគជ័យផងដែរ៕