«ការការពារជីវភាពប្រជាជន» និង «ការការពារបូរណភាពទឹកដី» (Video inside)

04-02-2026 15:41

(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួល​កិច្ចការព័ត៌មាន ​និង​សាធារណមតិ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ចេញវីដេអូ មានរយៈពេល ៧នាទី និង៥០វិនាទី មានចំណងជើងថា៖ «ការការពារជីវភាពប្រជាជន» និង «ការការ ពារ បូរណភាពទឹកដី»។

ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដើម្បីការពារ ដែនអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន និងដោះស្រាយផលវិបាកនានា ដែលបង្ក​ឡើង​ដោយសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តជំរុញ​យ៉ាងខ្លាំងក្លានៅលើ «សមរភូមិសេដ្ឋកិច្ច» ដើម្បីរក្សាឆ្នាំងបាយ មុខរបរ និងក្តីសង្ឃឹម​របស់​ប្រជាជន។ ឆ្នាំ២០២៥កន្លងទៅនេះ គឺជាសក្ខីភាពនៃភាពមោះមុតរបស់ថ្នាក់​ដឹក​នាំ​កម្ពុជាដែលមិនបណ្តោយឱ្យសង្គ្រាម ឬវិបត្តិណាមួយមកបង្អាក់សន្ទុះនៃការ​អភិវឌ្ឍ​ជាតិ​បានឡើយ!»។

«ក្នុងគ្រាដ៏លំបាក និងគ្រោះអាសន្ន កសិកម្ម គឺជាកម្លាំងការពារជាតិ! នៅក្បែរលេណ​ដ្ឋាន និងជំរុំជនភៀសសឹក រាជរដ្ឋាភិបាលបានបណ្តុះនូវ «សមរភូមិបៃតង» ដើម្បីផ្គត់ផ្គង់​អាហារឱ្យកងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក។ សាមគ្គីភាពរវាងរដ្ឋ ឯក​ជន និងប្រជាជន គឺជាកម្លាំងមហាសាលដែលគ្មានសត្រូវណាអាចបំបែកបាន ពោល គឺ​សន្តិសុខ ស្បៀង គឺដង្ហើមនិងជាអាវុធនៃជ័យជំនះ!»។

«វិស័យកសិកម្ម មិនត្រឹមតែជាឆ្អឹងខ្នងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជា «ព្រលឹង​នៃស្ថិរ​ភាព​ជាតិ»។ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ភាពរឹងមាំ និងការលះបង់មិនចេះនឿយហត់ យើង​បានបង្ហាញថា កម្ពុជាអាចរស់ដោយមោទនភាព និងរីកចម្រើន ទោះស្ថិតក្នុង​ព្យុះ ឬសង្គ្រាម​ក៏ដោយ។ ជម្រើសដើម្បីអនាគតរបស់ជាតិ និងប្រជាជនយើង​ គឺការបន្តគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីថែរក្សាការពារសន្តិភាព ជីវភាពនិងអនាគត​ដ៏រុងរឿង​របស់កូនចៅខ្មែរគ្រប់ជំនាន់» ដោយមានសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ចជាគោលគ្រឹះសំខាន់ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ និងខិតខំថែរក្សាការពារ ដើម្បីរក្សា​លំ​នឹង​ជីវភាពប្រជាពលរដ្ឋ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋជានិច្ចនិរន្តរ៍។

សូមទស្សនាវីដេអូទាំងស្រុង៖