គ្រោះថ្នាក់ចរាចរណ៍រថយន្ដ២គ្រឿងបុកបន្ដគ្នា នៅស្រុកស្ទោង ខេត្តកំពង់ធំ បណ្ដាលឲ្យមនុស្ស១០នាក់រងរបួសធ្ងន់ស្រាល

04-02-2026 17:04

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា នៅតំបន់ព្រៃខ្លា ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋជិតខាង។

បើតាមសេចក្ដីរាយការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យមនុស្ស១០នាក់រងរបួសធ្ងន់ស្រាល និងរថយន្តមួយចំនួនរងការខូចខាតយ៉ាងច្រើន។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរបានជួយគ្នាសង្គ្រោះបឋម និងទាក់ទងសុំជំនួយពីសមត្ថកិច្ច ក្រុមសង្គ្រោះ ដើម្បីដឹកជនរងរបួសទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ចរាចរណ៍នៅតំបន់កើតហេតុក៏មានការរំខាន និងកកស្ទះមួយរយៈ ដោយសាររថយន្តខូចខាតនៅលើដងផ្លូវ និងមានមនុស្សប្រមូលផ្តុំមកមើលស្ថានការណ៍។

បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងធ្វើការវាស់វែង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕