អភិបាលស្រុកស្ទោង ចុះត្រួតពិនិត្យវាយតម្លៃ បញ្ចប់គម្រោងមូលនិធិឃុំកំពង់ចិនត្បូង ឆ្នាំ២០២៥

04-02-2026 17:04

(កំពង់ធំ)៖ ដើម្បីធានាថាសមិទ្ធផលផ្លូវក្នុងមូលដ្ឋានមានគុណភាព និងផ្តល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងមន្ត្រីបច្ចេកទេសរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់គម្រោង មូលនិធិឃុំឆ្នាំ២០២៥ ដែលបានកសាងផ្លូវបេតុង ចំនួន២ខ្សែ ស្ថិតនៅភូមិងួនសៀម កំពង់ក្តី និងភូមិលាបទង ក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ការចុះត្រួតពិនិត្យនេះ បានផ្តោតលើការមើលសភាពផ្លូវ និងតាមដានការងារជាក់ស្តែង ដើម្បីឱ្យផ្លូវមានស្តង់ដារល្អ ប្រើបានយូរ និងជួយកាត់បន្ថយការលំបាក ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ បានសម្ដែងក្ការសប្បាយរីករាយ ព្រោះផ្លូវបេតុងថ្មី អាចជួយសម្រួលការដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅផ្សារ និងការទៅសាលារៀនរបស់កូនៗ បានងាយស្រួលជាងមុន។

លោកអភិបាលស្រុក បានលើកឡើងថា ផ្លូវល្អជួយឱ្យសេដ្ឋកិច្ចមូលដ្ឋានរីកចម្រើន និងបង្កើនភាពរីករាយក្នុងជីវភាពរស់នៅ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលរួមនេះ ដោយប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងជួយគ្នារក្សាសណ្តាប់ធ្នាប់-អនាម័យជុំវិញបណ្តោយផ្លូវ ដើម្បីឱ្យភូមិឃុំកាន់តែស្អាត និងមានសោភ័ណភាព។

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេនេះជាគម្រោង មូលនិធិឃុំកំពង់ចិនត្បូងឆ្នាំ២០២៥ ដែលមានប្រវែងសរុប៤១៨ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥ ស្ថិតនៅលើភូមិ ចំនួន៣ និងមានចំនួន២ខ្សែ៕