Fresh Exclusive: បំណងអាក្រក់របស់ថៃនៅពីក្រោយខ្នងដំណើរទស្សនកិច្ច៖ មូលហេតុដែលកម្ពុជាធ្វើកំណត់ការទូតតវ៉ា (Video inside)

04-02-2026 17:12

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានធ្វើលិខិតតវ៉ាការទូតមួយ ប្រឆាំងនឹងដំណើរទស្សនកិច្ចត្រួតពិនិត្យទីតាំងក្នុងទឹកដីរបស់ខ្មែរតាមរយៈមន្ត្រីថៃ។ តើហេតុអ្វីបានជាថៃ ដឹកនាំក្រុមអនុព័ន្ធ យោធាបរទេស ចូលត្រួតពិនិត្យលើទីតាំងនៃទឹកដីខ្មែរនៅក្នុងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២ កុម្ភៈ ២០២៦?

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

តើហេតុអ្វីបានជាប្រទេសមួយ ត្រូវនាំអនុព័ន្ធយោធាបរទេស និងមន្ត្រីអនុវត្តច្បាប់របស់ខ្លូន ចូលទៅ «ទស្សនកិច្ចត្រួតពិនិត្យ» នៅលើទឹកដីប្រទេសជិតខាង ដោយគ្មានការអនុញ្ញាត?
តើវាជាការច្រឡំផ្លូវការ ឬជាការមិនយល់ច្បាប់អន្តរជាតិ? ឬមួយវាជាបំណងមួយ ដែលត្រូវបានលាក់ក្រោយពាក្យសាមញ្ញថា «ទស្សនកិច្ច» នោះ?

សំណួរទាំងនេះ មិនមែនជាសំណួររបស់អ្នកសារព័ត៌មាន ឬអ្នកវិភាគប៉ុណ្ណោះទេ ប៉ុន្តែជាសំណួរដែល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងឆ្លើយជាផ្លូវការនៅលើវេទិកាការទូត ត្រឡប់ទៅវិញ។ ហើយចម្លើយនោះហើយ គឺជា «កំណត់ការទូតតវ៉ា» ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញ ដោយមិនអាចស្ងៀមស្ងាត់បានឡើយ។

ការធ្វើកំណត់ការទូតតវ៉ារបស់កម្ពុជា មិនមែនជាប្រតិកម្មអារម្មណ៍ចំពោះព្រឹត្តិការណ៍មួយថ្ងៃ ឬការខឹងសម្បារបណ្តោះអាសន្នទេ។ វាជាការឆ្លើយតបជាយុទ្ធសាស្ត្រ ដើម្បីបិទផ្លូវលំនាំប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាធ្លាប់បានឃើញ និងចង់វិលត្រឡប់មកវិញជាដដែលៗ៖ លំនាំនៃការឆ្លៀតឱកាស លំនាំនៃការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី និងលំនាំនៃការព្យាយាមបម្លែងអំពើរំលោភអធិបតេយ្យ ឲ្យទៅជាការអះអាង «ស្របច្បាប់» តាមរយៈពេលវេលា។

*ដំណើរទស្សនកិច្ច ឬ ទង្វើអនុវត្តអនាធិបតេយ្យដោយអាងកម្លាំងបាយ?

នៅក្នុងច្បាប់អន្តរជាតិ ព្រំដែន និងទឹកដីអធិបតេយ្យរបស់រដ្ឋមួយ មិនមែនជាកន្លែងសម្រាប់ «ចូលមើល»«ត្រួតពិនិត្យ» តាមចិត្តចង់ ដោយគ្មានការអនុញ្ញាតពីរដ្ឋម្ចាស់អធិបតេយ្យនោះឡើយ។ ព្រំដែន មិនមែនជាតំបន់ទេសចរណ៍នយោបាយ ឬសមរភូមិសាកល្បងអំណាចទេ ប៉ុន្តែជាបន្ទាត់ច្បាស់លាស់ ដែលតំណាងឱ្យអធិបតេយ្យ ភាពស្មើគ្នានៃរដ្ឋ និងសណ្តាប់ធ្នាប់អន្តរជាតិ។

លិខិតតវ៉ារបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣កុម្ភៈ២០២៦ បានសរសេរថា៖ ទស្សនកិច្ចពិនិត្យនៅសណ្ឋាគារពីរកន្លែង ស្ថិតនៅក្នុងច្រកទ្វារអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ «ត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា»

ដូច្នេះ ការនាំអនុព័ន្ធយោធាបរទេស និងមន្ត្រីអនុវត្តច្បាប់ ចូលទៅត្រួតពិនិត្យទីតាំងនៅតំបន់ ដែលស្ថិតក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា ដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា មិនមែនជាការធ្វើទស្សនកិច្ចធម្មតាឡើយ។ វាជាការអនុវត្តអំណាចរដ្ឋមួយ ដាក់មកលើទឹកដីរដ្ឋមួយទៀតដោយខុសច្បាប់ទង្វើដែលមានន័យជាក់ស្តែងថា ជាការរំលោភអធិបតេយ្យ និងបូរណភាពទឹកដី។

សកម្មភាពបែបនេះ មិនអាចបកស្រាយថាជាការច្រឡំបែបរដ្ឋបាល ឬការខ្វះការសម្របសម្រួលទេ ព្រោះការនាំបុគ្គលិកយោធា និងអនុព័ន្ធបរទេសចូលទៅតំបន់ជម្លោះ គឺជាសកម្មភាពដែលមានគោលបំណង និងការគិតគូរទុកជាមុន។ នៅក្នុងភាសាច្បាប់ និងនយោបាយអន្តរជាតិ នេះជាការប៉ុនប៉ង បង្កើតស្ថានភាពជាក់ស្តែងលើដី (facts on the ground) ដើម្បីបម្លែងអំពើរំលោភមួយ ឲ្យទៅជាបញ្ហាដែលអាចអះអាង ឬចរចានៅពេលក្រោយ។

ហេតុអ្វីបានជា កម្ពុជា មិនអាចមើលរំលង?

ព្រោះក្នុងទំនាក់ទំនងអន្តរជាតិ ភាពស្ងៀមស្ងាត់ មិនមែនជាអព្យាក្រឹតភាពទេ។ ភាពស្ងៀមស្ងាត់ អាចត្រូវបានបកស្រាយថា ជាការយល់ព្រមដោយអសកម្ម ឬជាការទទួលស្គាល់ដោយអំពើទទួលស្គាល់ជាក់ស្តែង (tacit acceptance)។ ការមើលរំលងក្នុងថ្ងៃនេះ អាចក្លាយជាខ្សែច្រវ៉ាក់ច្បាប់ ដែលចងដៃខ្លួនឯងនៅថ្ងៃស្អែក។ ហេតុនេះហើយ ការតវ៉ារបស់កម្ពុជា មិនមែនជាការបង្កជម្លោះ ឬការបំផ្លើសនយោបាយឡើយ ប៉ុន្តែជាការការពារ បន្ទាត់ក្រហមនៃអធិបតេយ្យ និងជាការបិទផ្លូវមិនឲ្យទង្វើអនាធិបតេយ្យ ដែលអាងកម្លាំងបាយ ប្រែជាប្រក្រតីភាពថ្មីនៅលើទឹកដីខ្មែរ។

* តើបំណងអ្វី ស្ថិតនៅពីក្រោយ «ទស្សនកិច្ច» នោះ?

បើក្រឡេកមើលតាមប្រវត្តិសាស្ត្រ ទង្វើបែបនេះ មិនមែនជារឿងថ្មីឡើយ។ ក្នុងអតីតកាល ការសាងសង់សំណង់ ការដាក់រដ្ឋបាល ឬការបង្កើតហេដ្ឋារចនាសម្ព័ន្ធលើទឹកដីខ្មែរ ត្រូវបានប្រើជាឧបករណ៍ ដើម្បីបង្កើតភាពយល់ឃើញថា «ដីនេះ ត្រូវបានគ្រប់គ្រងជាក់ស្តែង»។ នៅសតវត្សរ៍ទី២១ ទោះបីទម្រង់ស៊ីវិល័យ និងវិធីសាស្ត្រ បានផ្លាស់ប្តូរទៅសមស្របនឹងបរិបទសម័យថ្មីក៏ដោយ ប៉ុន្តែ បំណងស្នូលនៃជាតិសាសន៍មួយនេះ មិនបានផ្លាស់ប្តូរឡើយ។ ការនាំភ្ញៀវយោធា និងអនុព័ន្ធយោធាបរទេស ធ្វើទស្សនកិច្ចលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន មិនអាចចាត់ទុកថាជាចេតនាល្អ ឬសកម្មភាពបច្ចេកទេសធម្មតាបានទេ។

ជាក់ស្តែង បំណងស្នូល មិនមែនសម្រាប់ការត្រួតពិនិត្យសណ្ឋាគារ ឬទីតាំងស៊ីវិលឡើយ។ វាជាការប៉ុនប៉ង បង្កើតរូបភាពការពិតនៅលើដី «facts on the ground» ដែលពួកគេអាចគិតថា នឹងត្រូវយកទៅប្រើជាអំណះអំណាងនយោបាយ និងការទូតនៅពេលក្រោយ ដើម្បីបម្លែងអំពើរំលោភអធិបតេយ្យមួយ ឲ្យទៅជាបញ្ហាដែលអាចអះអាង ឬចរចាតាមរយៈនៃពេលវេលាកាន់កាប់។

ក្នុងន័យនេះ «ទស្សនកិច្ច» មិនមែនជាគោលបំណងទេ ប៉ុន្តែគ្រាន់តែជាមធ្យោបាយមួយសម្រាប់បន្តលំនាំចាស់ ក្នុងទម្រង់ថ្មី ដែលប្រវត្តិសាស្ត្រ បានបង្ហាញរួចមកហើយថា នៅទីបំផុតវាមិនអាចឈ្នះលើច្បាប់ និងយុត្តិធម៌អន្តរជាតិបានឡើយ។

* ហេតុអ្វីកម្ពុជាត្រូវធ្វើកំណត់ការទូតភ្លាមៗ?

នៅសម័យបច្ចុប្បន្ន កម្លាំងពិតប្រាកដ មិនស្ថិតនៅលើដីប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើឯកសារ កំណត់ត្រាផ្លូវការ និងពេលវេលា។ ពេលវេលា គឺជាអង្គធាតុសំខាន់មួយក្នុងច្បាប់អន្តរជាតិ អ្វីដែលមិនត្រូវបានតវ៉ា ឬកត់ត្រាទាន់ពេលវេលា អាចត្រូវបានបកស្រាយថា ជាការយល់ព្រមដោយអសកម្ម ឬយ៉ាងហោចណាស់ ជាការអនុញ្ញាតឲ្យភាគីម្ខាង បង្កើតការបកស្រាយតែមួយផ្នែក។

លិខិតតវ៉ារបស់ក្រសួងការបរទេសកម្ពុជា បានសរសេរបន្តថា «កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំង យោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ច ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់ នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា»

ការធ្វើកំណត់ការទូតតវ៉ាភ្លាមៗ មានន័យថា កម្ពុជា កំពុងបម្លែងសកម្មភាពនៅលើដី ដែលថៃកំពុងឆ្លៀតឱកាសអនុវត្តនៅពេលស្ថានភាពតំបន់ និងប្រព័ន្ធអន្តរជាតិ មិនទាន់មានសណ្តាប់ធ្នាប់ពេញលេញឲ្យក្លាយទៅជាសាក្សីលើឯកសារ ដែលមិនអាចលុបចោល ឬបដិសេធបាននៅពេលក្រោយ។ វាជាការចាប់យកពេលវេលា មុនពេលសកម្មភាពខុសច្បាប់មួយ ត្រូវបំលែងទៅជាស្ថានភាព «ធម្មតា» តាមរយៈការស្ងៀមស្ងាត់ ឬការពន្យាពេល។

សំខាន់ជាងនេះទៅទៀត កំណត់ការទូត គឺជាវិធីសាស្ត្រដើម្បី បិទផ្លូវនៃការអះអាងអធិបតេយ្យដោយការគ្រប់គ្រងជាក់ស្តែង (effective control)។ បើគ្មានការតវ៉ាជាផ្លូវការនោះទេ ភាគីរំលោភ អាចយកសកម្មភាពរបស់ខ្លួនទៅអះអាងថាមានការអនុញ្ញាត ឬយ៉ាងហោចណាស់ មិនមានការជំទាស់ពីម្ចាស់ទឹកដីនៃដែនអធិបតេយ្យ។ កំណត់ការទូតរបស់កម្ពុជា គឺដើម្បីចាក់សោផ្លូវច្បាប់នេះឲ្យជាប់តាំងពីដំបូងដើមទី។

ជាមួយគ្នានេះ ការតវ៉ាទាន់ពេលវេលា ក៏ជាសារច្បាស់លាស់ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជា មិនទទួលស្គាល់ និងមិនអនុញ្ញាត ឲ្យមានការបកស្រាយណាមួយ ដែលអះអាងថា ប្រទេសថៃ ជាម្ចាស់ទឹកដី ឬមានសិទ្ធិអនុវត្តអំណាចនៅតំបន់នោះឡើយ។ វាជាការកំណត់បន្ទាត់ក្រហមផ្លូវច្បាប់ ដែលបញ្ជាក់ថា ជម្លោះនេះ មិនអាចដោះស្រាយដោយអំណាច ឬការបង្កើតស្ថានភាពជាក់ស្តែងលើដីបានទេ។

ហេតុនេះហើយ ការធ្វើកំណត់ការទូត “ភ្លាមៗ” មិនមែនជាសកម្មភាពប្រញាប់ប្រញាល់ ឬការឆ្លើយតបដោយអារម្មណ៍ទេ ប៉ុន្តែជាការគិតគូរយ៉ាងម៉ត់ចត់ ដើម្បី ការពារអធិបតេយ្យក្នុងពេលបច្ចុប្បន្ន និងចៀសវាងបំណុលច្បាប់នៅពេលអនាគត។ ក្នុងសតវត្សរ៍ទី២១ ប្រទេសដែលយឺតក្នុងការកត់ត្រា គឺប្រទេស ដែលអាចបាត់បង់សិទ្ធិរបស់ខ្លួនដោយខ្លួនឯង។

* ការតវ៉ា ជាការពារអនាគត មិនមែនត្រឹមតែការពារបច្ចុប្បន្ន

ប្រវត្តិសាស្ត្រ បានបង្ហាញយ៉ាងច្បាស់រួចមកហើយ យ៉ាងហោចណាស់ក៏ពីរលើក ដែរដីខ្មែរត្រូវបានថៃវាយដណ្តើយកដោយការប្រើ កម្លាំងហិង្សាខុសច្បាប់ ប៉ុន្តែថៃមិនអាចក្លាយជាម្ចាស់កម្មសិទ្ធិអចិន្ត្រៃយ៍បានឡើយ។ នៅពេលដែលច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោក វិលត្រឡប់មកដំណើរការវិញ ទឹកដីដែលត្រូវបានកាន់កាប់ដោយអំណាច និងទង្វើឆ្លៀតឱកាសត្រូវបានច្បាប់អន្តរជាតិ បង្ខំឱ្យ ប្រគល់ត្រឡប់មកឱ្យម្ចាស់ដើមវិញ។ នៅឆ្នាំ១៧៩៤ ប្រទេសឈ្លានពានកម្ពុជានេះ បានវាយដណ្តើមយកខេត្តបាត់ដំបង និងសៀមរាប រួមទាំងតំបន់អង្គរវត្ត ទៅគ្រប់គ្រងអស់រយៈពេលជាងមួយសតវត្សរ៍។ ទោះជាយ៉ាងណា នៅពេលប្រព័ន្ធអន្តរជាតិចាប់ផ្តើមមានការរៀបចំ និងការកំណត់ព្រំដែនជាផ្លូវការ ក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង, សៀមត្រូវបានច្បាប់ បង្ខំឱ្យប្រគល់ទឹកដីលួចពីខ្មែរទាំងនោះ មកឱ្យកម្ពុជាជាម្ខាស់ដើមវិញ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ ជាបន្តបន្ទាប់។

ក្រោយមកទៀត ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ចន្លោះឆ្នាំ១៩៤១ ដល់ ១៩៤៦ ដោយមានការឃុបឃិតជាមួយចក្រព័ត្រជប៉ុន, ថៃបានឆ្លៀតឱកាសយកខេត្តបាត់ដំបង និងសៀមរាប ត្រឡប់ទៅកាន់ការគ្រប់គ្រងរបស់ខ្លួនម្តងទៀត។ ប៉ុន្តែក្រោយសង្គ្រាមលោកបានបញ្ចប់នៅឆ្នាំ១៩៤៦ នៅពេលប្រព័ន្ធអន្តរជាតិ បានត្រឡប់មករកសណ្តាប់ធ្នាប់និងច្បាប់វិញ ដោយពិតប្រាកដ ថៃត្រូវបានរងសម្ពាធពីសហគមន៍អន្តរជាតិ បង្ខំឱ្យចុះកិច្ចព្រមព្រៀងប្រគល់ទឹកដីទាំងពីរនោះមកកម្ពុជាវិញ ដោយគ្មានលក្ខខណ្ឌ។

លំនាំប្រវត្តិសាស្ត្រទាំងនេះ បានបង្កើត មូលដ្ឋានច្បាប់ដ៏រឹងមាំ ដែលធ្វើឱ្យថៃ មិនអាចយកលេសសម័យសង្គ្រាម ឬការឆ្លៀតឱកាសនៃវិបត្តិវឹកវររបស់ពិភពលោក មកអះអាងលើទឹកដីអធិបតេយ្យរបស់កម្ពុជា បានទៀតឡើយ។ ទោះជាយ៉ាងណា នៅក្នុងសតវត្សរ៍ទី២១ ដែលកំពុងបាត់លំនឹង នៃប្រព័ន្ធសន្តិសុខនៃសណ្តាប់ ធ្នាប់សកលលោកនេះ ថៃបានឆ្លៀតឱកាសនេះទៀត បន្តប្រើប្រាស់វិធីសាស្ត្រវាយយកទឹកដី និងធ្វើកិច្ចការរៀបចំបង្កើតឱ្យមានឈុតឆាកនៅលើដីដែល លួចពីកម្ពុជា ដើម្បីធ្វើឱ្យ សាធារណពិភពលោក មើលឃើញថា វាជាទឹកដីរបស់ថៃ។

ក្នុងបរិបទនេះ ការតវ៉ាការទូតរបស់កម្ពុជា មិនមែនជាការបង្កជម្លោះ ឬការប្រកាសប្រឆាំងដូចអ្វីដែលប្រទេសថៃបានចោទប្រកាន់ឡើយ។ ផ្ទុយទៅវិញ វាជា ការបិទទ្វារយុទ្ធសាស្ត្រ មិនឲ្យថៃ ប្រើប្រាស់មេរៀនចាស់ៗនៃការបង្កើតភស្តុតាងលើដី (facts on the ground) ដើម្បីបំភ្លៃប្រវត្តិសាស្ត្រ និងអះអាងទឹកដីខ្មែរ ឲ្យក្លាយជារបស់ថៃម្តងទៀតឡើយ។

ក្នុងសេចក្តីសន្និដ្ឋាន៖ នៅពេលដែលការនាំមន្ត្រីអនុព័ន្ធបរទេសធ្វើ «ទស្សនកិច្ច» លើទឹកដីកម្ពុជានៅក្នុងខេត្តឧត្តរ មានជ័យ ត្រូវបានប្រើដើម្បីគោលបំណងទុច្ចរិតនេះ, ភាពស្ងៀមស្ងាត់របស់កម្ពុជា នឹងក្លាយជាការចូលរួមនៃផលប្រយោជន៍របស់ថៃ។ ហេតុដូច្នេះហើយ ក្រសួងការបរទេសកម្ពុជា មិនអាចស្ងៀមស្ងាត់បានឡើយចំពោះបញ្ហានេះ។ កំណត់ការទូតតវ៉ារបស់កម្ពុជា គឺជាការការពារទឹកដីកម្ពុជានាបច្ចុប្បន្ន និង អនាគត។ នៅក្នុងសតវត្សរ៍ទី២១នេះ ប្រវត្តិសាស្ត្រ មិនអាចត្រូវសរសេរឡើងវិញដោយការប្រើកម្លាំងហិង្សាវាយ ដណ្តើមយកទឹកដីប្រទេសណាមួយដែលជាសមាជិករបស់អង្គការសហប្រជាជាតិឡើយ។ អ្វីដែលថៃ បានប្លន់យកដោយអំពើហិង្សា និងការឆ្លៀតឱកាសនៃវិបត្តិពិភពលោកនេះ អាចកាន់កាប់បានជាបណ្តោះអាសន្នតែប៉ុណ្ណោះ ប៉ុន្តែមិនអាចក្លាយជាកម្មសិទ្ធិស្របច្បាប់បានឡើយ។

ទឹក ដីរបស់កម្ពុជា គង់នឹងប្រគល់មកឱ្យសាមីដើមកម្ពុជាវិញជាមិនខាន នៅពេលដែលប្រព័ន្ធ សន្តិសុខ និងយុត្តិធម៌ដ៏ពិតប្រាកដរបស់សកលលោក នឹងវិលត្រឡប់មកវិញ។ ការតវ៉ាផ្លូវទូតរបស់កម្ពុជា នៅថ្ងៃនេះ មិនមែនជាសំឡេងរុកគួនប្រឆាំងរដ្ឋណាមួយឡើយ ប៉ុន្តែជាការកំណត់បន្ទាត់ប្រវត្តិសាស្ត្រ ដើម្បីបញ្ជាក់ថា ដែនអធិបតេយ្យជាតិ មិនអាចបាត់បង់ ទទេៗដោយកម្លាំងហិង្សាខុសច្បាប់ ហើយតំបន់ក្នុងព្រំដែនខ្មែរ មិនអាចត្រូវបំភ្លៃថា ជាទឹកដី របស់ថៃតាមការបង្កើតស្ថានភាពជាក់ស្តែង ឬការធ្វើទស្សនកិច្ចណាមួយបានឡើយ៕