ស៊ីម៉ាក់ រកឃើញគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ១២០គ្រាប់ ដែលយោធាថៃ បាញ់ស្រោចមកលើទីតាំងស៉ីវិល ខេត្តបន្ទាយមានជ័យ
04-02-2026 17:29
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនទី១ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មន្ត្រីជំនាញស៉ីម៉ាក់ រកឃើញគ្រាប់បែកចង្កោមមិនទាន់ផ្ទុះចំនួន ១២០គ្រាប់ ដែលយោធាថៃ បាញ់ស្រោចមកលើទីតាំងភូមិឋាន ស៉ីវិលនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ត្រី នេត រដ្ឋា បានរៀបរាប់ថា ចាប់ពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៥ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ការរកឃើញគ្រាប់បែកចង្កោម ដែលផ្លោងដោយយោធាថៃ មកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺមានចំនួនច្រើន។ ប្រភេទគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ដែលនៅរាយប៉ាយនៅលើដីលំនៅឋាន ទីសាធារណៈ និងស្រែចម្ការរបស់ប្រជាពលរដ្ឋ ត្រូវបានបាញ់ និងបំបែកចេញពីគ្រាប់ប្រភេទ M46 និង M85។
លោកឧត្ដមសេនីយ៍ត្រី នេត រដ្ឋា បានបញ្ជាក់ថា៖ «កូនគ្រាប់បែកចង្កោមដែលរកឃើញមិនទាន់ផ្ទុះរាយប៉ាយនៅលើដីមានប្រមាណ ១២០គ្រាប់។ គ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះទាំងនេះ ត្រូវបានប្រមូលទុក ដោយការហ៊ុំព័ទ្ធខ្សែ និងដាក់សញ្ញាគ្រោះថ្នាក់ មុនសុំគោលការណ៍អនុញ្ញាតទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកម្ទេចចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលជាអ្នកភូមិ និងជាអ្នកប្រកបរបរធ្វើស្រែចម្ការ»។
បើតាមមន្ត្រីជំនាញរូបនេះ, ផលប៉ះពាល់នៃគ្រោះថ្នាក់ពីសំណល់សង្រ្គាមដែលបង្កឡើងដោយយោធាថៃនេះ មានទំហំធំធេងដោយសារតែឥទ្ធិពលនៃការផ្ទុះ និងអម្បែងរបស់វាខ្លាំងជាងគ្រាប់មីនទ្វេដង។ ខណៈចំនួនគ្រាប់ដែលមិនទាន់ផ្ទុះ និងធ្លាក់រាយប៉ាយ នៅតាមទីតាំងជាច្រើនទៀត ក៏មិនទន់រកឃើញនៅឡើយ។
ជាមួយនឹងសកម្មភាពរុករកគ្រាប់បែកចង្កោមដែលយោធាថៃ បាញ់ស្រោចមកលើទឹកដីកម្ពុជា ត្រូវបានលោកឧត្ដមសេនីយ៍ត្រី នេត រដ្ឋា អះអាងថាកម្លាំងជំនាញស៊ីម៉ាក់ បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃ ដោយខ្លះត្រូវបានបន្សាប ប៉ុន្តែមានគ្រាប់បែកចង្កោមខ្លះ មានការផ្ទុះខ្លាំងមិនអាចបន្សាប។
ជាមួយគ្នានេះដែរ មេគ្រាប់បែកចង្កោមជាច្រើនគ្រាប់ ក៏ត្រូវបានអាជ្ញាធរប្រទះឃើញក្នុងជម្រៅដីជិត២ម៉ែត្រនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ក្បែរស្ពានកំបុតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តាមផ្លូវពីបឹងត្រកួន ទៅប្រាសាទតាមាន់។
មេគ្រាប់បែកដ៏គ្រោះថ្នាក់នេះមានទំហំ ១៥៥មីលីម៉ែត្រ មានឈ្មោះ NR 269 ដែលជាមេគ្រាប់ (ម្ដាយគ្រាប់) ប្រភេទ M46 ផលិតនៅប្រទេសអ៉ីស្រាអែល។ គ្រាប់នេះត្រូវបានរកឃើញនៅចំណុចភូមិអូរកំបុត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាសំណល់ដែលបន្សល់ទុកដោយយោធាសៀមដែលបាញ់ចូលក្នុងទឹកដីកម្ពុជា ក្នុងសង្រ្គាមឈ្លានពានកាលពីខែធ្នូ ឆ្នាំ២០២៥ ហើយត្រូវក្រុមស្រាវជ្រាវចុះទៅពិនិត្យនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។
ខណៈមេគ្រាប់នេះមានមុខកាត់ ១៥៥មីលីម៉ែត្រ និងបណ្ដោយប្រហែល ៧០មីលីម៉ែត្រ។ នៅពេលដែលដំណើរការផ្ទុះ វានឹងបញ្ចេញកូនគ្រាប់ចំនួន ៤៩គ្រាប់ ចេញពីក្នុងខ្លួន។ ក្នុងចំណោមកូនគ្រាប់ទាំងនោះ ខ្លះអាចនឹងផ្ទុះនិងខ្លះទៀតមិនផ្ទុះ។ កូនគ្រាប់ដែលមិនទាន់ផ្ទុះនឹងក្លាយទៅជាមីន ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងប្រសិនបើមានមនុស្សដើរជាន់ ឬប៉ះពាល់ដោយអចេតនា។
មន្ត្រីស៊ីម៉ាក់ ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបកុំប៉ះពាល់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ។ ក្នុងករណី ប្រជាពលរដ្ឋជួបវត្ថុសង្ស័យនានា គឺកុំប៉ះពាល់ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរដែលនៅកៀកបំផុត។ ជាមួយគ្នានេះ ក៏បានរំឭកដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលបានវិលត្រឡប់ចូលលំនៅឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់យោធាឈ្លានពានថៃ ត្រូវប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការ៕





























