ជាងជួសជុលគ្រឿងអេឡិចត្រូនិចម្នាក់ ត្រូវភ្លើងឆេះស្លាប់ ដោយសារអគ្គិភ័យឆ្លងចរន្តអគ្គិសនី នៅខណ្ឌមានជ័យ

04-02-2026 17:37

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងនៅចំណុច ផ្ទះលេខស៊ី០៩ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សបុរសម្នាក់ ជាម្ចាស់ទីតាំងបានស្លាប់។

តាមរបាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា ម្ចាស់ទីតាំងឈ្មោះ ឡុង សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលគ្រឿងអេឡិចត្រូនិច។ មូលហេតុឆ្លងចរន្តអគ្គិសនី។ ប្រភេទសំណង់៖ ផ្ទះល្វែង ថ្មបេតុង ទំហំ ០៤ម៉ែត្រ គុណ១៦ម៉ែត្រ។

ក្នុងហេតុការណ៍នេះ ខូចខាតសម្ភារៈឆេះផ្ទះល្វែងជាន់ដីចំនួន១ល្វែង រួមមាន៖ ម៉ូតូចំនួន១គ្រឿង, ទូរទស្សន៍ចំនួន១គ្រឿង, ទូទឹកកកចំនួន១គ្រឿង និងសម្ភារៈគ្រឿងអេឡិចត្រូនិចខូចៗ មួយចំនួនទៀត។

បច្ចុប្បន្នសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម៕