គ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន រៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ «មហាកុដិ សម្ដេចវិបុលបញ្ញា សុខ អាន» ក្នុងវត្តសារាវ័នតេជោសម្រាប់ជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា (Video inside)

04-02-2026 18:09

(ភ្នំពេញ)៖ ក្រោមគំនិតផ្ដួចផ្ដើមដោយសទ្ធាជ្រះថ្លារបស់ មហាលក្ខណាភិរ័ក្ខរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តាន់ វិច ហុង និង លោកជំទាវ អាន្នី សម្ដេចវិបុលបញ្ញា សុខ អាន នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ «មហាកុដិ សម្ដេចវិបុលបញ្ញា សុខ អាន» ដើម្បីបម្រើជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា និងឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន។

ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ «មហាកុដិ សម្ដេចវិបុលបញ្ញា សុខ អាន» ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ អាន្នី សម្ដេចវិបុលបញ្ញា សុខ អាន។ ព្រមទាំងមានការនិមន្តចូលរួមពី សម្ដេចព្រះមហាសុមេធាធិបតី កិត្ដិឧទ្ទេសបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី, លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកស្រី, លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី ចៅប្រុសចៅស្រីរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលប្រារព្ធឡើងនៅបរិវេណវត្តសារាវ័នតេជោ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មហាកុដិដ៏ស្កឹមស្កៃនេះ ត្រូវបានផ្ដួចផ្ដើមកសាងឡើងដោយសទ្ធាជ្រះថ្លារបស់ មហាលក្ខណាភិរ័ក្ខរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តាន់ វិច ហុង និង លោកជំទាវ អាន្នី សម្ដេចវិបុលបញ្ញា សុខ អាន ព្រមទាំងបុត្រា បុត្រី និងចៅៗទាំងអស់ ដើម្បីទុកជាសមិទ្ធផលរូបវន្តដ៏ថ្លៃថ្លាក្នុងវិស័យព្រះពុទ្ធសាសនា និងឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន។

គួររំលឹកផងដែរថាវត្ត «សារាវ័នតេជោ» គឺជាអារាមព្រះពុទ្ធសាសនាដ៏ចំណាស់មួយ ដែលមានអាយុកាលប្រមាណ ៦០៣ ឆ្នាំមកហើយ គិតចាប់តាំងពីការកកើតឡើងក្នុងឆ្នាំ ១៤២២។ ឈ្មោះ «សារាវ័នតេជោ» នេះមានប្រភពមកពីពាក្យបាលីថា «សាលវ័ន» និងដើម្បីជាការរំលឹកដល់គុណូបការៈរបស់លោកឧកញ៉ាតេជោស្រីផងដែរ។ សមិទ្ធផលមហាកុដិថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដោយផ្តល់នូវទីសេនាសនៈដ៏សមរម្យ ប្រកបដោយសុវត្ថិភាព និងផាសុកភាព សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ការសិក្សារៀនសូត្រធម៌វិន័យ និងការបំពេញសាសនាកិច្ចផ្សេងៗ។ លើសពីនេះ ការកសាងនេះក៏ជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិរក្ស និងអភិវឌ្ឍតម្លៃប្រវត្តិសាស្ត្រដែលមានអាយុកាលជាង ៦រយឆ្នាំរបស់វត្តសារាវ័នតេជោ ឱ្យកាន់តែមានសោភ័ណភាព និងភាពរីកចម្រើន៕